ព័ត៌មានជាតិ

ជំ​នឿ​​លើ​​ខ្នា​យ​​តា​ន់​​ជ្រូ​ក​​ព្រៃ​​​រ​ប​ស់​ខ្មែ​រ​

ប្រជាជន​ខ្មែរ​រស់នៅ​ក្នុង​ខេត្ត នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ក៏​ដូចគ្នា​នឹង​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ក្នុង​ខេត្ត​សុ​រិន្ទ្រ ស៊ីសាកេត និង​បុរីរម្យ ក្នុង​ប្រទេស​ថៃ​នាពេល​បច្ចុប្បន្ន​នេះ​ដែរ ពួកគេ​នៅតែ​មាន​ជំនឿ​ថា ខ្នាយ តាន់​របស់​ជ្រូកព្រៃ គឺជា​វត្ថុ​ស័ក្តិសិទ្ធិ​ដែល​នាំមក​នូវ​សិរី​មង្គល និង​សេចក្តីសុខ​ចម្រុងចម្រើន ។​

​ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​ក៏​កើត​មាន​ទៅ​ដល់​ប្រជាជន​ខ្មែរ​ភាគតិច​ដែល​រស់ នៅ​តាម​ច្រករបៀង​នៃ​ព្រំដែន​ខ្មែរ​-​លាវ​ផងដែរ ។ ជនជាតិ​ខ្មែរ​លើ​ទាំងនេះ​មានដូចជា​ពួក​ទំ​ពូន ព្នង និង​ស្ទៀង​ជាដើម ដែល​ភាគច្រើន​នៃ​ពួក​នេះ​ពាក់​ខ្នាយតាន់​ជ្រូកព្រៃ​ជា​ប្រចាំ​ថ្ងៃ​ទៀតផង ។​

​ការ​មាន​ជំនឿ​លើ​ខ្នាយតាន់​ជ្រូក​ព្រៃរបស់​ប្រជាជន​ខ្មែរ​ស្ទើរតែ​មាន លក្ខណ​:​ជា​ទូទៅ​ក្នុង​សង្គម​ខ្មែរ ជាពិសេស​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​នៅ​តំបន់​ព្រៃភ្នំ​ដែល​គេ​យល់ឃើញថា ជា​តំបន់​អាថ៌កំបាំង​ប្រកបដោយ​បារមី និង​វត្ថុ​ស័ក្តិសិទ្ធិ ឬក៏​ជា​កន្លែង​រស់នៅ​ដ៏​សុខសាន្ត​របស់​សត្វ​ជ្រូកព្រៃ​ដោយ​វត្តមាន​នៃ មើមដំឡូង​ព្រៃ​យ៉ាង​សម្បូរ ។​

​ការស្រាវជ្រាវ​របស់​យើង​បានឱ្យដឹងថា ជ្រូកព្រៃ​មាន​ទម្លាប់​រស់នៅ​ជា​ហ្វូង​របស់​វា ហើយ​នៅក្នុង​ហ្វូង​ជ្រូក​នីមួយៗ គេ​ឃើញ​មាន​មេហ្វូង​មួយ​ជា​ជ្រូក​ឈ្មោល​ដែល មិន​ត្រឹមតែ​មាន​មាឌ​ធំ ហើយ​ខ្លាំងជាងគេ​ទេ វា​ថែមទាំង​កាច​សាហាវ​ទៀតផង ។ នៅក្នុង​ខណៈ ពេល​ដែល​មាន​កូនជ្រូក​ព្រៃ​ទើប​នឹង​កើត​មក មេហ្វូង​ជ្រូកព្រៃ​ដ៏​កាច​សាហាវ​ខ្លាំង​នេះ​សម្លាប់​នូវ​កូន​ជ្រូកព្រៃ​ឈ្មោល ណា ដែល​វា​ទទួល ស្គាល់​ថា​មាន​មហិទ្ធិឫទ្ធិ​ដូច​វា ។​

​អ្នកស្រុក​រស់នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​បានឱ្យដឹងថា ការបំផ្លាញ​កូន​ខ្លួន​ឯង​ដូច្នេះ បណ្តាលមកពី​មេហ្វូង​ខ្លាចក្រែង​កូនឈ្មោល​នៅ ក្នុង​ហ្វូង​នោះ​នឹង​ដណ្តើម​អំណាច​ធ្វើ​ជា​មេហ្វូង​ទៅ​ថ្ងៃក្រោយ ។​

