ការជក់បារី ផ្តល់ផលវិបាកពីរយ៉ាងដល់សុខភាពគឺ ៖ -ទីមួយ អ្នកជក់បារីនឹងក្លាយជាញៀនបារីយ៉ាងឆាប់រហ័សដោយសារនីកូទីន ។ -ទីពីរ ការជក់បារីអាចបណ្តាលឱ្យស្លាប់ និងមានជំងឺធ្ងន់ធ្ងរជាច្រើន ដែលបណ្តាលឱ្យមានការប្រឈមនឹងការស្លាប់មុនអាយុ ។ ការញៀននីកូទីន ផ្សែងបារីមាននីកូទីន ដែលជាសារធាតុញៀនមួយដែលធ្វើឱ្យអ្នកជក់បារីកាន់តែចង់ជក់បារី ថែមទៀត ។ មិនតែប៉ុណ្ណោះ នីកូទីនធ្វើឱ្យមានរោគសញ្ញាញៀនដែលពិបាកទ្រាំ ។ ការមានអារម្មណ៍ល្អនៅពេលមាននីកូទីននៅក្នុងខ្លួន និងការមានអារម្មណ៍មិនល្អនៅពេលគ្មានវានោះ ធ្វើឱ្យមានការពិបាកយ៉ាងខ្លាំងក្នុងការជំនះការញៀនបារីនេះ ។ ការញៀននីកូទីន គឺជាការញៀនមួយដែលពិបាកផ្តាច់ ក្នុងចំណោមការញៀនសារធាតុផ្សេងៗទៀត ដែលពិបាកផ្តាច់ ។ ការប្រើប្រាស់ថ្នាំជក់គ្រប់ទំរង់ទាំងអស់សុទ្ធតែបណ្តាលឱ្យ មាននីកូទីនក្នុងបរិមាណខុសៗគ្នា ជ្រាបចូលទៅក្នុងចរន្តឈាមរបស់អ្នកប្រើប្រាស់ ។ ជាមធ្យមនីកូទីនចូលដល់ខួរក្បាលក្នុងរយៈពេល១០វិនាទី បន្ទាប់ពីផ្សែងបារីត្រូវបានហឺតចូល ។ បន្ទាប់ពីមានការប្រើប្រាស់ថ្នាំជក់មួយរយៈមក ការញៀននឹងកើតឡើង ។ បរិមាណ ចំនួនដង និងល្បឿននៃការជ្រាបរបស់នីកូទីន ហាក់ដូចជាមានទំនាក់ទំនងដោយផ្ទាល់ជាមួយឥទ្ធិពលនៃការញៀនដែល បានកើតឡើង ។ ការញៀននីកូទីន មានឥទ្ធិពលយ៉ាងខ្លាំង ។ នៅពេលដែលនរណាម្នាក់បានក្លាយជាអ្នកញៀនបារីហើយ នោះគេនឹងត្រូវតែបន្តជក់បារី ដើម្បីទទួលនូវអ្វីដែលការជក់នោះបានផ្តល់ សំរាប់បំពេញតំរូវការផ្លូវកាយ និងផ្លូវអារម្មណ៍របស់ពួកគេ ។
ប៉ុន្តែជាអកុសល អារម្មណ៍ល្អដែលអ្នកជក់បារីបានទទួលពីការជក់នោះ មានរយៈពេលយ៉ាងខ្លី ជាហេតុធ្វើឱ្យពួកគេចាប់ផ្តើមចង់ជក់បារី មួយដើមទៀត ក្នុងរយៈពេលដ៏ខ្លី ។ បញ្ហាមួយទៀតដែលកើតឡើងចំពោះអ្នកជក់បារី គឺកាលណាពួកគេជក់បារីកាន់តែច្រើន នោះជាតិនីកូទីន នឹងចូលទៅក្នុងខ្លួនគេកាន់តែច្រើន ដែលបណ្តាលឱ្យមានការញៀនកាន់តែខ្លាំង ។ ជាលទ្ធផល ពួកគេត្រូវតែជក់បារីកាន់តែច្រើន ដើម្បីបំពេញចំណង់ទាំងផ្លូវកាយ និងផ្លូវអារម្មណ៍ ដែលកំពុងតែញៀន ។
ឥទ្ធិពលរបស់នីកូទីន -នីកូទីនភ្ញោចទៅលើប្រព័ន្ធសរសៃប្រសាទ ហើយអាចធ្វើឱ្យសារពាង្គកាយញ័រ (ចលនាអចេតនា) ចំពោះអ្នកដែលមិនធ្លាប់ប្រើ ឬអាចធ្វើឱ្យប្រកាច់នៅពេលដែលពួកគេជក់ច្រើន ។ -នីកូទីនបង្កើនសម្ពាធឈាម ចង្វាក់បេះដូង និងលំហូរនៃចរន្តឈាមពីបេះដូង ។ នីកូទីនក៏ធ្វើឱ្យសរសៃឈាមអាទែរួមតូចដែរ ។ -នីកូទីនក៏អាចធ្វើឱ្យបែកញើស និងចង្អោរផងដែរ ។ នីកូទីនធ្វើឱ្យកំរិតជាតិស្ករនៅក្នុងឈាមកើនឡើង ។ -នីកូទីនធ្វើឱ្យមានការចងចាំ និងស្វាហាប់ (មួយរយៈ) ។ នីកូទីនក៏អាចបន្ថយការឃ្លានអាហារដែរ ។ -កំរិតជាតិនីកូទីនអាចនៅក្នុងឈាម រយៈពេល៦ទៅ៨ម៉ោង បន្ទាប់ពីឈប់ជក់បារី ។ រោគសញ្ញាញៀននីកូទីន -ឆាប់ខឹង -ការថប់អារម្មណ៍ -ពិបាកផ្ចង់អារម្មណ៍ -នៅមិនស្ងៀម -ចង្វាក់បេះដូងថយចុះ -ឃ្លានអាហារ ការពិតនៃរោគសញ្ញាញៀន -រោគសញ្ញាញៀនតែងកើតឡើង ក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយពីការជក់បារីចុងក្រោយបំផុត ហើយវាមានកំរិតខ្ពស់បំផុតក្នុងរយៈពេលពីរទៅបីថ្ងៃ ។ -រោគសញ្ញាញៀនអាចបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃទៅពីរបី សប្តាហ៍ ។ -រោគសញ្ញាញៀន អាចពិបាកទ្រាំ ប៉ុន្តែវាប្រសើរជាងការពន្យារពេលប្រឈមទៅនឹងបញ្ហាសុខភាព និងអនាគត ។ ផលប៉ះពាល់ដល់សុខភាព ការជក់បារីធ្វើឱ្យប៉ះពាល់ដល់សុខភាពជាច្រើនយ៉ាង ដូចជា បណ្តាលឱ្យមានជំងឺមហារីក និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត ៖ ១-ជំងឺបេះដូង-សរសៃឈាម -ជំងឺបេះដូង-សរសៃឈាម គឺជាមូលហេតុសំខាន់មួយនៃការស្លាប់ដោយសារការជក់បារី -ការជក់បារីជំរុញឱ្យសរសៃឈាមអាទែទៅជារឹង និងត្បៀត ដែលជាហេតុបណ្តាលឱ្យកើតជំងឺលើសឈាម ស្ត្រូក និងជំងឺគាំងបេះដូង ។ អ្នកជក់បារីកើតជំងឺទាំងនេះ ឆាប់រហ័សជាងអ្នកមិនជក់បារី ។ -ប្រហែល៣០%នៃជំងឺគាំងបេះដូង បង្កឡើងដោយការជក់បារី ។ ២-ជំងឺមហារីក -អ្នកជក់បារីងាយកើតជំងឺមហារីកជាងអ្នកមិនជក់បារី ជាពិសេស ជំងឺមហារីកសួត មហារីកបំពង់ក និងមហារីកមាត់ ដែលជំងឺទាំងនេះកម្រនឹងកើតមានលើអ្នកមិនជក់បារី ។ -បើអ្នកជក់បារី ជក់កាន់តែច្រើនក្នុងមួយថ្ងៃ និងជក់រយៈពេលកាន់តែយូរ នោះពួកគេកាន់តែប្រឈមនឹងការកើតជំងឺមហារីកសួត ។ ដូចគ្នានោះដែរ ការប្រឈមនឹងការកើតជំងឺនេះក៏កើនឡើងដែរ បើពួកគេចាប់ផ្តើមជក់បារីក្នុងវ័យកាន់តែក្មេង ។ -ចំពោះអតីតអ្នកជក់បារី ការប្រឈមនឹងការកើតជំងឺមហារីកសួត នឹងធ្លាក់ចុះមកស្មើនឹងអ្នកមិនជក់បារីក្នុងរយៈពេលប្រហែល១៥ ឆ្នាំ ។ -អ្នកជក់បារីមានការប្រឈមនឹងការកើតជំងឺមហារីកមាត់ បួនដង ខ្ពស់ជាងអ្នកមិនជក់បារី។ -ជំងឺផ្សេងៗទៀត ដែលកើតមានជាញឹកញាប់លើអ្នកជក់បារីមាន ៖ -មហារីកប្លោកនោម -មហារីកបំពង់អាហារ -មហារីកតម្រងនោម -មហារីកលំពែង ៣-ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) -ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ គឺជាក្រុមជំងឺ ដែលធ្វើឱ្យស្ទះខ្យល់ដកដង្ហើម និងធ្វើឱ្យពិបាកដកដង្ហើម ដូចជា ជំងឺហើមសួត (Emphysema) និងជំងឺរលាកទងសួតរ៉ាំរ៉ៃ ។ -ការជក់បារីគឺជាមូលហេតុចំបងមួយនៃជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ។ -ចំពោះអ្នកជក់បារី ដំណើរការរបស់សួត អាចធ្លាក់ចុះទាបជាងធម្មតាបីដង ។ នៅពេលដែលដំណើរការរបស់សួតធ្លាក់ចុះ ការពិបាកដកដង្ហើមក៏ចាប់ផ្តើមកើតឡើង ។ -ការខូចសួត ដោយសារជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ គឺជាការខូចខាតជាអចិន្ត្រៃយ៍ ប៉ុន្តែការឈប់ជក់បារីក្នុងដំណាក់កាលណាមួយ អាចកាត់បន្ថយការធ្លាក់ចុះនៃសមត្ថភាពរបស់សួត ។ ៤-ការជក់បារី និងការចុះខ្សោយផ្លូវភេទ ចំពោះបុរសក្នុងវ័យ៣០ ទៅ៤០ឆ្នាំ ការជក់បារីបង្កើនការប្រឈមនឹងការចុះខ្សោយផ្លូវភេទ ប្រហែល៥០% ។ លិង្គរបស់បុរសនឹងមិនអាចរឹងបានទេ បើចរន្តឈាមមិនអាចហូរចូលទៅលិង្គបានដោយស្រួលនោះ ដូច្នេះសរសៃឈាមទាំងនេះ ត្រូវតែមានទ្រង់ទ្រាយល្អជានិច្ច ។ ការជក់បារីអាចបណ្តាលឱ្យខូចសរសៃឈាម ៖ នីកូទីនធ្វើឱ្យត្បៀតសរសៃឈាមអាទែ ដែលចូលទៅលិង្គ ជាហេតុធ្វើឱ្យលំហូរឈាម និងសំពាធឈាមទៅលិង្គមានការថយចុះ ។ ឥទ្ធិពលនៃការត្បៀតសរសៃឈាមនេះចេះតែកើនឡើង ដូច្នេះប្រសិនបើអ្នកជក់បារីគ្មានបញ្ហានេះកើតឡើងក្នុងពេលបច្ចុ ប្បន្នក៏ដោយ ក៏ពួកគេនឹងអាចមានបញ្ហានេះនៅពេលអនាគត ។ ការមានបញ្ហាផ្លូវភេទលើអ្នកជក់បារី អាចជារោគសញ្ញាដំបូងដែលបង្ហាញថា បារីបានកំពុងបំផ្លាញផ្នែកផ្សេងៗនៃសរីរាង្គរួចទៅហើយ ដូចជាសរសៃឈាមទៅបេះដូងជាដើម ។ ៥-ការជក់បារីក្នុងពេលមានផ្ទៃពោះ ការជក់បារីធ្វើឱ្យប៉ះពាល់ផ្នែកជាច្រើន និងគ្រប់ដំណាក់កាលនៃការបន្តពូជ ។ ការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា ការជក់បារីក្នុងពេលមានផ្ទៃពោះប៉ះពាល់ដល់ទាំងសុខភាពម្តាយ និងទារក ។ ជាតិនីកូទីននៅក្នុងថ្នាំជក់ ធ្វើឱ្យត្បៀតសរសៃឈាមក្នុងទងសុក និងស្បូន ដែលជាហេតុធ្វើឱ្យបរិមាណអុកស៊ីហ្សែន ដែលផ្តល់ទៅទារក មានការថយចុះ ។ នៅពេលមានផ្ទៃពោះ ស្ត្រីដែលជក់បារី មានការប្រឈមនឹងការមានបញ្ហាទ្វេរដង ដូចជា ការបេះសុក (សុករបេះពីជញ្ជាំងស្បូនមុនអាយុកាល) ។ បញ្ហានេះអាចធ្វើឱ្យទារកកើតមិនគ្រប់ខែ ស្លាប់កើត ឬកើតស្លាប់ ។ នីកូទីន ក៏ត្រូវបានរកឃើញមាននៅក្នុងទឹកដោះម្តាយដែលជក់បារីដែរ ។ ទារកកើតពីម្តាយ ដែលជក់បារីក្នុងពេលមានផ្ទៃពោះ តែងមានទំនង់ទាបជាងធម្មតា ។ ការមានទំងន់ទាបនេះ គឺជាមូលហេតុនៃការស្លាប់របស់ទារក ៕
មតិយោបល់