ព័ត៌មានជាតិ

អ្វី​​ជា​​​ពិ​ធី​​ភ្ជា​ប់​ពា​ក្យ​​​?​

​នៅក្នុង​សម័យ​ដើម ពិធី​ភ្ជាប់ពាក្យ​ត្រូវបាន​រៀបចំ​ធ្វើឡើង​ច្រើន​ខែ ឬ​ច្រើន​ឆ្នាំ​មុន​ពេល​រៀបការ​។ នៅពេល​បច្ចុប្បន្ន​គេ​ច្រើនរៀបចំ​ពិធី​ភ្ជាប់ពាក្យ​នៅ​ថ្ងៃ​រៀបការ​តែម្ដង​។​
​តាម​ប្រពៃណី​ខ្មែរ ភ្ជាប់ពាក្យ​ជា​ពិធី​មួយ​មាន​អត្ថន័យ​ជ្រាលជ្រៅ​។ ពិធី​នេះ រៀបចំឡើង​ដើម្បី​ជា​ចំណង​អនុស្សាវរីយ៍​សម្រាប់​អនាគត​ស្វាមីភរិយា​។ ពិធី​ភ្ជាប់ពាក្យ មាន​ភាព​អធិកអធម​ណាស់ មាន​ផ្លែឈើ​គ្រប់មុខ នំចំណី ប្រាក់ មាស ពេជ្រ (​ខាន់ស្លា​) ទៅតាម​លទ្ធភាព​ស្ថានភាព​គ្រួសារ​។ ញាតិមិត្ត​ទាំងសងខាង​ជួយ​កាន់​ជំនូន​ទាំងអស់ ដង្ហែ​យក​ទៅ​ផ្ទះ​កូនស្រី​ដោយមាន​ចាស់ទុំ អ្នកផ្លូវ​ចៅ​មហា​នាំមុខ​។​

​លុះ​ទៅដល់​ផ្ទះ​ខាង​ស្រី ម្ដាយ​ឪពុក បងប្អូន​ខាង​ស្រី អង្គុយ​ក្នុង​បន្ទប់​កិត្តិយស​មួយ​រង់ចាំ​ទទួល​ពាក្យ និង​ជំនូន​ពី​អ្នកផ្លូវ​ចៅ​មហា​។​
​បន្ទាប់ពី​បាន​ចែចូវ​ត្រូវ​រូ​វ​គ្នា​រួចរាល់​ហើយ កូនក្រមុំ​កម្លោះ​អញ្ជើញ​ភ្ញៀវ និង​បងប្អូន​ទាំងសងខាង​ពិសា​ស្លា​។ ដូចនេះ ហើយ​ទើប​មាន​ពាក្យ​ទំនៀម​ថា ស៊ី​ស្លា​ភ្ជាប់ពាក្យ​។​
​ការភ្ជាប់​ពាក្យ​ជា​បែបបទ​ដែល​កើតចេញ​ពី​ដំណាក់​ស្វែង​យល់​ចិត្ត និង​ជា​សកម្មភាព​នៃ​ការប្ដេជ្ញាចិត្ត ក្នុងនោះ​ស្រី និង​ប្រុស​យល់ព្រម​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា បន្ទាប់​ពី​អភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​បុគ្គល​និង​បុគ្គល​បាន​យ៉ាង​ជ្រាលជ្រៅ​។ សកម្មភាព​នេះ ត្រូវបាន​មិត្ត​ទទួល​ដឹងឮ បន្ថែម​លើ​នេះ​ទៅទៀត មាន​ការបំពាក់​ចិញ្ចៀន​ភ្ជាប់ពាក្យ​របស់​សាមីខ្លួន​ទាំង​ពីរ​នៅក្នុង​ពិធី​ទៀតផង​។​

