សួស្តី គេហទំព័រ ដំណឹង ពីចម្ងាយ នាងខ្ញុំ រស់ សុធា ជាបុគ្គលិកមន្ត្រីរាជការក្នុងស្ថាប័នរដ្ឋ ក្នុងខេត្តស្ទឹងត្រែង បច្ចុប្បន្នមានវ័យ ២៨ ឆ្នាំ មាន កូនពីរក្នុងបន្ទុកគ្រួសារ ស្រីមួយ ប្រុសមួយ ។នាងខ្ញុំបានស្គាល់គេហទំព័រ ដំណឹង ដោយចៃដន្យបំផុត ដោយសារការស្រាវជ្រាវរករូបភាពដែលទាក់ទងនឹងតារាខ្មែរ ក៏ប្រទះឃើញអត្ថបទមួយដែលទាក់ទង និង កញ្ញា សុគន្ធ នីសា ក៏ចុចទៅលើ ឆ្ពោះទៅកាន់អាសយដ្ឋានរបស់គេហទំព័រ ដំណឹង ពេលនោះបានប្រទះនូវ ម៉ឺនុយដែលទាក់ទងនឹងវិបត្តិស្នេហ៍ តែគេហទំព័រ ដំណឹងដាក់ថា ដំណឹងស្នេហា ។វាស្របពេលនឹងនាងខ្ញុំវ័យ ២៨ ឆ្នាំ មានកូនពីររូបនេះកំពុងឈឺចិត្តកើតទុក្ខ និងទង្វើរល្បីនាពេលបច្ចុប្បន្នក៏ដាច់ចិត្តសរសេរសារទុក្ខសោកនេះ ផ្ញើរជូនគេហទំព័រ ដំណឹងដែលមានខ្លឹមសារដូចខាងក្រោម៖
និយាយដល់ចំណុចអួលដើមកបំផុតដែលស្ទើរស្ទាក់នឹងបរិយាយនោះ កាលដើមឡើយនៃជីវិតអាពារហ៍ពិពាហ៍របស់ខ្ញុំ បានទទួលកាផ្សំផ្គុំ ពីមេបាទាំសងខាង ពេលនោះខ្ញុំទើបតែមានវ័យ ២១ ឆ្នាំតែប៉ុណ្ណោះ ទោះបីជាយើងមិនសូវមានទំនាក់ទំនងស្នេហាដូចក្មេងបច្ចុប្បន្នកាល តែការរួចរាល់ហើយ យើងទាំងពីររស់នៅដោយចុះសម្រុងនឹងគ្នាណាស់ មិនដែលមានរឿងល្អក់កករម្តងណាឡើយ ។មួយឆ្នាំ ក្រោយយើងទាំងពីរក៏ចាប់ផ្តើមមានកូន នៅពេលដែលគេបានឭដំណឹងនេះគេសប្បាយរីករាយណាស់ រកអ្វីផ្ទឹមគ្មាន មើលទៅគេស្រលាញ់ខ្ញុំណាស់ យកចិត្តទុក ដាក់ទឹកក្តៅទឹកត្រជាក់ មិនថាខ្ញុំឈឺ ឬជាទេ គេនៅតែមើលថែរក្សាខ្ញុំជានិច្ចមិនមានលុះថ្ងៃឡើយ ។គេ(ប្តីរបស់ខ្ញុំ) មិនដែលចេះស្គាល់អ្វីថាជាស្រា ហើយអ្វីថាជាស្រីនោះឡើយ មានតែ ពាក្យថាការងារ ការងារ តែប៉ុណ្ណោះ ចេញពីផ្ទះទៅធ្វើការ ចេញពី ធ្វើការវិលមកផ្ទះ ។ទ្រនំខ្ពស់ ឡានហ៊ីហារ ជាចំណងដៃឳពុកម្តាយទាំងសងខាងផ្តល់ឲ្យ រួមទាំងការពួតដៃគ្នាធ្វើការសន្សំលុយ ដើម្បីកូន