ព័ត៌មានជាតិ

មន្ទីរបញ្ចកោណធានាអះអាង​ចំពោះ​​ ដៃគូ​បើទោះ​ជាមាន​ការ​កាត់​បន្ថយ​កងទ័ព

កាលពី​ថ្ងៃសុក្រ​​សប្តាហ៍​មុន ក្រុម​មេដឹកនាំ​យោធា​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ពួកគេ​បាន​ចាប់ផ្តើម​ការរៀបចំ​​សម្រាប់​កងទ័ព​​ថ្មី​និង​ប្រសិទ្ធភាព​ជាងមុន ខណៈពេល​ដែល​​​ទីក្រុង វ៉ាស៊ីនតោន (Washington) ត្រៀម​​កាត់​បន្ថយ​ថវិការក្នុង​វិស័យ​ការការពារ​ជាតិ។

អង្គភាព​​យោធា​ ​​​ដែល​ទទួលរង​ការទង្គិច​​​ធ្ងន់ធ្ងរ​បំផុត គឺ​កងទ័ព​សហរដ្ឋអាមេរិក ដែល ​​ប្រឈម​មុខ​​នឹង​​ការកាត់បន្ថយ​កងទ័ព​​ថ្មើ​រជើង​​​ចំនួន​ជាង​៧ម៉ឺន​​នាក់ និង​ការដក​​កងពលតូច​ចំនួន​ពីរ ចេញ​​ពី​មូលដ្ឋាន​ដ៏យូរលង់​នៅ​​ទ្វីប​អឺរ៉ុប។

លោក ឧត្តមសេនីយ៍ រ៉េយ អូឌីអឺណូ (Ray Odierno) មេបញ្ជាការ​​កងទ័ព បាន​ថ្លែង​​ទៅកាន់​​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃសុក្រ ​មួយថ្ងៃ​​បន្ទាប់ពី​ លោក ឡេអុន ប៉ានីតតា (Leon Panetta) រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ បាន​ប្រកាស​អំពី​ការ​កាត់បន្ថយនេះ។

«យើង​បង្កើន​ចំនួន​កងទ័ព ដើម្បី​បំពេញ​​តាម​ការប្តេជ្ញា​ចិត្ត​របស់​យើង​នៅក្នុង​ប្រទេស អ៊ីរ៉ាក់ (Iraq) និង​អាហ្វហ្គានីស្ថាន (Afghanistan)។ ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ ដោយ​ហេតុថា​ ជា​ការ​ពិត យើង​បាន​បញ្ចប់​កិច្ចការ​​នៅ​អ៊ីរ៉ាក់។ ​ការប្តេជ្ញា​ចិត្ត​​របស់​យើង​​ ត្រូវ​​កាត់​បន្ថយ​នៅ អាហ្វហ្គានីស្ថាន​វិញ​ម្តង ដែល​ឥឡូវនេះ​ យើង​អាច​ធ្វើ​​កិច្ចការ​នេះ​បាន។ ខ្ញុំ​មិន​ឃើញ​មាន​​​ការ​​កាត់​បន្ថយ​នៅ​ឡើយ ដោយសារ​​​យើង​កំពុង​​ទទួល​បន្ទុក​ទៅលើ​ប្រទេស​នេះ​។ ខ្ញុំ​ចង់​និយាយ​ថា យើង​កំពុង​ធ្វើការ​កែ​សម្រួល ដោយ​យោង​ទៅ​លើ​អ្វី​ដែល​យើង​​បាន​​ចាត់ទុក​រឿងរ៉ាវ​​នៅទីនោះ​​ ថាជា​ការគំរាម​កំហែង​ប្រកប​ដោយ​សក្តានុពល»។