​ការភ្ជាប់​ពាក្យ​ជា​ជំហាន​ចុងក្រោយ​នៃ​ការស្វែងយល់​ចិត្ត​។ តាមរយៈ​ការ​ភ្ជាប់ពាក្យ​នេះ សាមីខ្លួន​ទាំង​ពីរ នឹង​ទៅ​ដល់​ការរៀប​អាពាហ៍ពិពាហ៍​។ ការភ្ជាប់​ពាក្យ​បាន​បំពេញ​បំណង​មួយ​ដល់​សាមីខ្លួន​ទាំង​ពីរ និង​សហគមន៍ ព្រោះ​ការ​ភ្ជាប់ពាក្យ​បង្ហាញថា ការ​រៀបការ​នឹង​ឈាន​មក​ដល់​ហើយ​។​
​ការភ្ជាប់​ពាក្យ​គួរតែ​ធ្វើឡើង​ឲ្យបាន​រយៈពេល​វែង​បន្តិច​មុន​ពេល​រៀបការ ដើម្បី​ផ្ដល់​ឱកាស​គ្រប់គ្រាន់​ឲ្យ​សាមីខ្លួន​ទាំង​ពីរ​បាន​ស្វែងយល់ សាកល្បង សិក្សា ដោះស្រាយ​ភាពខុសគ្នា​ពី​គ្នា​ទៅវិញទៅមក ធ្វើឲ្យ​ការសម្រេចចិត្ត​របស់​គេ​លើ​ការ​រើស​គូស្រករ ប្រកប​បាន​ដោយ​ជោគជ័យ​។ ការភ្ជាប់​ពាក្យ​គួរ​រៀបចំ​ឡើង​ក្នុង​រយៈពេល​ច្រើន​ខែ​មុន​រៀប​អាពាហ៍ពិពាហ៍ ដើម្បី​ឲ្យ​ភាគី​ទាំងសងខាង​កែលំអ​ខ្លួន​ឲ្យបាន​ប្រសើរលើ​ការរស់នៅ​។​
​សាមីខ្លួន​ដែល​បាន​ភ្ជាប់ពាក្យ​ហើយ ត្រូវ​ប្រើ​ពេលវេលា​មុន​រៀបការ ដើម្បី​បង្ហាញ​ពី​សេចក្ដីស្រឡាញ់ និង​ការយកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក​។ ដូចនេះ​ពួកគេ​ត្រូវតែ​៖

មានចិត្ត​ទូលំទូលាយ​ចំពោះ​គ្នា​និង​គ្នា ដោយ​មិន​ចង្អៀតចង្អល់ បើ​នរណា​ម្នាក់​រក្សា​មិត្តភាព​ចាស់ និង​បង្កើត​មិត្តភាព​ថ្មី​។​
លាតត្រដាង​ពី​ប្រវត្តិ​អតីតកាល​ដែល​គេ​ធ្លាប់បាន​ជួបប្រទះ ដូចជា​៖
ធ្លាប់​បាន​រៀបការ​ម្ដង​រួច​ហើយ (​ប្រសិនបើ​មាន​)
ប្រវត្តិ​ការងារ និង​កាតព្វកិច្ច​ទទួលខុសត្រូវ​ចំ​ពោះ​ខ្លួនឯង និង​គ្រួសារ​
កត្តា​លក្ខណៈ​តំណពូជ និង​មិន​តំណពូជ​ដែល​អាច​ផ្ដល់​ផល​អាក្រក់​ដល់​កូន​
ប្រវត្តិ​ជម្ងឺ ដូចជា ជម្ងឺរបេង ជម្ងឺ​គាំងបេះដូង ជម្ងឺ​កាមរោគ ជម្ងឺអេដស៍ ឬ​ជម្ងឺ​សរសៃប្រសាទ -​ល​-​។​
បញ្ជី​បំណុល ឬ​កាតព្វកិច្ច​ផ្សេងៗ​ទៀត​ដែល​អាច​ជះឥទ្ធិពល​ទៅលើ​ការរៀប​អាពាហ៍ពិពាហ៍​។​
បញ្ជាក់​ឲ្យឃើញ​ពី​ភាព​កក់ក្ដៅ ឬ​ការស្រឡាញ់​យល់ចិត្ត​គ្នា​ទៅលើ​សកម្មភាព​ផ្សេងៗ ដោយ​មិន​ទាក់ទង​នឹង​ការ​រួមភេទ​។ ចំណង់​ចំណូលចិត្ត​ខាង​ភេទ​មុន​ពេល​រៀបការ ត្រូវតែ​ជំនះ​ដាច់ខាត ដើម្បី​ចៀសវាង​កំហុស ការ​ខ្មាសអៀន និង​ការ​ស្ដាយក្រោយ​។​
រក​វិធី​ដោះស្រាយ​ការយល់ច្រឡំ និង​ការខ្វែងគំនិត​គ្នា​ដើម្បី​ជំនះ​រាល់​ការមន្ទិលសង្ស័យ និង​ផ្សះផ្សា​មនោសញ្ចេតនា​គ្នា​មុន​ពេល​រៀបការ​។​
ជូន​ពាក្យ​ទៅ​គេ​វិញ​បើ​អ្នក​យល់ថា ភាគី​ម្ខាង​មិន​អាច​ធ្វើ​ជា​ប្ដី ឬ​ប្រពន្ធ​ល្អ​បាន​។​

