ព័ត៌មានជាតិ

សូម​ត្រឹម​ជា​មិត្ត

សួស្តីប្រិយមិត្ត និងមិត្តអ្នកអានទាំងអស់ ថ្ងៃនេះខ្ញុំសូមបង្ហើបនូវរឿងរ៉ាវមួយដែលទាក់នងនឹងស្នេហា​របស់ខ្ញុំខ្លះៗ។

ថ្ងៃមួយខ្ញុំបានស្គាល់នារីម្នាក់តាមរយៈមិត្តភ័ក្តិរបស់ខ្ញុំ នាងមិនមែនជានារីដែលស្រស់ស្អាតណាស់ណា​នោះទេ ប៉ុន្តែ​មើល​ទៅ​សមរម្យ​។ ប៉ុន្មាន​ថ្ងៃ​ក្រោ​យមក​ ខ្ញុំបានជួបនាងម្តងទៀត ដោយសារតែសង្សា​របស់​មិត្តភ័ក្តិ​ខ្ញុំ​ឧស្សាហ៍​នាំ​នាង​មក​ជា​មួយ​​នៅ​​ពេល​​ដែល​​ចេញ​​មក​​ញ៉ាំ​អ្វី​​នៅ​​ខាង​​ក្រៅ។

Friends-forever

មានថ្ងៃមួយសង្សារបស់មិត្តខ្ញុំនាងបានខ្ចីទូរស័ព្ទរបស់ខ្ញុំ Call ទៅកាន់នារីម្នាក់នោះ ដើម្បីបបួលមកញុំស៊ុបទាំងអស់គ្នា។ ក្រោយ​ពី​បាន​ជួប​នាងជាច្រើនលើក ខ្ញុំហាក់មានអារម្មណ៍ថាស្រឡាញ់នាង ពេលនោះខ្ញុំបាន Check រកមើលលេខទូរស័ព្ទរបស់នាង ដែល​សង្សា​មិត្ត​ភ័ក្តិ​របស់ខ្ញុំបាន​យក Call ទៅ។ ជាដំបូងខ្ញុំមិនហ៊ាន Call ទៅនោះទេ ព្រោះមានអារម្មណ៍ថាខ្លាច ដូច្នេះក៏ផ្ញើសារសួរនាំ ពេល​នោះ​នាង​បាន​ឆ្លើយ​តបមកវិញ ព្រមទាំងសួរថា ខ្ញុំជានរណា? ពេលនោះខ្ញុំបានឆ្លើយទៅវិញថា បើចង់ដឹង ឲ្យខ្ញុំ Call ទៅ​បាន​ទេ? នាងក៏ព្រម ហើយ​យើងទាំងពីរនាក់ក៏ជជែកគ្នារហូតដល់ចូលដេក។ អស់រយៈពេលប្រហែលជាមួយខែ ទើប​ខ្ញុំ​ហ៊ាន​បបួល​នាង​ទៅ​ញ៉ាំ​អីតែ​ពីរ​នាក់ ​ប៉ុន្តែ​ពេល​ដែលខ្ញុំបបួល​នោះនាងមិនបានយល់ព្រមភ្លាមទេ ប្រាប់ថាចាំគិតសិន ជិតដល់ថ្ងៃ ចាំប្រាប់ ព្រោះថាថ្ងៃដែលខ្ញុំបបួល​នោះ​គឺជា​ថ្ងៃ​សិទ្ធិ​នារីអន្តរជាតិ។ មុនថ្ងៃ ៨ មីនាមួយថ្ងៃនាងបាន Call មកប្រាប់ថា នាងព្រមទៅ ប៉ុន្តែមិនអាចនៅបានយូរនោះទេ ព្រោះ​ថា​អ្នក​ផ្ទះ​មិន​ឲ្យ​ដើរយប់។

យូរៗទៅនាងដឹងថាខ្ញុំស្រឡាញ់នាង ហើយខ្ញុំក៏ដឹងថានាងក៏មានចិត្តលើរូបខ្ញុំខ្លះដែរ។ ប្រហែលជាមួយឆ្នាំក្រោយមក អំឡុង​ពេល​ដែល​យើង​កំពុង​ស្រឡាញ់គ្នា មានថ្ងៃមួយនាងបានសួរខ្ញុំថា បើមានគេចូលស្តីដណ្ដឹងនាង តើខ្ញុំគិតយ៉ាងមិញ? ពេល​នោះ​ខ្ញុំ​មិន​បាន​និយាយ​អ្វីទាំងអស់ គ្រាន់តែមើលមុខនាង ហើយបែរមុខចេញ។ ក្រោយពេលនាងសួរខ្ញុំមួយខែក៏មានគេចូលស្តីដណ្ដឹងនាងពិតមែន ប៉ុន្តែ​នាង​មិន​ទាន់​យល់​ព្រមនោះទេ ដោយនាងចាំសួរយោបល់ពីខ្ញុំ។ ពេលនោះយើងទាំងពីរនាក់បានជួបគ្នា​ ព្រម​ទាំង​និយាយ​ពី​រឿង​ដែល​គេ​ចូល​ស្តី​ដណ្ដឹង​នាង។ ខ្ញុំបានប្រាប់នាងថា ការដែលស្រឡាញ់មនុស្ស​ម្នាក់មិនមែនទាមទាយកមករួមរស់នៅជាមួយគ្នា ទើប​ហៅ​ថា​ស្រឡាញ់​នោះ​ទេ សំខាន់ឲ្យតែឃើញ​នារីដែលយើងស្រឡាញ់មានសុភមង្គល នោះយើងក៏មានសុភមង្គលដែរ។ នាងនៅស្ងៀមដោយមិន​និយាយ​ស្តីអ្វី​ ហើយនាងក៏មិនបានបង្ខំឲ្យខ្ញុំចូលស្តីនាង ក្នុងខណៈពេលដែលមានគេចូលសួរនោះផងដែរ។ ម្នាក់​ដែល​ចូល​ស្តី​ដណ្ដឹង​នាង​នោះ​គឺ​ជា​អ្នករកស៊ី ហើយគ្រួសាររបស់នាងទាំងមូលគឺស្រឡាញ់​ពេញចិត្តនឹងបុរសម្នាក់នោះគ្រប់គ្នា ដែលជាហេតុធ្វើឲ្យនាងជំទាស់មិនកើត ហើយ​បុរសនោះក៏ស្រឡាញ់នាងខ្លាំងមិនចាញ់ខ្ញុំប៉ុន្មានដែរ។