Chea pig.jpg

​ទម្លាប់​របស់​ជ្រូកព្រៃ​នេះ ពុំមែន​ជា​រឿង​ចៃដន្យ​នៅក្នុង​សង្គម​សត្វ​ដែល​ធ្វើឱ្យ​មាន​ការ​រន្ធត់ចិត្ត នោះទេ តែ​នេះ​ជា​ច្បាប់ធម្មជាតិ ។​

​ពេល​មេហ្វូង​ជិត​ស្លាប់ ទើប​វា​ទុក​កូនឈ្មោល​ណា​ដែល​ប្រកប​លក្ខណៈសម្បត្តិ​រឹងមាំ​មាន​ដុះ​ខ្នាយ​វែង ជាង​គេ​បន្តិច​ដើម្បី​ទុក​ដឹកនាំ​ហ្វូង​ជ្រូកព្រៃ​បន្ត​ពី​វា​ទៀត ។ ចំពោះ​មេហ្វូង​ជ្រូក​ព្រៃ​ដល់ពេល​ដែល​វា​ចាស់ជរា​ខ្លាំង​ទៅ វា​ដើរ​ទៅ​រក​កន្លែង​ណា​ស្ងាត់ និង​មាន​ដើម ឈើ​ផង ដើម្បី​យក​ខ្នាយតាន់​របស់​វា​ទាំង​ពីរ​ទៅ​កាច់​បំបាក់​ទុក​បង្កប់​ចោល​នៅ​នឹង ដើមឈើ​នោះ ។​

​មហិទ្ធិឫទ្ធិ​របស់​ខ្នាយតាន់​នៅត្រង់ថា បារមី ឬ​វត្ថុ​ស័ក្តិសិទ្ធិ​ជា​ពន្លឺ​នៅលើ​ថ្ងាស​ជ្រូកព្រៃ​ដែល​តាម​ថែរក្សា គាំពារ​ជានិច្ចកាល ។ បារមី​នេះឯង​ដែល​ពិបាក​នឹង​មាន​នរណា​ម្នាក់​អាច​សម្លាប់​វា​ដោយ​ងាយ​បានឡើយ ។​

​ហេតុដូច្នេះ​ហើយ ប្រជាជន​ខ្មែរ​នៅតាម​តំបន់​ព្រៃ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ដទៃទៀត មានជំនឿថា អ្នក​ដែល​រើស​បាន​ខ្នាយ តាន់​ជ្រូកព្រៃ​យក​មក​ពាក់ គឺ​គេ​នឹង​មាន​សេចក្តីសុខ​សិរី​សួស្តី​ជាពុំខាន ។ បារមី​នៃ​ខ្នាយតាន់​នេះ​នឹង​នៅ​រក្សា​ការពារ​មិន​ឱ្យ​សត្រូវ​ជិត​ឆ្ងាយ​ណា​មក បៀតបៀន ឬ​យកឈ្នេះ​លើ​ខ្លួន​គេ​បាន​ឡើយ ។​

​អ្នក​មាន​ខ្នាយតាន់​ជ្រូកព្រៃ​តែងតែ​កាន់​ត្រណម​មួយ​ចំនួន​យ៉ាង ខ្ជាប់ខ្ជួន​ហើយ​គួបផ្សំ​នឹង​មន្តអាគម​បន្ថែម​ផង​នោះ​ធ្វើឱ្យ​ខ្នាយតាន់ ជ្រូកព្រៃ​ដែលមាន​បារមី​កាន់​ស្រាប់ កាន់តែ​ខ្លាំងក្លា​មួយកំរិត​ថែម​ទៀត ។​

​ចំពោះ​បងប្អូន​ជនជាតិ​ខ្មែរលើ ក៏​មាន​ជំនឿ​ដូចគ្នានេះដែរ ។ គេ​បាន​ចាត់ទុក​ជំនឿ​នេះ​ជា​ទំនៀមទម្លាប់​ប្រពៃណី​ប្រចាំ​ជនជាតិ​ទៀតផង ។ គេ​យល់​ថា បារមី​ខ្នាយតាន់​ជ្រូកព្រៃ​សម្រាប់​ជួយ​ការពារ​នឹង​សត្វព្រៃ​ដ៏​កាច សាហាវ​ផ្សេងៗ ឬ​អាវុធ​ដូចជា​ព្រួញ ស្ន​ជាដើម ដោយហេតុថា​នៅ​តំបន់​ព្រៃភ្នំ​ពុំ​មាន​គ្រាប់កាំភ្លើង ឬ​ជាតិ​ផ្ទុះ​ឡើយ ។​

