ព័ត៌មានជាតិ

លួចម៉ូតូរឺម៉កកង់៣ ពីខណ្ឌសែនសុខទៅជាប់អន្ទាក់សមត្ថកិច្ចខណ្ឌព្រែកព្នៅ

ភ្នំពេញ: ក្រុមជនសង្ស័យចំនួន៤នាក់បានធ្វើសកម្មភាពលួចម៉ូតូរឺម៉កកង់៣ពីខណ្ឌសែនសុខ ត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ ខណ:ម្ចាស់តាមទាន់កំពុងដោះលាបថ្នាំ ដើម្បីបំបាត់ភស្តុតាង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិអណ្តូងថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ទី១.ឈ្មោះ វ៉ាន់ ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់ភូមិអណ្តូងថ្មី សង្កាត់គោករការខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតភូមិសំឡី ឃុំសឡី ស្រុកកំពង់រ៉ូ ខេត្តស្វាយរៀង។ ទី២.ឈ្មោះ គង់ សាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអូសត្រីស្នាក់នៅភូមិអណ្តូង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ មានស្រុកកំណើតភូមិពត់ស ឃុំពត់ស ស្រុកទន្លេបាទី ខេត្តតាកែវ។ ទី៣.ឈ្មោះ សួន លី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកចាក់ធុងប៉ាស់ ស្នាក់នៅភូមិអណ្តូងថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ មានស្រុកកំណើត ភូមិអារីក្ស័ត្រ ឃុំអារីក្ស័ត្រ ស្រុកអារីក្ស័ត្រ ខេត្តកណ្តាល និងទី៤.ឈ្មោះ ហេង គឹមសេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងជុសជុលម៉ូតូស្នាក់នៅភូមិអណ្តូង៣ សង្កាត់គោករការខណ្ឌព្រែកព្នៅ មានស្រុកកំណើតទួលស្វាយព្រៃទី១ ខណ្ឌចម្ការមនរាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ ឌួង សិលា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូរឺម៉កកង់បី ស្នាក់នៅផ្ទះលេខ២៣៣ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះបានឲ្យដឹងថា កាលពីយប់ម៉ោងប្រហែលជា១២ គាត់បានទុកម៉ូតូរឺម៉កកង់៣មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ស៊េរីឆ្នាំ២០១៧ ឡើងតែម២០១៤ ពាក់ស្លាកលេខភ្នំពេញ 1AJ-4124 នៅមុខផ្ទះដោយចាក់សោរត្រឹមត្រូវ ហើយក៏ចូលផ្ទះសម្រាកលុះដល់វេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៩ រូបគាត់ភ្ញាក់ឡើងចេញមកខាងក្រៅ ស្រាប់តែមិនឃើញម៉ូតូរឺម៉ក ទើបដឹងថាមានគេលួច។ ពេលនោះគាត់ក៏ពុំបានមកដាក់ពាក្យប្ដឹងទេ បាននាំគ្នាដើរកដល់ភូមិអណ្តូងថ្មី សង្កាត់គោករការ ក៏ប្រទះឃើញគេកំពុងតែដោះរឺម៉កលាបថ្នាំ ដោយជនរងគ្រោះចំណាំបានបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍គោករការឲ្យជួយអន្តរាគមន៍ ទើបឃាត់ខ្លួនបានក្រុមជនសង្ស័យទាំង៤នាក់នេះតែម្តង។

សមត្ថកិច្ចប៉ុស្តិ៍គោករការបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាមៗនោះ កម្លាំងបានចុះទៅដល់កន្លែងខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងគឺរឺម៉កម៉ូតូរបស់ជនរងគ្រោះ និងទាក់ទងមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឲ្យមកទទួលយកទៅចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋាលភ្នំពេញថ្មី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមផ្លូវច្បាប់៕

លួចរ៉ឺម៉កកង់បី (5)

លួចរ៉ឺម៉កកង់បី (1)

លួចរ៉ឺម៉កកង់បី (2)

លួចរ៉ឺម៉កកង់បី (3)

លួចរ៉ឺម៉កកង់បី (4)

មតិយោបល់