ព័ត៌មានជាតិ

បើកម៉ូតូលឿនពេកជ្រុលទៅបុកជាមួយនឹងរថយន្តបណ្តាលឲ្យយុវជន២នាក់ស្លាប់

ព្រៃវែងៈ យុវជន២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីពួកគេបានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើត១១យប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៤៨ -៤៩ ភូមិ គ.គរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ដែលស្លាប់ខាងលើនេះ ទី១មានឈ្មោះ យី ធាន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង (ជាអ្នកឌុប) និងម្នាក់ទៀត មានឈ្មោះ ហេន ហុក ភេទប្រុស អាយុ២៤ឆ្នាំ
នៅភូម – ឃុំជាមួយគ្នា។ ចំណែករថយន្តបង្ករត់បាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក ហុងដាសេ១២៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-6478 ជិះឌុបគ្នាដោយយុវជន២នាក់ ក្នុងទិសដៅពីលិចមកកើត ដោយល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ លុះបានមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកជាមួយនឹង រថយន្តគ្រឿងទៀតមិនចាំម៉ាក ដែលកំពុងធ្វើដំណើរស្របទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២នាក់ ដួលបោកក្បាលស្លាប់នៅនឹងកន្លែង ចំណែករថយន្តបានបន្តល្បឿនបើកគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះទាំង២នាក់ រួមនិងម៉ូតូ ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្តខាងលើសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ដើម្បីយកមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

jorajorjorajorjorajorjorajor

មតិយោបល់