​មុខងារ​ដ៏​សំខាន់​នៃ ការភ្ជាប់​ពាក្យ​គឺ​ដើម្បី​ចៀសវាង​ពី​ការ​ចាប់បង្ខំ ឲ្យ​រៀបការ​ជាមួយ​មនុស្ស​ណា​ដែល​គេ​គិត​ថា គ្មាន​សុភមង្គល ក្រោយ​ពី​គេ​រៀបការ​រួច​។ ការរៀប​ការ​រួច​មិន​ទទួលបាន​សុភមង្គល​មាន​មូលហេតុ​ដូចខាងក្រោម​៖

មាន​អារម្មណ៍​មិន​ស្និទ្ធស្នាល ឬ​មិន​ចុះសម្រុង​គ្នា​
គ្មាន​ចំណាប់អារម្មណ៍ ឬ​មិន​ស្រឡាញ់​គ្នា​ទៅវិញទៅមក​
ត្រូវ​ម្ដាយ​ឪពុក ឬ​អាណាព្យាបាល គ្រប​សង្កត់​ផ្លូវចិត្ត​ដោយ​គ្មាន​សមត្ថភាព​ប្រឈមមុខ នឹង​ទំនួល​ខុស​ត្រូវ​នៃ​ជីវិត​រៀបការ​
មាន​មន្ទិលសង្ស័យ​ជា​ញឹកញាប់ មិន​ប្រាកដប្រជា និង​មាន​ជម្លោះ​។​

​គូ​ស្វាមី ភរិយា​គួរ​ចេះ​ពិភាក្សាគ្នា ដើម្បី​កំណត់​ពី​ចំនួន​កូន​តាមចិត្ត​ប្រាថ្នា​។​
​ពួកគេ​អាច​អនុវត្ត​វិធី​ពន្យារកំណើត​ដោយ​សុំ​ដំបូន្មាន​ពី​មណ្ឌល​សុខភាព ឬ​សេវា​ពន្យារកំណើត​។ ការ​ពន្យារកំណើត​នេះ​កាន់តែ​ផ្ដល់ សារៈសំខាន់​ចំពោះ​កូនក្រមុំ​មាន​អាយុ​២០​ឆ្នាំ ឬ​គ្រួសារ​មាន​ស្ថានភាព​សេដ្ឋកិច្ច​ទន់ខ្សោយ​៕​

អ្វី​​ជា​​​ពិ​ធី​​ភ្ជា​ប់​ពា​ក្យ​​​?​
អ្វី​​ជា​​​ពិ​ធី​​ភ្ជា​ប់​ពា​ក្យ​​​?​

មតិយោបល់