ភ្នំពេញៈ បង្គោលភ្លើងបំភ្លឺផ្លូវលើស្ពានជ្រោយចង្វារចាស់បានបាក់ទ្រេត ធ្លាក់អំពូលបែកពេញផ្លូវ ដោយសារតែរថយន្តស៊េរីទំនើបម៉ាកកាមរីហាយប្រ៊ីតបើកបរក្នុងល្បឿនលឿនបានរេចង្កូតបុកពេញទំហឹង រថយន្តវិលជាច្រើនជុំ បណ្តាលឲ្យរងការខូចខាត តែសំណាងល្អ អ្នកជិះក្នុងរថយន្ដ ឬអ្នកដំណើរមិនមានរងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាកកាមរីហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-2353 បើកក្នុងល្បឿនយ៉ាងលឿនឡើងលើស្ពានជ្រោយចង្វារចាស់ ទិសពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅខាងស្ដាំដៃ បុកបង្គោលភ្លើងបំភ្លឺផ្លូវលើស្ពានពេញទំហឹង បណ្តាលឲ្យទ្រេត ចំណែករថយន្តវិលជាច្រើនជុំដាច់កង់ខាងក្រោយ និងបង្ករងការខូចខាតស្ទើរទាំងស្រុង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ។
ប្រភពបានបន្តថា ក្រោយពីបង្កហេតុម្ចាស់រថយន្ដបានបើកទ្វាររថយន្ដហើយគេចខ្លួនបាត់ ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។
បន្តិចក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយបានសហការណ៍ជាមួយកម្លាំងជំនាញចុះមកធ្វើវាស់វែង និងស្ទូចយករថយន្តដែលខូចខាតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់