ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខចោរប្លន់ បីនាក់

លោក​វរសេនីយ៍ទោ ជួន ណារិន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១២ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​មាត់​ជនសង្ស័យ​ចំនួន​បីនាក់ និង​អាវុធខ្លី​ចំនួន​បី​ដើម ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​ករណី​មនុស្សឃាត​ដោយ​ចេតនា ចំនួន​ដប់​លើក នៅ​រាជធានី​ភ្នំពេញ​។

លោក ជួន ណារិន ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានមាន ប្រសាសន៍ថា ដោយ មានការ ដឹកនាំនិងចង្អុលបង្ហាញ ពីនាយឧត្ដម សេនីយ៍អគ្គស្នង ការនគរបាលជាតិ នេត សាវឿន ,លោកឧត្ដមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ គណៈ បញ្ជាការឯកភាពរាជ ធានីភ្នំពេញ ដោយមាន ការ ដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ស្នង ការរង និង មានការសម្របសម្រួលពី លោក សុខ រឿន ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឱ្យ កម្លាំងក្រោមឱវាទ ទាំង អស់ ខិតខំរហូត ឈានចាប់ខ្លួនជនសង្ស័យបាន៣នាក់នេះ និង ដកហូតបានវត្ថុតាង គឺអាវុធខ្លីចំនួន ៣ដើម ក្នុងនោះ២ដើមម៉ាក កា៥៤ និង១ដើម ម៉ាក រ៉ូឡូ ដែលជនទាំងនោះយកទៅភ្ជង់បាញ់ទៅ លើប្រជា ពលរដ្ឋស្លូត ត្រង់ នៅតាមដងផ្លូវ សាធារណៈយ៉ាងសាហាវព្រៃផ្សៃបំផុត ដើម្បី ប្លន់យកទ្រព្យសម្បត្ដិ ។ ជនទាំង នេះមាន ៖ ទី១-ឈ្មោះ គង់ សុវណ្ណារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរមិនពិត ប្រាកដ (ធ្លាប់ ជាប់ពន្ធនាគារ) រស់នៅ ផ្ទះលេខ៥០ ផ្លូវព្រះ នរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទី២-ឈ្មោះ ពុំ រ៉ៃយ៉ា ភេទ ប្រុស អាយុ២៤ ឆ្នាំមានមុខរបរមិនពិត ប្រាកដ (ធ្លាប់ជាប់ពន្ធនាគារ) រស់នៅផ្ទះគ្មាន លេខផ្លូវលេខ២៧១ សង្កាត់ ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ ទី៣-ឈ្មោះ ផាន់ សេរីវុធ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរ មិនពិត ប្រាកដ រស់នៅផ្ទះលេខ៩៤ ផ្លូវលេខ ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

​ករណី​ទី​១ ៖ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១១ វេលា​ម៉ោង ២ និង ៣០ នាទី​រសៀល នៅ​ចំណុច​ជាប់​របង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ផ្លូវ​លេខ​១៧២ ក្រុម​៥៣ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​ហិង្សា​មាន​អាវុធ​) យក​ម៉ូតូ​ម៉ាក Honda Scoopy ពណ៌​ខ្មៅ​លាយ​លឿងខ្ចី ពាក​ស្លាក ភ្នំពេញ 1AV-9314 និង​សម្ភារៈ​។ ករណីនេះ ជនរងគ្រោះ​ឈ្មោះ ហម សាំង​ហេង ស្នាក់​នៅផ្ទះ​លេខ​១ ផ្លូវ​នរោត្តម ទន្លេបាសាក់ ខណ្ឌចំការមន ជា​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​។

​ករណី​ទី​២ ៖ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​ហិង្សា​មាន​អាវុធ​) យក​អាយ​ផេ​ត (iPad)​ ទូរស័ព្ទដៃ​ម៉ាក LG ស៊ីម​ពីរ និង​កាបូប​យួរដៃ​ពណ៌​ស កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១២ វេលា​ម៉ោង ១៦ និង ៣០​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​១៩ ផ្លូវ​លេខ​៤២៦ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ដែលមាន​ជនរងគ្រោះ​ឈ្មោះ នង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៥៩ ផ្លូវ​លេខ​១៦៣ ភូមិ​៩ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ជា​យោធា​។​

​ ករណី​ទី​៣ ៖ កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១២ វេលា​ម៉ោង ២១ នៅត្រង់ចំណុច​ក្នុងផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​៤២៦ ក្រុម​១៩ ភូមិ​៣ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​ហិង្សា​មាន​អាវុធ​) យក​ទូរស័ព្ទដៃ និង​ខ្សែក ពី​ជនរងគ្រោះ​ឈ្មោះ យ៉ែម ដា​រ៉ា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤៥ ផ្លូវ​៤២៦ ក្រុម​១៩ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន មុខរបរ​អ៊ុតសក់​។​

​ករណី​ ទី​៤ ៖ កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១២ វេលា​ម៉ោង ២២ នៅត្រង់ចំណុច​ខ្លោងទ្វារ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ផ្លូវ​សុធារស ភូមិ​១ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន​ករណី​មនុស្សឃាត​ដោយ​ចេតនា (​មិន​សម្រេច​) ប្រើ​អាវុធ មកលើ​ជនរងគ្រោះ​ឈ្មោះ យ័ន ប៊ុនធឿន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ១GAI២ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរ​នៅផ្ទះ​។

ជាចុងបញ្ចប់លោក ជួន ណារិន បានសូម អំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ដែលបាន​តាមដាន តាមកញ្ចក់ ទូរទស្សន៍ ឬតាមសារព័ត៌ មានប្រសិនបើឃើញហើយស្គាល់ថា ជនទាំង នេះធ្លាប់ធ្វើ សកម្មភាពមកលើខ្លួន សូមប្រញាប់ មកទំនាក់ទំនងនៅ​អង្គភាព​របស់លោក ដើម្បី ដាក់ពាក្យបណ្ដឹង ទៅលើជនទាំងអស់នេះឱ្យ ច្បាប់ រកយុត្ដិធម៌ជូន ក្នុងនោះដែរ លោក បានអំពាវនាវ ដល់អណាព្យាបាលទាំងអស់ សូមជួយតាមដានកូន ចៅរបស់ខ្លួនផង អំពី សកម្មភាពរបស់គេ ពីព្រោះបច្ចុប្បន្ននេះបង្ក្រាប បានភាគ​ច្រើន​ជាយុវវ័យតែម្ដង ហើយក៏ ដើម្បីឱ្យមូលដ្ឋាន របស់យើងមានសុវត្ថិភាព ទាំងអស់គ្នា ៕

 

មតិយោបល់