ព័ត៌មានជាតិ

ឆក់ទូរស័ព្ទមិនសម្រេច សមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: ជនសង្ស័យ២នាក់ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទម៉ាក Samsung Grand ពីបុរសជាតន្ត្រីករម្នាក់មិកបានសម្រេច ខណ:ដែលម្ចាស់គេដឹងខ្លួនទាន់ស្រែកផ្អើលដល់សមត្ថកិច្ចកំពុងជិះម៉ូតូល្បាត ដេញចាប់ប្រផាប់ចាប់ប្រភីងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១និង១០នាទីយប់ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស មុខក្រុមហ៊ុនស៊ែលកាត ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលឃាត់ខ្លួនបានទី១. ឈ្មោះ សុខ វណ្ណារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់ជំពុះក្អែក ឃុំជំពុះក្អែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងទី២.ឈ្មោះ អាតោ អាយុ២០ឆ្នាំ ស្នាក់នៅច្រាំងបាក់មាតទន្លេ ខណ្ឌច្បារអំពៅ។ រីឯជនរងគ្រោះមានឈ្មោះ ញឹម សុផានិត អាយុ២២ឆ្នាំ មុខរបរជាតន្ត្រីករនៅហាងសុខា ១៦៨ ម្តុំកោះពេជ្រ។

បើតាមសម្ដីជនរងគ្រោះវិញបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាធូដេរ ពណ៌ស ពាក់ស្លាកភ្នំពេញ 1FL-0150 ដែលជិះឌុបគ្នាចេញពីលេងភ្លេងក្នុងកម្មវិធីនៅកោះពេជ្រ ដោយជិះមកតាមផ្លូវព្រះសីហនុ បំណងទៅលេងហាងមិត្តភក្តិនៅម្តុំផ្សារដើមថ្កូវ ហើយខណ:កំពុងតែជិះរូបគេបានដកទូរស័ព្ទមកនិយាយលុះមកដល់ចំណុចកើតហេតុខាងលើមុខក្រុមហ៊ុនស៊ែលកាត ក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1O-3951 បានជិះតាមមកពីក្រោយយ៉ាងលឿនមកកៀក និងម៉ូតូរបស់គាត់តែរូបគាត់ដឹងខ្លួនទាន់គាត់បានដាក់ទូរស័ព្ទមកកាន់នឹងដៃ រួចជសង្ស័យបានលួកដៃឆក់យកទូរស័ព្ទតែត្រូវរូបគេកន្ត្រាក់បានមកវិញភ្លាមនោះ រូបគេបានស្រែកចោរ ផ្អើលដល់សមត្ថកិច្ចកំពុងជិះល្បាតឃើញក៏បានប្រដេញម៉ូតូតាម។

ក្រោយមកជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌចម្ការមនដេញឃាត់បាននៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ បន្ទាប់ពីឃាត់រួចជនសង្ស័យទាំង២នាក់ ត្រូវបាននាំមកធ្វើការសាកសួរកសាងសំណុំរឿង រីឯជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងកេងកង១ ដើម្បីចាត់ការជនសង្ស័យតាមនិតិវិធីច្បាប់៕

ឆក់ទូរស័ព្ទ (1)

ឆក់ទូរស័ព្ទ (2)

ឆក់ទូរស័ព្ទ (3)

ឆក់ទូរស័ព្ទ (4)

មតិយោបល់