​សរុបសេចក្តី​មក ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃ​នៃ​ជនជាតិខ្មែរ អាច​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ទស្សនៈ​របស់​មនុស្ស ជាពិសេស​នៅពេល​ដែល​ប្រឈមមុខ​នឹង​គ្រោះ​កំណាច​អ្វី​មួយ​មក​ពី​ខាងក្រៅ រមែងតែ​ប្រាថ្នា​សេចក្តីសុខ​សប្បាយ និង​សុវត្ថិភាព​តែប៉ុណ្ណោះ ហើយ​ជំនឿ​នេះ​ក៏​ជា​មែកធាង​នៃ​ខឿនវប្បធម៌​អរូបី​របស់​ជាតិ​យើង​ផង​ដែរ ។​

​គប្បី​ជម្រាប​ផងដែរ​ថា ចំពោះ​ខ្មែរ​សុ​រិន្ទ្រ បុរីរម្យ​សព្វថ្ងៃ ឆ្អឹង​ថ្គាម ខ្នាយ និង​ឈាម​សត្វព្រៃ​មួយចំនួន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរក្សា​រោគ ឬ​ជំងឺ ។ ឧទាហរណ៍​គេ​យក​ថ្គាមដំរី​ទៅ​ដុស​នឹង​ថ្ម ហើយ​ស្រង់ទឹក​យក​ទៅ​បរិភោគ​ដើម្បី​ការពារ​ពុល​ថ្នាំ និង​ធ្វើឱ្យ​ត្រជាក់​ខ្លួន​ប្រាណ ។ ភ្លុក​ដំរី និង​ខ្នាយតាន់​ជ្រូកព្រៃ​វិញ គេ​ប្រើ​សម្រាប់​កែ​ក្តៅខ្លួន​ដែរ ។ ឆ្អឹង​ត្មាត និង​ឆ្អឹង​អក​សម្រាប់​កែរោគ​គ្រុនញាក់​រវើរវាយ និង​កែរោគ​ស្ត្រី​ដែល​សម្រាលកូន​មិន​ចេញ​ដូច​ប្រក្រតី ។ ជូន​កាល​គេ​ក៏​យក​ឈាម​រមាស​កែ​ក្រំ និង​ជាំ​ខ្ទុះ ពេល​ដែល​ធ្លាក់​ពី​ខ្នង​ដំរី ឬ​ដើមឈើ​ជាដើម ។ ចំពោះ​ចង្កូមខ្លា គេ​យកមក​ដាក់​ពាក់​ជា​បន្តោង​នៅ​ក​ដើម្បី​ការពារ​សត្វព្រៃ ហើយ​បើ​ចង្កូមខ្លា​នោះ​មាន​ប្រហោង វា​កាន់តែ​មាន​ប្រសិទ្ធភាព​ទៅ​ទៀត ព្រោះ​ព្រាយ​បី​សាច​ភ័យខ្លាច​ខ្លាំងណាស់ ។​

​តើ​មនុស្ស​នៅ​ភូមិ​ស្នាយ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​មាន​ជំនឿ​ដូចខាងលើ នេះ​ដែរ​ឬទេ ? ចំពោះ​ចម្លើយ​នឹង​សំណួរ​នេះ បើ​តាម​ការស្រាវជ្រាវ​សិក្សា​ប្រៀបធៀប​របស់​យើង​បានឱ្យដឹងថា អ្វីៗ​ដែល​ពោល​មិន​ខុសប្លែក​ពី​ជំនឿ​របស់​សហគមន៍​ខ្មែរ​នៅ​ភូមិ​ស្នាយ ប៉ុន្មាន​ឡើយ ដោយហេតុ​ថា​សំណង់​វប្បធម៌​វត្ថុ​បុរាណ​ជាច្រើន ដូច​ជា​ឆ្អឹង​ចង្កូម​សត្វ​ដែល​គេ​កប់​ជាមួយ​សព ពុំមែន​ជា​ការ​ចៃដន្យ​ទេ ក៏ប៉ុន្តែ​វត្ថុ​ទាំងអស់​នោះ​បាន​ឆ្លើយតប​តាម​ជំនឿ​ប្រពៃណី​របស់​មនុស្ស ខ្មែរ​នា​សម័យ​ដើម​យ៉ាងពិតៗ៕

ជំ​នឿ​​លើ​​ខ្នា​យ​​តា​ន់​​ជ្រូ​ក​​ព្រៃ​​​រ​ប​ស់​ខ្មែ​រ​
ជំ​នឿ​​លើ​​ខ្នា​យ​​តា​ន់​​ជ្រូ​ក​​ព្រៃ​​​រ​ប​ស់​ខ្មែ​រ​

មតិយោបល់