ព័ត៌មានជាតិ

ក្រោយពីស្ដាប់ «កូនស្រី​អ្នកនេសាទ» ​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ?

កូនស្រីអ្នកនេសាទ” ឬ”វាសនាភូមិបាក់ព្រា” គឺជាចំណងជើងបទចម្រៀងមួយបទដែលនិពន្ធទំនុកច្រៀងដោយ កវីគង្គ ប៊ុនឈឿន ក្នុងអំឡុងឆ្នាំ១៩៧៤ និងជាសំនៀងដើមរបស់ អ្នកស្រី រស់ សេរីសុទ្ធា ហើយបទចម្រៀងនេះធ្លាប់បានបំពេអារម្មណ៍អ្នកស្តាប់ឲ្យ អណ្តែតត្រសែតទៅតាមអត្ថន័យនៃបទចម្រៀង។

កូនស្រីអ្នកនេសាទ

បទភ្លេងទំនុកច្រៀង : គង្គ ប៊ុនឈឿន

សម្រួលតន្ត្រី : ម៊ែរ ប៊ុន

ច្រៀងដោយ : រស់ សេរីសុទ្ធា

១- ឳភូមិបាក់ព្រា នាពេលសុរិយារៀបលិចរលកព្រិចៗ រំលេចពណ៌ព្រំសុវណ្ណ
ជំនោររសាត់ បក់ផាត់នាពេលសាយ័ណ្ណឯនាយផ្គរលាន់ លាន់ឮសែនឆ្ងាយស្រណោះ ។
២- ភូមិអ្នកនេសាទ បណ្ដែតលើផ្ទៃជលសារជំនោរសីហា កត់ត្រារឿងដើមទាំងអស់
កាលបងនិងអូន សាងក្បូនស្នេហ៍យ៉ាងស្មោះឥឡូវបងបោះ បង់ចោលរូបអូនឯកា ។
R- ហេតុតែរូបអូន ជាកូនស្រីអ្នកនេសាទជាផ្កាមិនស្អាត ប្រឡាក់ជាប់កិ្លនមច្ឆា
បងក្រេបផ្កាហើយ បោះផា្កចោលក្នុងជលសារនេះគឺវាសនា បុប្ផានៅភូមិបាក់ព្រា ។
៣- បាក់ព្រាព្រែកត្រប់ បង្កប់រឿងស្នេហ៍អ្នកក្រដូចព្រាហ្មកេសរ ត្រូវប្ដីយកទៅប្រហារ
ចាប់តាំងពីប្រាំង រហូតដល់ខែវស្សាមិនដឹងថ្ងៃណា ទើបប្រុសជីវ៉ាវិលវិញ ៕

ប្រវិត្តដើម

ភូមិបាក់ព្រា គឺជាភូមិមួយនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ជាភូមិចុងកាត់មាត់ញក ស្ថិតនៅលើផ្លូវទឹកទៅកាន់ពាមទន្លេសាប ប្រកបដោយទេសភាពស្រងេះស្រងោច ខ្លោចផ្សារពន់ប្រមាណ ។

កាលពីសម័យសង្គមរាស្ត្រនិយម មានទូកដរខ្លះបានដឹកអ្នកដំណើរតាំងពីភូមិព្រែកហ្លួង រហូតទៅដល់ភូមិបាក់ព្រានេះទៀតផង ដល់ក្រោយមកទើបមានទូកបំពាក់ម៉ាស៊ីន ឬកាណូត ចុះឡើងរហូតដល់ព្រែកទាល់ទន្លេសាប ។

កាលនៅរៀនពីក្មេង លោក គង្គ ប៊ុនឈឿន បានទៅលេងភ្លេងក្នុងពិធីបុណ្យផ្កាប្រាក់នៅភូមិបាក់ព្រា ហើយលោកបានជាប់ចិត្តនឹងបុប្ផាមួយទង ដែលជាកូនស្រីអ្នកនេសាទ នៅតំបន់នោះ ទើបលោកចាប់ផ្ដើមកត់ត្រាទុកក្នុងបេះដូងនូវបទចម្រៀងមួយដើម្បី ឧទ្ទិសដល់បេះដូងស្រគត់ស្រគំនៃក្រមុំស្រុកទន្លេ ដែលរស់នៅឃ្លាតឆ្ងាយពីអរិយធម៌នៃអ្នកដីគោក ។

កាលណោះ Melodie របស់បទ �កូនស្រីអ្នកនេសាទ� លោកគង្គ ប៊ុនឈឿន គ្រាន់តែបានកត់ត្រាទុកក្នុងសៀវភៅកំណត់ហេតុរបស់លោកប៉ុណ្ណោះ ។ លុះមកដល់ឆ្នាំ ១៩៧៤ ទើបលោករៀបចំតាក់តែងទំនុកច្រៀងឡើងវិញ ហើយបានថតផ្សាយនៅពេលនោះ ។ បទនេះ បានធ្វើឲ្យភ្ញាក់ផ្អើលដល់បងប្អូនប្រជាជនដែលរស់នៅតាមតំបន់នោះជា ខ្លាំង មិនតែប៉ុណ្ណោះវាក៏ក្លាយទៅជានិមិត្តរូបនៃខ្សែជីវិត ពិតៗរបស់កូលាបដងស្ទឹងបាក់ព្រា ដែលលោកបានពណ៌នានៅក្នុងរឿងប្រលោមលោកមួយទៀតឈ្មោះកូនស្រីអ្នកនេសាទ ។

អ្នកស្រី រស់ សេរីសុទ្ធា ដែលអ្នកផងតែងតែប្រសិទ្ធនាមថា �ព្រលឹងស្ទឹងខៀវ� បាននិយាយប្រាប់លោក គង្គ ប៊ុនឈឿន នៅពេលថតបទនេះចប់ថា អ្នកស្រីច្រៀងបទនេះដោយចិត្តរំភើបញាប់ញ័រពន់ពេកណាស់ ដោយសារអតីតកាលរបស់អ្នកស្រីធ្លាប់រស់នៅតំបន់នោះ និងធ្លាប់មានបេះដូងប្រេះឆាដូចជាបុប្ផាបាក់ព្រានោះដែរ ។
នេះជាបទមួយ ដែលលោកគង្គ ប៊ុនឈឿន បានពណ៌នាប្លែកពីគ្នា គឺបរិយាយពីស្នេហាព្រាត់ប្រាស់នៅលើភូមិស្ថានមួយដែលមើលទៅឃើញលំហ ទឹកល្ហាចល្ហឹម…ប្រៀបបីដូចជាទន្លេទឹកភ្នែករបស់នារីដែលមាន បេះដូងបរិសុទ្ធចំពោះសង្សារ តែគ្មានអ្នកណាមើលឃើញនូវសេចក្ដីស្មោះត្រង់របស់នាង…។

បទនេះ អ្នកដែលមិនដឹងចេះតែនាំគ្នាហៅថា �វាសនាភូមិបាក់ព្រា� ការពិតគឺជាបទ �កូនស្រីអ្នកនេសាទ� វិញទេ ! ៕

មតិយោបល់