កាលពីថ្ងៃទី ០៤ខែធ្នូ កន្លងទៅនេះ មានព្យុះទីហ្វុងឈ្មោះបុប្ផាបោកបក់ទៅលើប្រទេសហ្វីលីពីន ដែលបង្កឲ្យមានមនុស្សស្លាប់ និងបាត់ខ្លួនជាច្រើននាក់។
យោងតាមក្រុមប្រឹក្សាគ្រប់គ្រងនិង កាត់បន្ថយហានិសភ័យនៃគ្រោះមហន្តរាយជាតិ (NDRRMC) បានប្រាប់ឲ្យដឹងនៅថ្ងៃទី ១២ខែធ្នូកន្លងទៅនេះថា ព្យុះទីហ្វុងបុប្ផាបានបំផ្លាញ និងបង្កឲ្យខូចខាតគិតជាទឹកប្រាក់មានចំនួនជាង ៣៤១លានដុល្លារអាមេរិក។
នៅក្នុងនោះ ផ្នែកកសិកម្មត្រូវបានទទួលរងការខូចខាតជាខ្លាំង គិតជាប្រាក់ស្មើនឹង ២៣២,០៥លានដុល្លារអាមេរិក និងផ្នែកហេដ្ឋារចនាសម្ព័ន្ធទាំងឡាយស្មើនឹង១០៩,៩២លានដុល្លារអាមេរិក។ ក្រុមប្រឹក្សាគ្រប់គ្រងនិង កាត់បន្ថយហានិសភ័យនៃគ្រោះមហន្តរាយជាតិ បានឲ្យដឹងបន្ថែមទៀតថា ស្ពានចំនួន១៩ខ្សែ និង ផ្លូវចំនួន ៩ត្រូវបានខូចខាតដោយសារ ព្យុះសង្ឃរាបំផ្លាញ និងនៅតែមិនអាចឆ្លងកាត់បានឡើយ កំឡុងពេល ទីតាំងចំនួន ៣៧ និង តំបន់ចំនួន ៦នៅតែទទួលរងឥទ្ធិពល និងបានកាត់ផ្តាច់ដោយទឹកជំនន់នៅឡើយ។
គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ទៅ ៧៤០នាក់ និងមនុស្សបាត់ខ្លួនគឺមាន ៨៩០នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ត្រីក្នុងតំបន់៕
មតិយោបល់