សល់តែ ២ ខែជាងតែប៉ុណ្ណោះ យើងនឹងឈានចូលដល់ថ្ងៃមួយ ក្នុងមួយឆ្នាំមានតែម្តង នោះគឺ បុណ្យចូលឆ្នាំខ្មែរ ។
នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរមានការរៀបចំដូចតទៅ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្ដទៅមានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៣ ១៤ ឬ ១៥ ក្នុងខែ មេសា ព្រោះជារដូវកាលមួយដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសំភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ នៅពេលចូលដល់ថ្ងៃទី ១ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា ថ្ងៃមហាសង្រ្កាន ។ នៅពេលនោះប្រជាពលរដ្ឋខ្មែរទាំងអស់បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលំអរទៅដោយភ្លើងចំរុះពណ៍ផ្សេងៗនៅតាមផ្ទះរបស់ពួកគេ។ នៅក្នុងការរៀបចំគ្រឿងរណ្ដាប់មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា ទៀន៥ ធូប៥ ផ្កាភ្ញី ភេសជ្ជៈ និង នំចំនី ផ្លែឈើជាច្រើន ល ។ បន្ទាប់ពីនោះពួកគេនិងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមបណ្ដាគេហដ្ឋាននានារបស់ប្រជាជន នៅពេលដល់ពេលវេលាមួយ កំណត់ថានិងមានទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។ នៅពេលចូលថ្ងៃទី២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា ថ្ងៃវារៈវនបតប្រជាជនបាននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ ។ លើសពីនេះទៅទៀតក៏មានការ រៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង ….និងមានការ ច្រៀង រាំនូវបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា ។ នៅថ្ងៃ ទី៣ ជាថ្ងៃបញ្ចប់ ដែលគេហៅថា ថ្ងៃវារៈឡើងស័ក ឬ ថ្ងៃឆ្លង ។ នៅក្នុងថ្ងៃនោះដែរ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធរូប នៅតាមវត្ដអារាម ដើម្បី សុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ ៕
ប្រភព៖ Wikipedia
មតិយោបល់