លោក ឧត្តមសេនីយ៍ អូឌីអឺណូ (Odierno) និយាយ​ថា កងទ័ព​សហរដ្ឋ​អាមេរិក នៅ​តែ​ប្តេជ្ញា​​ចិត្ត​ចំពោះ​ដៃគូ​របស់​ខ្លួន​នៅជុំវិញ​ពិភពលោក ដែល​រួមទាំង​ប្រទេស​ទាំងឡាយ​នៅ​ទ្វីបអឺរ៉ុប ដែល​ នៅទីនោះ​ សហរដ្ឋ​អាមេរិក​ រំពឹង​ថា​នឹង​បង្កើន​ល្បឿនចំពោះ​អ្វី​ដែល​​ហៅ​ថាជា​​ការ​កាត់បន្ថយ​ កងកម្លាំង​ជាបន្តបន្ទាប់ ​នៅប្រទេស អាល្លឺម៉ង់ (Germany) និង​នៅ​កន្លែង​ផ្សេង​ទៀត​ ចាប់​តាំង​ពី​​ការបញ្ចប់​សង្រ្គាម​ត្រជាក់​មក។ យោងតាម​កិច្ច​ព្រមព្រៀង​របស់​អង្គការ​ណាតូ (NATO) សហរដ្ឋ​អាមេរិក​មានកាតព្វកិច្ច​​​ជួយ​ការពារ​ប្រទេស​ទាំងឡាយ​​នៅ​​​អឺរ៉ុប ក្នុង​ករណី​មាន​​ការវាយប្រហារ។ លោក ម៉ៃឃើល អូហានឡុន (Michael O’Hanlon) អ្នក​វិភាគ​ផ្នែក​​សន្តិសុខ​​នៃ​វិទ្យាស្ថាន ប្រ៊ូកឃីងស៍ (Brookings Institution) នៅ ​ទីក្រុង វ៉ាស៊ីនតោន ថ្លែង​​ថា យុទ្ធសាស្រ្ត​ថ្មី​របស់​សហរដ្ឋ​អាមេរិក ​ហាក់ដូចជា​មិនជំទាស់​​ទៅនឹង​កិច្ចព្រមព្រៀង​នោះ​ទេ។

«​អឺរ៉ុប ​មិនស្ថិត​នៅក្រោម​ការគំរាមកំហែង​ទេ នៅ​តាម​ផ្នែក​ជាច្រើន។ យើង​បាន​កាត់​បន្ថយ​កម្លាំង​​​យ៉ាង​ច្រើន​នៅ​អឺរ៉ុប។ អឺរ៉ុប ​នឹង​មិនទទួល​ការគំរាម​កំហែង​ពីសំណាក់​នរណា​​ម្នាក់​ឡើយ​ ហើយទ្វីប​នេះ ​មាន​កងទ័ព​​ល្អៗ​​​របស់​​ខ្លួនជាច្រើន​​ដែរ»។

សហរដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​​ថា ឆន្ទៈ​យោធា​របស់​ខ្លួន ​នឹង​​នៅ​តែ​​ប្តេជ្ញាចិត្ត​ចំពោះ​ដៃគូ​ទាំងឡាយ​របស់​ខ្លួន នៅលើ​ពិភពលោក ប៉ុន្តែ ការប្តេជ្ញាចិត្ត​ទាំងនោះ​ នឹង​មានភាព​ផ្សេងគ្នា​​ចាប់​តាំង​ពីពេល ដែល​សហរដ្ឋ​អាមេរិក បាន​​រក្សាទុក​​មូលដ្ឋាន​​ធំៗ​ទាំងឡាយ ដើម្បី​ការពារទ្វីប​អឺរ៉ុប​ខាងលិច​ពី​​ការគំរាម​កំហែង​របស់​ ​សូវៀត (Soviet)។

ឥឡូវនេះ​ ការផ្តោត​ការយកចិត្ត​ទុកដាក់​របស់​កងទ័ព​សហរដ្ឋ​អាមេរិក បាន​ងាក​ទៅរក​​តំបន់​ប៉ាស៊ីហ្វិក (Pacific)វិញ ដែល​កំពុង​​ប្រឈម​ទៅ​​នឹង​​ការកើនឡើង​របស់​ប្រទេស​ចិន (China) ខណៈពេល​ដែល​ខ្លួន​ត្រូវ​​ត្រៀម​​កម្លាំង ​ដើម្បី​ទប់ទល់​ជាមួយ​នឹង​​ការគំរាមកំហែង​ទាំងឡាយ​នៅ​​តំបន់​មជ្ឈិម​បូព៌ា (Middle East)។

