(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកានេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,០៦២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក គិតចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ បានចាប់ផ្ដើមផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។
បើតាមក្រសួងសុខាភិបាលឡាវ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ១,០៥៣ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ០៩ករណីទៀត ជាករណីនាំចូល ខណៈ អ្នកជំងឺចំនួន ០៣នាក់ផ្សេងទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។
បច្ចុប្បន្ន ឡាវមានករណីឆ្លងជំងឺ COVID-19 សរុបនៅទាំងប្រទេសចំនួន ៤២,៨៩១ករណី ក្នុងនោះមានអ្នកស្លាប់ ៧៣នាក់៕
ប្រភព៖ CGTN
មតិយោបល់