សត្វក្រៀល ឬកុកទេព មានឈ្មោះជាភាសាអង់គ្លេសហៅថា “Sarus Crane” ជាប្រភេទសត្វស្លាប់ដែលហើរបាន មានមាឌធំ និងកម្ពស់ខ្ពស់ជាងគេបំផុតលើពិភពលោក ហើយក៏អាចហើរបានឆ្ងាយ និងខ្ពស់ផងដែរ។ ក្រៀលមានពណ៌ក្រហមប្រផេះ (ពណ៌ប្រាក់) និងមានក្បាលពណ៌ក្រហម ជើងពណ៌ក្រហម មានម្រាម៥។
កម្ពស់របស់សត្វក្រៀលមានរហូតដល់ទៅ ១.៨០ម៉ែត្រ ហើយពេលវាត្រដាងស្លាបហើរមានប្រវែង ២.៤០ម៉ែត្រគិតពីស្លាបម្ខាងទៅស្លាបម្ខាងទៀត និងអាចរស់នៅបានអាយុ ៤០ឆ្នាំ ព្រមទាំងជាបក្សីមានអាយុដ៏វែងបំផុតមួយប្រភេទ។
សត្វក្រៀល ឬកុកទេព រស់នៅ និងរកស៊ីនៅលើដីតំបន់វាលទំនាបធំៗ ហើយទៅបន្តពូជនៅតាមត្រពាំង ឬបឹងបួរនៅឯតំបន់ព្រៃទំនាបធំៗ នៅក្នុងចន្លោះខែឧសភាដល់តុលា។ ក្នុង១ឆ្នាំ សត្វក្រៀល១គួ ពងបានត្រឹមតែ ១ ទៅ៣ពងប៉ុណ្ណោះ។ ជាធម្មតាកុកទេពរស់នៅជាហ្វូងរហូតដល់រដូវបន្តពូជ ទើបបក្សីមួយនេះរស់នៅជាគួៗរៀងៗខ្លួន ម្យ៉ាងទៀតសត្វក្រៀលត្រូវបានគេចាត់ទុកថាជាគួស្នេហ៍ស្មោះត្រង់។ ជាទម្លាប់នៅពេលបព្រឹកព្រហាមមុនពេលព្រះអាទិត្យរះ កុកទេពចាប់ផ្តើមស្រែយំ និងរេរាំដាក់គ្នាទៅវិញទៅមក គួរជាទីមនោរម្យ។
កុកទេពស៊ីដើមថ្លុង និងបណ្ដូលដើមខ្ចីៗ និងគ្រាប់ស្រូវជ្រុលនៅលើដីជាចំណី ចំណុចល្អមួយគឺមិនសូវចូលចិត្តស៊ីស្រូវជាប់នឹងដើមនោះទេ។ មានពេលខ្លះកុកទេពក៏ស៊ីស្មៅ ឬសត្វល្អិតដូចជា កណ្ដូប មេអំពៅ កូនកង្កែប និងត្រីជាដើម។ ដោយសារតែលក្ខណៈពិសេសជាច្រើនរបស់សត្វក្រៀលនោះហើយ ទើបបានជាបុព្វបុរសខ្មែរហៅសត្វក្រៀលថា “កុកពេទ”។ នៅទីជនបទ ជាពិសេសតំបន់ដែលមានសត្វក្រៀលរស់នៅ ឬឆ្លងកាត់ជនជាតិខ្មែរមានជំនឿថា កាលណាមានហ្វូងសត្វក្រៀលហើរកាត់ឡើងទៅក្រឡឹងឆ្វែលលើអាកាសហើយស្រែយំនោះ គឺជាប្រផ្នូល(ដំណឹង) មួយប្រាប់ថា នៅក្នុងតំបន់នោះមានកម្លោះ-ក្រមុំ ឬគូស្នេហ៍ណាមួយលួយលាក់ស្នេហា រហូតដល់ពង្រត់គ្នាក៏មាន ជំនឿនេះមានតាំងពីបុរាណកាលមក និងបន្ដរហូតមកដល់បច្ចុប្បន្ន នេះគឺជាលក្ខណៈពិសេសញ្ញាណពិសេសម្យ៉ាងមួយទៀតរបស់សត្វក្រៀល។ ប្រផ្នូលនេះវាមិនមែនជាប្រផ្នូលអាក្រក់ទេ ប៉ុន្តែវាគ្រាន់តែជាដាសតឿនដល់អ្នកដែលមានបំណងឲ្យមានការភ្ញាក់ស្មារតី កែប្រែខ្លួន ហើយប្រាប់ចាស់ទុំទាំងឡាយឲ្យប្រុងប្រយ័ត្នចំពោះកូនចៅ។
សព្វថ្ងៃនេះ កុកទេពរស់នៅ និងបន្តពូជនៅលើទឹកដីកម្ពុជាមានចំនួនប្រមាណជា ១ពាន់ក្បាលប៉ុណ្ណោះ(យោងតាមឯកសាររបស់កម្ពុជាអង្គរអ៊ែរ) ក្នុងបីតំបន់ធំៗ ដូចជានៅអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ បឹងព្រែកល្ពៅក្នុងខេត្តតាកែវ និងនៅអន្លង់ព្រឹងខេត្តកំពត។
តាំងពីបុរាណកាល រហូតដល់បច្ចុប្បន្ន ប្រជាជននៅទ្វីបអាស៊ី មានចិន កូរ៉េ ជប៉ុន វៀតណាម និងខ្មែរ មានជំនឿថា សត្វក្រៀល ឬកុកទេព ជានិមិ្មត្តរូបនាំមកនូវសេចក្តីសុខដុមរមនា ត្រជាក់ត្រជុំ អាយុយឺនយូរដល់មនុស្ស ដូច្នេះហើយបានជាគេនិយមជូនអំណោយដល់គ្នាទៅវិញទៅមកនូវរូបសត្វក្រៀលដ៏ស្រស់ស្អាត សម្រាប់ដាក់តាំងនៅតាមគេហដ្ឋាន។
ជាស្ដែងនៅកម្ពុជាយើង គេសង្កេតឃើញមានឈ្មោះសត្វក្រៀលនៅក្នុងបទចម្រៀង រឿងប្រេង ជាពិសេសរូបចម្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ៕
មតិយោបល់