គណៈប្រតិភូទីក្រុងគុនមិញ របស់ខេត្តយូណាន នៃសាធារណរដ្ឋប្រជា មានិតចិន ដឹកនាំដោយ លោក Zhao Ligong អភិបាលរងទីក្រុងគុនមិញ និង ជាប្រធាននាយកដ្ឋានសុវត្ថិភាពសាធារណៈទីក្រុងគុនមិញ ត្រូវបាន ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យចូលជួប ពិភាក្សាការងារ ជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១២ ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរាជធានី

ភ្នំពេញដែលជាទីក្រុង សម្ព័ន្ធមេត្រីភាពជាមួយទីក្រុងគុនមិញ ។ ជាមួយគ្នា នេះ ឯកឧត្តមអភិបាល រង ក៏បានជំរាបជួនភ្ញៀវផងដែរ ពីលក្ខណៈភូមិសាស្ត្រ របស់រាជធានីភ្នំពេញ និងកិច្ចដំណើរការក្នុងអភិវឌ្ឍន៏រាជធានីភ្នំពេញនារយៈ ពេលកន្លងមកនេះ ពិសេសលើការងាររៀបសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព ក្នុងទីក្រុង ។ ឯកឧត្តម ឃួង ស្រេង បាន បញ្ជាក់បន្ថែមថា រាជធានីភ្នំពេញ ត្រូវបានវាយតម្លៃពីកិច្ចការពារ ថែរក្សាបាន យ៉ាងល្អប្រសើរពីបញ្ហាសន្តិសុខ និងសុវត្ថិភាពសំរាប់បម្រើដល់កិច្ចប្រជុំកំពូល អាស៊ានលើកទី ២១ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំនេះ ដែល ទើបតែបញ្ចប់ទៅនាពេលថ្មីៗនេះ ហើយបានបង្ហាញយ៉ាងច្បាស់ពីការខិតខំ ប្រឹងប្រែងរបស់កំលាំងមានសមត្ថកិច្ច និង អាជ្ញាធរដែនដោះគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ។
លោក Zhao Ligong អភិបាលរងក្រុងគុនមិញ ក៏បានគូសបញ្ជាក់ដែរថា បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ល្អនៅក្នុងរាជធានីភ្នំពេញ គឹបានបង្ហាញ ពីសម្ថភាពរបស់សមត្ថកិច្ចគ្រប់ផ្នែកនៃរាជធានីភ្នំពេញ ហើយទីក្រុងគុនមិញ នឹងបន្តជម្រុញពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមខ្លឹមសារអនុសារណៈសម្ពន្ធ័មេត្រីភាព ដែលបានចុះហត្ថលេខារួមគ្នារវាង ឯកឧត្តម កែប ជុតិមា អភិបាលរាជធានី ភ្នំពេញ និង ឯកឧត្តម ចាង ជូលីន អភិបាលក្រុងគុនមិញ កាលពីថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១១ កន្លងទៅនេះ ។ ទន្ទឹមនេះ លោកអភិបាលរងក្រុងគុនមិញ ក៏បានអញ្ជើញគណៈប្រតិភូរាជធានីភ្នំពេញទៅ បំពេញទស្សនកិច្ចនៅទីក្រុង គុនមិញ តាមពេលវេលាសមស្របណាមួយ៕
ប្រភព៖Phnompenh
មតិយោបល់