ក្រោយពេលដែលនាងបានភ្ជាប់ពាក្យ ប្រហែលជាមួយខែ នាងបានមកជួបខ្ញុំ ដោយ​ពេល​នោះ​ខ្ញុំ​សង្កេត​ឃើញ​នាង​មាន​ទឹក​មុខ​ស្រងួត​ស្រងាត់ ខ្ញុំបានសួរនាងថា តើមានរឿងអី? នាងប្រាប់ថា នាងបានផ្តាច់ពាក្យពីគេម្នាក់នោះទេ។ ពេលនោះខ្ញុំក៏ភ្ញាក់ ហើយសួរថា តើ​មាន​រឿង? នាងនិយាយថា មិនមានរឿងអីធំនោះទេ ដោយគ្រាន់តែថានាងមិនអាចរកនៅជាមួយនឹងបុរសនោះបាន ព្រោះជាមនុស្ស​ពូកែ​ប្រចន្ទ។ ខ្ញុំបានសុំឲ្យនាងត្រឡប់មករកខ្ញុំវិញ ដូចដើម តែនាងបដិសេធ ព្រមទាំងនិយាយាថា នាង​ចង់វិលវិញណាស់ ប៉ុន្តែមិនអាច ព្រោះ​នាង​ខ្មាស់ ម្យ៉ាងទៀតនាង និងគ្រួសារនាងបានជាជ្រើសរើសហើយ មិនចង់បកក្រោយវិញទេ។ ពេលនោះខ្ញុំពិបាកចិត្តណាស់ មិន​ដឹង​ថា​ត្រូវ​ធ្វើយ៉ាងណានោះទេ ខ្ញុំបានព្យាយាមអង្វរនាងសូមកុំធ្វើបែប យើងអាចរាប់អានគ្នាដូចកាលពីមុន ប៉ុន្តែនាងបានប្រាប់ពី​ហេតុផង​ជា​ច្រើន ជាពិសេសនាងអង្វរកុំឲ្យខ្ញុំរងចាំនាងអី។ តាមពិតទៅខ្ញុំយល់ចិត្តនាងច្បាស់ណាស់ ទើបឈប់បង្ខំចិត្តនាង ហើយ​យើង​ទាំង​ពីរ​ក៏​យល់​ព្រមរាប់គ្នាជាធម្មតា(ត្រឹមជាមនុស្សធ្លាប់ស្គាលើគ្នា) ហើយនាងបានប្រាប់ថា នាងត្រឡប់ទៅស្រុកកំណើតវិញ ប្រសិន​បើ​ខ្ញុំ​បាន​ទៅ​លេង​ខេត្តរបស់នាង ជួយចូលលេងផង ហើយបើសិនជានាងមានឡើងមកភ្នំពេញនាងនឹង Call រកខ្ញុំ។

ទីបំផុតនៃសេចក្តីស្នេហ៍យើងទាំងពីរគឺបានត្រឹមតែរាប់គ្នាជាមិត្ត ដោយយល់ចិត្តគ្នារៀងៗខ្លួន ត្បិតតែស្រឡាញ់គ្នាពិតមែន ប៉ុន្តែ​យើង​មាន​ហេតុ​ផងដែលមិនអាចរស់នៅជាមួយគ្នាបាន។ ការដែលយើងធ្វើបែបនេះគឺអាចឲ្យយើងទាំងពីរមានសប្បាយចិត្ត។

អ្វីដែលខ្ញុំបានជម្រាបខាងលើ គឺគ្រាន់តែចង់បញ្ជាក់ថា ស្រឡាញ់មនុស្សម្នាក់គឺមិនមែនប្រាថ្នារួមរស់នៅជាមួយគ្នានោះទេ សំខាន់​ឲ្យ​តែ​ឃើញ​មនុស្សដែលយើងស្រឡាញ់រស់នៅដោយមានសេចក្តីសុខ ព្រមទាំងសប្បាយចិត្តរៀងខ្លួនទៅបានហើយ។

តើអ្វីដែលយើងទាំងពីរបានសម្រចចិត្ត ប្រិយមិត្តទាំងអស់គ្នាគិតយ៉ាងណាដែរ?

មតិយោបល់