ព័ត៌មានជាតិ

សង្ស័យតៃកុងងោកមួយភាំង បើករថយន្តសាំយ៉ុងដឹកផ្លែឈើពន្លះក្បាលព្រួញ ពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងជះផ្លែឈើរាយប៉ាយពេញផ្លូវ

ភ្នំពេញ: កាលពីវេលាម៉ោង ២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដាឆ្នាំ ២០២១ មានករណីបុរសម្នាក់បើករថយន្តសាំយ៉ុងដឹកផ្លែឈើ ១គ្រឿង សង្ស័យងោកមួយភាំងរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ជាច្រើនកង់ ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាងជះផ្លែឈើរាយប៉ាយពេញផ្លូវ សំណាងល្អអ្នកបើកបររងរបួសស្រាល ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចស្តុបបន្ទាយកងរាជអាវុធហត្ថផ្ទៃប្រទេស នៅតាមបណ្ដោយផ្លូវ ២៨៩ កែងនឹង ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តសាំយ៉ុងដឹកផ្លែឈើ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2O-9743 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចស្តុបបែកជាបួន កែងនឹងផ្លូវ ៥២៨ ចំណុចកើតហេតុខាងលើ សង្ស័យអ្នកបើកបរងោកមួយភាំង បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ២កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាងជះផ្លែឈើរាយលើផ្លូវសំណាងល្អអ្នកបើកបររបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់