ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្បីថា ពេជ្រ សោភា ចង់ចេញពីហង្សមាស?

បន្ទាប់ពីមានរឿងរ៉ាវឌឺដងផ្លែផ្កាមិន សប្បាយចិត្តដាក់គ្នារវាង ពេជ្រ សោភា និង អ្នកចម្រៀងថ្មីរួម ផលិតកម្មមក ថ្មីៗនេះយើងទទួលបានព័ត៌មាន ចចាមអារ៉ាមថា អ្នកចម្រៀង ពេជ្រ សោភា មានបំណងចង់ចាកចេញពីផលិតកម្ម ហង្សមាសទៅផលិតកម្មថ្មី ។ ជាក់ស្តែងនៅក្នុងខែធ្នូនេះ មានអ្នក ស្គាល់ ពេជ្រ សោភា បានឃើញនាងចូលទៅជួប ជាមួយម្ចាស់ផលិតកម្មពីរធំៗដូចជា ផលិតកម្មសាន់ដេ និង ថោន មិនដឹងថា ពេជ្រ សោភា ពិតជាចង់ចាកចេញពី ទ្រនំថ្មីដូចជា សុគន្ធ នីសា ឬយ៉ាងណានោះទេ ។

ព័ត៌មានខាងលើនេះស្របពេលដែលផលិតកម្មរស្មីហង្សមាស ទើបតែបញ្ចូលសមាជិក អ្នកចម្រៀងថ្មីៗជាច្រើនរូប ដូចជា ទេព បូព្រឹក្ស, លោក នៅ ស៊ីនឿន និង សូណូ ស្របពេល សុគន្ធ នីសា បានដើរចេញពីទីនោះទៅកន្លែងថ្មី ។ ខាងផលិតកម្មរស្មីហង្សមាសក្រៅពីបានបញ្ចោញតារា ចម្រៀងវ័យក្មេងថ្មីៗ ក៏ត្រៀមនឹងសម្ពោធទូរទស្សន៍ថ្មីមួយ នាដើមឆ្នាំ ២០១២ ខាងមុខ ។ ពេជ្រ សោភា បានចូលច្រៀងឱ្យផលិតកម្មរស្មីហង្សមាស អស់ពេលជិតដប់ឆ្នាំហើយ ។ បទចម្រៀងជាច្រើនរបស់នាងត្រូវបានទស្សនិកជនស្រឡាញ់គាំទ្រ មិនថាបទញាក់កន្ត្រាក់អារម្មណ៍ក៏ដូចជាបទ មនោសញ្ចោតនានាងខិតខំកសាងកេរ្តិ៍ឈ្មោះយ៉ាងលំបាក ទម្រាំតែមានបានដូចសព្វថ្ងៃនេះ ។

ទោះបីជាមានព័ត៌មានថា ពេជ្រ សោភា មានបំណងនឹងចាក ចេញទៅច្រៀងនៅផលិតកម្មថ្មីក៏ដោយ ក៏អ្នកចម្រៀង រូបនេះនៅតែលេចមុខនៅក្នុងផលិតកម្មរស្មីហង្សមាសដូចមុនដដែល ហើយបទ ចម្រៀងនាងជាច្រើនកំពុងចេញ លក់នៅលើទីផ្សារជាបន្តបន្ទាប់ ។ មាន អ្នកខ្លះនិយាយថា ពេជ្រ សោភា មិនទាន់ចាកចេញភ្លាមៗនោះទេ ដូច្នេះបទចម្រៀងរបស់នាងនៅក្នុងផលិតកម្មហង្សមាសនៅតែមានដូចដើម ប្រសិនបើការចរចាគ្នាត្រូវរ៉ូវគ្នា នាងនឹងចេញនៅពេលក្រោយ ។

ពេជ្រ សោភា មិនមានការភ្ញាក់ផ្អើលចំពោះព័ត៌មានថា នាង ចង់ចាកចេញពីផលិតកម្មហង្សមាសនោះទេ នាង ឆ្លើយប្រាប់ទាំងសម្តីរាក់ទាក់មកកាន់យើងថា “គេដាំខ្ញុំនៅកន្លែង ណា ខ្ញុំដុះនៅកន្លែងនោះ ពេលដែលមានស្លឹក និង ផ្លែ គឺនឹងជ្រុះនៅដើមឈើនោះដែរ ខ្ញុំមិនដែលមានបញ្ហា ឬ ទំនាស់ជាមួយក្រុមហ៊ុន នោះទេ ទំនាក់ទំនងខ្ញុំក៏ល្អ ហើយខ្ញុំ ខ្ពង់ខ្ពស់ក៏ដោយសារតែហង្សមាស ហេតុអ្វីខ្ញុំត្រូវចេញ ? អ្នកចម្រៀងថ្មីចូលមកច្រៀង ខ្ញុំមិនដែលចាប់ អារម្មណ៍ ដូចជាពេលដែល ឱក សុគន្ធកញ្ញា ចូល ខ្ញុំក៏មិនខ្វល់ ពេល ដែល សុគន្ធ នីសា ចូលមក ខ្ញុំក៏មិនអន់ចិត្ត ខ្ញុំគិតថា អ្នកចម្រៀងថ្មី ចូលកាន់តែច្រើន កាន់តែល្អសម្រាប់ក្រុមហ៊ុន ។ ខ្ញុំចាប់កំណើតនៅទីណា ខ្ញុំនឹងនៅទីនោះរហូត​ ដល់ថ្ងៃដែលខ្ញុំធ្វើមិនកើត ឬ គេឈប់ត្រូវការខ្ញុំ ។ ប្រសិនបើខ្ញុំឈប់ពីហង្សមាស លុះត្រាតែខ្ញុំឈប់ច្រៀង ប៉ុន្តែបើមាន ឱកាស ខ្ញុំនឹងធ្វើការងារឱ្យហង្សមាសដដែល” ៕ ឈាមត្រជាក់

មតិយោបល់