ព័ត៌មានជាតិ

ថៃឃាត់ខ្លួនកម្មករខ្មែរ២៦នាក់ ក្នុងឧទ្យានជាតិកោះសាមិត

បាត់ដំបងៈជនជាតិខ្មែរចំនួន២៦នាក់ ដែលបានចូលទៅបម្រើការងារជាកម្មករសំណង់នៅក្នុងទឹកដីថៃ ត្រូវបានកម្លាំងជំនាញសហការជាមួយក្រុមតម្រួតថៃ ធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីនាំយកទៅសាកសួរ ខណៈពួកគេទាំងអស់គ្នា កំពុងធ្វើការសំណង់អគារមួយកន្លែង ក្នុងតំបន់ហាមឃាត់។

យោងតាមរបាយការណ៍ពីក្នុងប្រទេសថៃបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ លោក និត ច័ន្ទថៈដេត ប្រធានគ្រប់គ្រងតំបន់ឧទ្យានជាតិបានដឹកនាំកម្លាំងជំនាញ ដោយមានការសហការជាមួយ និងក្រុមតម្រួតថៃផងនោះ បានចុះទៅក្នុងទីតាំងរីសតមួយកន្លែង ដែលស្ថិតនៅលើកោះសាមិត ខេត្តរ៉ាក់យ៉ង ដោយបានឃាត់ខ្លួនជនជាតិខ្មែរចំនួន២៦នាក់ ខណៈពួកគេកំពុងស្នាក់ធ្វើជាកម្មករសំណងសាងសង់អគារដ៏ធំមួយក្នុងទីតាំង ស៊ិនវ័រ រីសត នៃឧទ្យានជាតិ ដែលជាតំបន់ហាមឃាត់ ដែលទីតាំងនេះ ត្រូវបានឲ្យជំនាញធ្វើការហាមឃាត់ម្តងរួចមកហើយកាលពីថ្ងៃទី២៥ ខែសីហា កន្លងទៅថ្មីៗនេះ។

ក្នុងចំណោមកម្មករទាំង២៦រូប កម្លាំងជំនាញបាននាំខ្លួន៣នាក់យកទៅសាកសួរ ដោយមានឈ្មោះ អ៊ុ ចន្ធូ ឈ្មោះ អត្យា សាំផាន់ និងឈ្មោះ សុប សុខ ដោយពួកគេបានសារភាពថា អ្នកទាំងអស់គ្នានេះ គឺត្រូវបានថៅកែរីសត ជួលឲ្យមកធ្វើការសាងសង់ ដោយបានប្រាក់កម្រៃម្នាក់ៗ ចាប់ពី៣០០បាត ដល់៤២០បាតក្នុងមួយថ្ងៃ ហើយពួកគេទាំងអស់គ្នា បានចូលមកចំនួន១៥ថ្ងៃហើយ។

ក្នុងនោះដែរ ទាំងក្រុមជំនាញអភិរក្ស ក៏ដូចជាក្រុមតម្រួត បានធ្វើការចោទប្រកាន់ទៅលើទង្វើទាំងអស់នេះថា ខុសនឹងច្បាប់ចំនួន៤ចំណុច ហើយគេនឹងហៅថៅកែរីសត ឲ្យចូលខ្លួនទៅបំភ្លឺនៅចំពោះមុខច្បាប់ ចំណែកចំណុចដែលពាក់ព័ន្ធនឹងផ្លូវច្បាប់នោះ គឺ១-ការរុករានទន្ទ្រានដីរដ្ឋ ឬដុតបំផ្លាញព្រៃ គឺខុសត្រង់មាត្រា១៦ចំណុច១ នៃច្បាប់ស្តីពីការអភិរក្សតំបន់ឧទ្យានជាតិ ទាំងនៅក្នុងខេត្តរ៉ាក់យ៉ង ក៏ដូចជានៅខេត្តស្រះកែវ និងក៏ដូចជា នៅទូទាំងប្រទេសថៃដែរ ២-ប៉ះពាល់ដល់ ដី ថ្ម គ្រួស ឬខ្សាច់ ក្នុងតំបន់ ហាមឃាត់ គឺត្រង់មាត្រា១៦ ចំណុច៤នៃច្បាប់អភិរក្ស ៣-ចូលរុករានក្នុងតំបន់ទេសចរណ៍ ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត គឺពាក់ព័ន្ធនឹង មាត្រា១៦ ចំណុច១៣ និង៤-កសាងសំណង់រឹង ឬដុតបំផ្លាញព្រៃ ឬធ្វើអ្វីផ្សេងទៀត ពាក់ព័ន្ធនឹងការបំផ្លាញព្រៃ ត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់។ រហូតមកទល់នឹងពេលនេះ កម្មករខ្មែរទាំង២៦នាក់ ពុំទាន់ត្រូវបានដោះលែងនៅឡើយទេ៕

ថៃចាប់ខ្មែរ (1)

មតិយោបល់