លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាថ្ងៃទី១៧ មករា លើសេចក្តីណែនាំមួយ ស្តីពីការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀត ណាម ដែលនិងចូលមកដល់នៅថ្ងៃទី២២ មករា ដ៏ខ្លីខាងមុខនេះ។
ក្នុងសេចក្តីណែនាំបានប្រកាសថា ដើម្បីរក្សា និងធានាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ មករា ឆ្នាំ២០១២ ខាងមុខ សាលារាជធានីភ្នំពេញ សូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ អង្គ ការ សមាគម បណ្តាក្រុមហ៊ុន និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ ៖
១-ហាមដាច់ខាត ៖
ក-មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ។
ខ-មិនឱ្យលេងល្បែងគ្រប់ប្រភេទ ដែលមានលក្ខណៈស៊ីសង។
គ-រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាម
ឃាត់។
២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្ន ក្នុងការអុជទៀន ធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដីដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។
៣-ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះ គ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
៤-ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្ត មានប្រសិទ្ធភាព។
៥-គ្រប់អង្គភាព សាលាខណ្ឌ-សង្កាត់ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ និយោជិត កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមាន ប្រសិទ្ធភាព។
៦-មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន វៀតណាម ដើម្បី ផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។
៧-ជនណាបំពានលើ សេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់សន្តិសុខ របៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕ដោយៈ ឈាមត្រជាក់
មតិយោបល់