ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់សង្ស័យ មុខសញ្ញាចែកចាយថ្នាំញៀន

បាត់ដំបង: ជនសង្ស័យជាមុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀនម្នាក់ ត្រូវកម្លាំងការិយាល័យជំនាញ តាមប្រមាញ់ និងឃាត់ខ្លួន ពេលកំពុងធ្វើសកម្មភាព ជាក់ស្តែងនៅក្នុងមូលដ្ឋាន ដកហូតវត្ថុតាងថ្នាំញៀនម៉ាទឹកកក២៥កញ្ចប់ ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០ នាទីថ្ងៃត្រង់ នៅថ្ងៃទី ២៨ ខែសីហា  ឆ្នាំ២០១៦ ខណ:ដែលសមត្ថកិច្ចយើង ចុះទៅកាន់ទីតាំងភូមិកម្មករ  សង្កាត់ស្វាយប៉ោ  ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ត្រី ស៊ាន សុណាល់  នាយការិយាល័យ  នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត  បាននិយាយថា ក្រោយពីលោកបានទទួលនូវព័ត៌មាន ស្តីពីករណីជួញដូរគ្រឿងញៀន មួយដែលកំពុងធ្វើសកម្មភាពរួចមក លោកបានដាក់កម្លាំងជំនាញ ឲ្យចេញប្រតិបត្តិការ ដោយមានការសហការជាមួយកម្លាំងអន្តរាគមន៍ ប្រឆាំងបទល្មើស បានឃាត់ខ្លួនជនសង្ស័យបានម្នាក់  និងវត្ថុតាង ដើម្បីយកមកសាកសួរ ។

ជនសង្ស័យមានឈ្មោះ  វណ្ណ រ៉ានីហ្សា  ហៅលិ  ភេទប្រុស  អាយុ៣០ឆ្នាំ  រស់នៅ ភូមិរំចេក៤  សង្កាត់រតន:  ក្រុងបាត់ដំបង  ដោយសមត្ថកិច្ចបានធ្វើការដកហូត នូវគ្រឿងញៀនប្រភេទម៉ាទឹកកក២៥ កូនថង់  ស្មើនឹងទម្ងន់ ៥,១៧ ក្រាម ទូរស័ព្ទដៃ១គ្រឿង  នាឡិកាដៃ១គ្រឿង  កូនកាបូបដាក់លុយមួយ  និងប្រាក់រៀលចំនួន ៣៨៥០០ រៀល ផងដែរ ។

ក្រោយពេលធ្វើការសាកសួររួចមក  បើទោះបីជាមុខសញ្ញារូបនេះ មិនព្រមសារភាពឫ យ៉ាងណាក៏ដោយ  ក៏សមត្ថកិច្ចជំនាញបាន កំណត់មុខ សញ្ញាមួយនេះ យ៉ាងច្បាស់ ទៅហើយ  ដោយបានធ្វើការតាមដាន ដើម្បីតាមឃាត់ខ្លួន ខណ:ដែលមានឱកាស ។ បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំ ឯកសារដើម្បីបញ្ជូនខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងទៅកាន់សាលាដំបូង ចាត់ការតាមផ្លូវច្បាប់ ៕

ឃាត់ខ្លួនបុរសម្នាក់សង្ស័យ (1) ឃាត់ខ្លួនបុរសម្នាក់សង្ស័យ (2)

 

មតិយោបល់