ពេលវេលាដើរលឿយលយ មិនចាំមនុស្សនោះទេ មួយវិនាទីៗពិតជាលឿនណាស់ ដែលសឹងតែធ្វើអ្វីមិនទាន់ទៅហើយ សម្រាប់មនុស្សដែលដេករងចាំពេលវេលាដូចជារូបខ្ញុំ។
នាង ខ្ញុំ សុផាវី វណ្ណរី ជាសិស្សម្នាក់រៀននៅវិទ្យាល័យ មួយសូមមិនបញ្ចេញឈ្មោះ ក្នុងរាជធានីភ្នំពេញ បច្ចុប្បន្ននាងខ្ញុំជាសិស្សរៀននៅថ្នាក់ទី ១១ នឹងឈានចូលថ្នាក់បាក់ឌុបនៅឆ្នាំក្រោយនេះដែរ ។ជាធម្មតាខ្ញុំតែងតែសប្បាយហីហារ ឡូយឆាយ មិនខ្វល់អ្វីទាំងអស់ រាល់ថ្ងៃ ក្រៅពីតែងខ្លួនស្អាតយេៗ ក៏ខ្ញុំមិនដែលនឹកខ្វល់គិតពីរឿងសិក្សានោះដែរ មួយថ្ងៃៗដើរ ហ៊ឹកហ៊ាក់ ជាមួយនឹងមិត្តរួចថ្នាក់ដែលចូលចិត្តភាពស្រស់បំព្រងដូចខ្លួន ហើយក៏មិនដែលជួបរឿងទុក្ខលំបាកដែរ ក្រៅពីត្រូវមាត់ប៉ាម៉ាក់តែប៉ុណ្ណោះ។
អ្វីៗដែលនឹកស្មានមិនដល់នោះ ប៉ារបស់ខ្ញុំក៏អនិច្ចកម្ម លាចាកលោកនេះទៅ បន្សល់តែម៉ាក់ដែលជាស្ត្រីមេផ្ទះ តាំង ពីប៉ាស្លាប់ទៅគ្រួសាររបស់នាងខ្ញុំចាប់ផ្តើមទ្រុឌទ្រោមទៅៗ គ្មានអ្វីជាទីពឹងពំនាក់ ។ចំណែកឯធនធានទ្រព្យសម្បតិ ក៏ហោចណាស់ទៅដែរ ។រីឯបងប្រុសតែមួយគត់ដែលជាអ្នកស្នងត្រកូល ក្រៅពីឡូយឆាយ ផឹកស៊ី ភឿនបង នោះគ្មានរកអ្វីនោះទេ បើកឆ្អាំងមានក៏ហូប បើអត់ក៏ធ្វើហីទៅ ។ ចំពោះនាងខ្ញុំវិញក៏សម្រេចចិត្តឈប់ពីការសិក្សាត្រឹមថ្នាក់ទី ១១ ដោយបោះបង់នូវភាពយុវវ័យចោល ហើយងាកមកជួយជ្រោមជ្រែងគ្រួសារ ខិតខំរកតែកម្រិតសិក្សាដូចជានាងខ្ញុំអាចធ្វើការអ្វីទៅដែលបានកម្រៃច្រើននោះ ថ្ងៃមួយពួកម៉ាក់ដែលដើរឡូយឆាយជាមួយនឹងខ្ញុំបានប្រាប់ថា នាងបានចូលធ្វើការនៅខារ៉ាអូខេ ហើយរកលុយបានច្រើនទៀតផង ក្នុងមួយយប់ៗ ឭបែបនេះនាងខ្ញុំក៏សម្រេចចិត្តតាមទៅធ្វើការជាមួយនឹងពួកម៉ាក ជានារីខារ៉ាអូខេ ក្នុងហាងមួយកន្លែង ក្នុងប្លក់ សំណង ១២។មួយថ្ងៃដំបូងនាងខ្ញុំមានអារម្មណ៍ថាខ្មាស់អៀនណាស់ព្រោះខ្លួនធ្លាប់តែឡូយឆាយ ចាយលុយប៉ា ពេញៗដេញ ដោយគ្មានសំចៃ ហើយបែរជាអីចឹងទៀតពិតជាសមមុខខ្ញុំហើយ ។ រឿងដែលខ្ញុំមកធ្វើការយប់ជានារីខារ៉ាអូខេ នេះនាងខ្ញុំមិនដែលប្រាប់ដល់ម៉ាក់របស់នាងខ្ញុំនោះទេ ពេលគាត់សួរថាបានលុយមកពីណាត្រឹមតែភូតកុហកថានេះ ថានោះទៅ តែយូរៗទៅមិនបានប៉ុន្មាននោះ គាត់ក៏ដឹង ហើយអាណិតខ្ញុំពន់ពេក រហូតដល់ពេលខ្លះ គាត់អត់ញុំាបាយ នឹករលឹកទឹកក៏គ្មានដែរ ខណៈនោះហើយដែលគាត់ធ្លាក់ខ្លួនឈឺ ទៅកើតជាជំងឺរុំារ៉ៃ មើលមិនជា សះស្បើយ ដោយតម្រូវឲ្យនាងខ្ញុំរ៉ាប់រងមួយផ្នែកទៀត តែទោះជាយ៉ាងណាផ្ទះដែលប៉ាខំសន្សំទិញ ឲ្យរូបនាងខ្ញុំនៅតាំងពីតូចនោះ ខ្ញុំមិនហានដាច់ចិត្តលក់នោះទេ ប្រិយមិត្តពិតជាយល់យើងត្រង់នេះ ហើយក៏សួរថា ហេតុអ្វីមិនលក់ផ្ទះមើលជំងឺគាត់ទៅ ? មិនអាចទេ !ដោយគាត់គិតពីខ្ញុំ ខ្លាចខ្វះផ្ទះនៅ ពិបាកជួលផ្ទះគេ រស់នៅស្រួលមិនដូចរស់នៅផ្ទះឯងនោះទេ ហេតុដូច្នេះក៏សម្រេចចិត្តតាមអ្វីដែលគាត់ប៉ង់នោះតែម្តងទៅ។ តែអ្វីដែលខ្ញុំត្រូវគិតនៅពេលនេះមិនមែនខ្លួនខ្ញុំនោះទេ គឺធ្វើយ៉ាងណា ឲ្យលុយចូលហៅប៉ៅ ប៉ុន្តែលុយនោះគឺលុយដែលចូលដោយស្របច្បាប់ តែប៉ុណ្ណោះ។ងាកមកជំងឺអ្នកម្តាយ គាត់បានសះស្បើយហើយ ដោយគាត់អាចយល់ពីបំណងដែលខ្ញុំខំរក លុយ ដើម្បីគាត់ ហើយមើលទៅគាត់សប្បាយចិត្តរីករាយដូចមុនចឹង។
ថ្ងៃនេះទើបខ្ញុំដឹងថា ការចិញ្ចឹមកូន ដែលគាត់ហែលឆ្លងទុក្ខសោកជាមួយនឹងខ្ញុំប៉ុន្មានឆ្នាំនោះគឺវាពិបាកណាស់ វាមិនដូចអ្វីយើងគិតនោះទេ ជីវិតជាការលះបង់ដោយក្លាហាន តែធាតុពិតវាគ្មានអ្វីនោះទេ នៅទីបញ្ចប់ គួរណាស់តែរស់នៅប្រកបដោយ លក្ខណៈថ្លៃថ្នូរក្នុងសង្គម ។ពេលនេះដែរ ទើបស្តាយនូវការសិក្សាដែលប៉ា បានផ្តល់ឲ្យ នឹកស្តាយទំហំទឹកប្រាក់ តែទឹកប្រាក់វាមិនសំខាន់ជាង ទឹកចិត្តប៉ានោះទេ ថ្ងៃនេះទើបរូបកូនស្រីម្នាក់នេះចង់ឲ្យប៉ាដឹងថា កូនខុសហើយ ថ្ងៃនេះ ថ្ងៃស្អែក ចង់ឲ្យប៉ាឃើញថាកូនយ៉ាងម៉េច នោះ តែកូនគិតថាប៉ាមិនអាចឃើញនោះទេ ព្រោះប៉ា និងកូនជាមនុស្សពីររស់នៅភពផ្សេងគ្នាហើយ ។
ថ្ងៃនេះ ម៉ោងនេះដូចនឹងថ្ងៃស្អែក តែហេតុភេទថ្ងៃនេះ មិនដូចថ្ងៃស្អែកនោះឡើយ យើងមិនអាចមើលឃើញនោះទេ គួរណាស់ប្រុងប្រយ័ត្ន នឹងខិតខំសិក្សា កុំធ្វើដូចជារូបនាងខ្ញុំ ពេលជួបវិបត្តិធ្ងន់ធ្ងរទើបដឹងខ្លួននោះ៕
ពីនាងខ្ញុំ វណ្ណរី ។
មតិយោបល់