កូនទីមួយកើតមកបានត្រឹមតែ ២ ឆ្នាំ នាងខ្ញុំក៏ចាប់ផ្តើមមានកូនមួយទៀត ដែលជាកូនស្រី ខណះនេះហើយឬកពារប្តីរបស់ខ្ញុំប្លែកទៅ ៗ តែងខ្លួនខុសធម្មតា លែងស្គាល់ថាអ្វីទៅជាបាយផ្ទះ ចេញពីធ្វើការលែងទៀងពេល គេចាប់ផ្តើមធ្វើឲ្យខ្ញុំឈឺចាប់បន្តិចម្តងៗ អួលដើមករ ពេលខ្លះលួចសម្រក់ទឹកភ្នែកក៏មាន រាល់យប់ពេលគេត្រលប់មកផ្ទះវិញធំក្លិនស្រា និងមានក្រែមជាប់អាវនឹងក្លិនទឹកអប់ចម្លែកខុសពីអ្វីដែលខ្ញុំបានទិញឲ្យគេប្រើប្រាស់ ។ប្តីរបស់ខ្ញុំចាប់ផ្តើមចេះរករឿង ចិត្តធំ ចេះលេងល្បែង ចេះស្រី ចេះស្រា តើនរណាបង្រៀនគេទៅ? មិនមែនប្តីខ្ញុំស្គាល់គ្នាដំបូងឡើយ ឬក៏គេចង់ផ្តាច់ចោលចំណងអាពាហ៍ពិពាហ៍ដែលមានរយៈពេលប៉ុន្មានឆ្នាំ ពីរនេះដោយបន្សល់ទុក កូនពីរនេះឲ្យខ្ញុំទទួលខុសត្រូវតែឯង ? ទ្រព្យសម្បតិចាប់ផ្តើមហិនហោច បន្តិចម្តងៗហើយ គេលែងចេះរកលុយ ដឹងស្គាល់តែពាក្យថាចាយ ចាយ តែប៉ុណ្ណោះ ។ស្រមោលខ្មៅនៅកៀកគ្រែខ្ញុំរាល់យប់ ទឹកភ្នែកបង្ហៀរលើកែវភ្នែកទាំងសងខាង តើជាតិនេះ ខ្ញុំខុសអ្វី ឬក៏ស្រ្តិគ្រប់រូបត្រូវជួបប្រទះបែបនេះ ទេ ខ្ញុំឃើញគ្រួសារគេរកអង្ករច្រកឆ្នាំងគ្មានផង គេនៅតែសប្បាយចិត្តស្រលាញ់កូនគេ ប្រពន្ធគេ ចុះខ្ញុំវិញមានអ្វីៗគ្រប់បែបយ៉ាងហើយ តើគេនៅចង់បានអ្វី ។ ឬមកពីក្លិនគន្ធាអូនមិនក្រអូបដូចស្រី ខារ៉ាអូខេ ដែលបងចូលនោះ បងពិតជាធ្វើឲ្យអូន នេះខកបំណងមែន ។ ផ្ទះដែលខំសាងសងក៏ត្រូវហិនហោចយកទៅបញ្ជាំគេទៀត គ្មានសេសសល់អ្វីឡើយ តើឲ្យខ្ញុំត្រូវពឹងនរណាទៀត ឬឲ្យខ្ញុំទ្រាំឈឺយ៉ាងនេះ ឬ មួយរងចាំគេងាកក្រោយ សាងសុភមង្គលសារជាថ្មី បើពាក្យសម្តីទាំងនេះខ្ញុំបាននិយាយអង្វរគេម្តងហើយ ម្តងទៀត តែ វាហាក់បីដូចជាគ្មានប្រយោជន៍ផង នោះ ។
សូម លោកពូ បុរសដំណឹង សូមជួយ ដោះស្រាយរំលែកទុក្ខ សោកដែលដានក្នុងបេះដូចខ្ញុំនេះឲ្យវាបានរសាយផង តើខ្ញុំត្រូវធ្វើបែបណា? ៕
មតិយោបល់