ក្រុម​មន្រ្តី ថ្លែង​​ថា ការកាត់បន្ថយ​កងទ័ព​ជើងគោក​ មាន​ភាព​ស្រប​គ្នា​​ជាមួយនឹង​យុទ្ធសាស្រ្ត​ថ្មី​​ ស្តីពី​​ការ​ឈប់​​​ពាក់ព័ន្ធ​​ជាមួយ​​គម្រោងស្ថិរភាពយូរអង្វែង​ទាំងឡាយ។ លោក ឧត្តមសេនីយ៍ អូឌីអឺណូ (Odierno) និយាយ​ថា ការកែប្រែ​ទំហំ​កងទ័ព នឹង​ចូលរួម​ក្នុង​គម្រោង​​​ស្ថិរភាព​រយៈពេល​ខ្លី​ ព្រមទាំង​​​វិនិយោគ​ទៅ​លើ​កងកម្លាំង​ប្រតិបត្តិការ​ពិសេស ដែល​អាច​​​​ធ្វើ​ឲ្យ​​​​បេសកកម្ម​​​​សម្រេច​​បាន​យ៉ាង​ឆាប់​រហ័ស និង​ច្បាស់លាស់​បំផុត​ ដែល​​មាន​លក្ខណៈ​ដូច​ទៅ​នឹង​​ប្រតិបត្តិការមួយ ដែល​​បាន​ចាប់ខ្លួន​និងសម្លាប់ អូសាម៉ា ប៊ីនឡាដិន (Osama Bin Laden)។

នៅ​ក្នុង​​សេចក្តី​​ថ្លែងការណ៍​សង្ខេប ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ឧត្តមសេនីយ៍ អូឌីអឺណូ (Odierno) បាននិយាយ​ថា កងទ័ព​ ក៏​នឹង​​វិនិយោគ​ទៅ​លើ​​ប្រតិបត្តិការ​​ទ្រង់ទ្រាយ​តូច​និង​ចំណាយ​តិច​ នៅ​​ទ្វីប​អាហ្រ្វិក (Africa) និង​​អាមេរិក​ឡាទីន (Latin America)​ជាដើម។

«វា​​ជា​ការ​និយាយ​​អំពី​ការបន្ត​ចូលរួម និង​បន្ត​កសាង​សមត្ថភាព​ដៃគូ​​និង​កសាង​ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​ ទាំងឡាយ នៅក្នុង​ប្រទេស​ទាំងអស់​នោះ។ យើង​អាច​ធ្វើ​បែបនេះ​ តាម​វិធី ច្រើន​យ៉ាង។ ​ដំបូង យើង​អាច​អនុវត្ត​បែបនេះ​​​ជាមួយនឹង​កងកម្លាំង​ប្រតិបត្តិការ​ពិសេស។ យើង​អាច​អនុវត្ត​​ជាមួយ​នឹង​​កងកម្លាំង​ពិសេស​ មាន​ដូចជា​ក្រុម​វិស្វករ​និង​សុខាភិបាល​ជាដើម។ យើង​អាច​​អនុវត្ត​​ជាមួយកងកម្លាំង​អាកាសចរ។ ពួកគេ ​នឹង​ក្លាយ​ជា​កងកម្លាំង​ជំនាញ ដែល​នឹង​អាចជួយ​កងទ័ព​ក្នុងការ​កសាង​សមត្ថភាព​ដែល​ពួកគេ​​មិន​​ទាន់​​មាន»។

នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក មន្ទីរ​​បញ្ចកោណ មានផែនការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូជាច្រើន មាន​​ដូចជា​ប្រទេស ហ្វីលីពីន (Philippine)។ កាល​​ពី​ពេល​ថ្មីៗ​នេះ ក្រុម​មន្រ្តី​​យោធា​​របស់​​សហរដ្ឋ​អាមេរិក​ និងហ្វីលីពីន បាន​ជួប​ពិភាក្សា​គ្នា​អំពី​ការពង្រីក​សមយុទ្ធ​និងការផ្លាស់ប្តូរ ព្រមទាំង​​ការបង្កើន​ចំនួន​នៃ​ការ​​ធ្វើ​​ទស្សនកិច្ច​របស់​នាវា​​កងទ័ព​ ជើងទឹក​របស់​សហរដ្ឋ​អាមេរិក។ ប្រទេស​ទាំងពីរ ​មិនបាន​ពិភាក្សា​អំពី​ការវិលត្រឡប់​ណាមួយ របស់​​កងទ័ព​សហរដ្ឋ​អាមេរិក ​ទៅកាន់​មូលដ្ឋាន​ទាំងឡាយ​នៅលើ​កោះ​នោះ​វិញ​ទេ។

សហរដ្ឋ​អាមេរិក​ បាន​ដក​កងទ័ព​ចេញពី​មូលដ្ឋាន ដែល​ត្រូវបាន​បង្កើតឡើង​​ជា​យូរមកហើយ ​នៅ​ហ្វីលីពិន កាលពី​ពីរ​ទសវត្សរ៍​មុន៕

ប្រភព​​ Voanews

ប្រែសម្រួលដោយ ឌី​ ខាំបូលី

មតិយោបល់