ព័ត៌មានជាតិ

គ្រោះថ្នាក់​ពេល​ចូលឆ្នាំ​ធ្លាក់​ចុះ

មនុស្ស​ចំនួន​៤៨ ​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ​និង​៣៥០​នាក់​ទៀត​រងរបួស​ក្នុង​គ្រោះថ្នាក់​ចរាចណ៍​អំឡុង​ពេល​ចូលឆ្នាំ​ ប្រពៃណី​ខ្មែរ។ ​នេះ​បើ​យោង​តាម​របាយការណ៍​ផ្លូវការ​របស់​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​អង្គារ​ នេះ។

របាយការណ៍​នេះ​បាន​ស្រង់​ករណី​គ្រោះថ្នាក់​ចរាចណ៍​រយ:ពេល​ ប្រាំថ្ងៃ​នៃ​អំឡុងពេល​បុណ្យ​ចូល​ឆ្នាំ​គឺ​នៅ​មុន ​និង​នៅ​ក្រោយ​មួយ​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ទាំង​បី​ថ្ងៃ ​ដែល​មាន​គ្រោះថ្នាក់​សរុប​បាន​កើត​ឡើង​ចំនួន​១៦៥ ​លើក។ ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ​ឆ្នាំរោង ​ត្រូវ​នឹង​ឆ្នាំ ​២០១២ ​នៃ​គ្រឹះសករាជ​ទើប​នឹង​ត្រូវ​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ។

ខេត្ត​ព្រៃវែង​មាន​ចំនួន​ជន​រងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​ ច្រើន​ជាង​គេ​គឺ ​ប្រាំបួន​នាក់ ​បន្ទាប់​មក​គឺ​ខេត្ត​បាត់ដំបង ​ប្រាំមួយ​នាក់ ​និង​ខេត្ត​សៀមរាប​បួន​នាក់។ ​ប៉ុន្ដែ​របាយការណ៍​ដដែល​បង្ហាញ​ថា ​ជន​រងគ្រោះ​មាន​ចំនួន​តិច​ជាង​ឆ្នាំ ​២០១១។ ​ពោល​គឺ​ជន​រងគ្រោះ​ដល់​ស្លាប់​បាន​ថយចុះ​ដប់​នាក់ ​រីឯ​អ្នក​រងរបួស​ទាំង​ធ្ងន់ ​ទាំងស្រាល​បាន​ថយចុះ​ចំនួន​១៤០ ​នាក់​បើ​ធៀប​នឹង​រយ:ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ។

លោក ​ហាយ ​វ៉ារុន ​អនុប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា​ ការ​ថយចុះ​នេះ​ ដោយសារ​តែ​ប្រជាពលរដ្ឋ​មាន​ការ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ច្រើន​ជាង​មុន ​និង​មួយ​វិញទៀត​ក្រុម​សមត្ថកិច្ច​ ក៏​បាន​ចុះ​ត្រូតពិនិត្យ​និង​អប់រំ​ជា​ពិសេស​ដល់​ក្រុម​អ្នក​បើកបរ​រថយន្ដ​ តាក់ស៊ី​ នៅ​មុន​ពេល​ពិធី​ចូលឆ្នាំ​មក​ដល់។

យ៉ាងណាក៏ដោយ​លោក ​ហាយ ​វ៉ារុន ​បញ្ជាក់​ថា​ការ​បើកបរ​លើសល្បឿន​កំណត់ ​និង​ ការ​ស្រវឹង​សុរា​គឺ​ជា​មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់។

«មូលហេតុ​ដោយសារ​ល្មើស​ល្បឿន ​៥០​ភាគរយ ​ស្រវឹង​ ១៣​ភាគរយ ​ប្រជែង​គ្រោះថ្នាក់ ​និង​មិន​គោរព​សិទ្ធិអទិភាព​ដប់​ភាគរយ ​មិន​ប្រកាន់​ស្ដាំ​ប្រាំបី​ភាគរយ ​ការ​បត់ឆ្វេង​ស្ដាំ​មិន​ប្រយ័ត្ន​បី​ភាគរយ​ ក្មេង​រត់ឆ្លង​ផ្លូវ​បី​ភាគរយ។ ងងុយគេង​កត្តាផ្លូវ ​និង​យានយន្ដ​មួយភាគរយ»។

ថ្វី​បើ​តួលេខ​ផ្លូវការ​របស់​រដ្ឋាភិបាល​បង្ហាញ​ពី​ការ​ ចុះថយ​នៃ​ករណី​គ្រោះថ្នាក់​ចរាចរ​ ក៏ដោយ​ក៏មន្ដ្រី​របស់​អង្គការ​ជនពិការ​អន្ដរជាតិ​បែលហ្ស៊ីក​ចាត់​ទុក​ថា ​នេះ​គ្រាន់តែ​ជា​តួលេខ​ផ្លូវការ​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ។

កញ្ញា ​សាន ​សុជាតា ​ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរ​របស់​អង្គការ​នេះ​បញ្ជាក់​ថា ​តួលេខ​ពិតប្រាកដ​ប្រចាំ​ឆ្នាំ​នឹង​ត្រូវ​បូក​បញ្ចូល និង​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​ទិន្នន័យ​បាន​មក​ពី​មន្ទីរពេទ្យ ​និង​មណ្ឌល​សុខភាព​នានា​នៅ​ទូទាំង​ប្រទេស​ផងដែរ។

«នេះ​គឺ​ជា​លទ្ធផល​ដំបូង​ដែល​យើង​អាច​ទទួល​យក​បាន​ខ្លះៗ​ ពី​ក្រសួង​មហាផ្ទៃ​ ប៉ុន្ដែ​មិនមែន​ជា​តួលេខ​ចុងក្រោយ​នៅ​ឡើយ​ពីព្រោះ​ត្រូវ​រង់ចាំ​បូក​សរុប​ ទិន្នន័យ​ពី​ខាង​មន្ទីរពេទ្យ ​និង​មណ្ឌល​សុខភាព​តាមរយ:​ក្រសួង​សុខាភិបាល»។

កញ្ញា ​សាន ​សុជាតា ​បញ្ជាក់ថា ​គ្រោះថ្នាក់​ចរាចរ​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​តែងតែ​មាន​ ចំនួន​ច្រើន​ជាង​ចំនួន​គ្រោះថ្នាក់​ ដែល​កើត​ឡើង​ក្នុង​ពេល​ផ្សេង​ៗ​ទៀត​ក្នុង​ឆ្នាំ​នីមួយៗ។ យ៉ាង​ណា​ក៏ដោយ​ការ​បូក​សរុប​តួលេខ​ចុងក្រោយ​របស់​អង្គការ​ជនពិការ​អន្ដរជាតិ ​ប៊ែលហ្ស៊ីច អាច​នឹង​ធ្វើឡើង​បី​ខែ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ៕

អត្ថបទ:គង់ ​សុឋានរិទ្ធ

មតិយោបល់