នៅថ្ងៃទី ១ ខែ កុម្ភៈឆ្នាំ ២០១៣ នេះដែលជាការចាប់ផ្តើមនៃកម្មវិធី បូជាព្រះសពរបស់សម្តេចព្រវរបិតាឯករាជ្យជាតិ នៃកម្ពុជា មានប្រជារាស្ត្រមន្ត្រីអ្នកមុខអ្នកការជាច្រើនបានចូលរួមដើម្បីរំលែកទុក្ខដ៏ក្រៀមក្រំនេះ។
នៅថ្ងៃនេះដែរលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពោរពេញទៅដោយរូបភាពនៃសកម្មភាពចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដែលក្រុមអ្នកចូលរួមស្លៀកពាក់យ៉ាងស្អាតបាត ជាមួយនឹងឈុតអាវស សំពតឬខោវខ្មៅ ជាមួយនឹងបូរកាន់ទុក្ខយ៉ាងខ្ជាប់ខ្ជួនទៀតផង។
ការហែរព្រះសពសម្តេចតានេះដែរគឺហែរចេញពីបរមរាជវាំង ឆ្ពោះទៅកាន់ដងវិថីព្រះស៊ីសុវត្ថិ វង់មួយជុំវត្តភ្នំ ចាក់មកកាន់មហាវិថីនរោត្តម ដោយឆ្លងកាត់ វិមានឯករាជ្យ និងឆ្ពោះទៅកាន់វាលមេរុដែលជាកន្លែងត្រូវថ្វាយព្រះភ្លើង។
តារាចម្រៀង គង់ ចាន់រដ្ឋា ដែលជាគ្រាប់ពូជដ៏មានឥទ្ធិពលរបស់ ផលិតកម្ម សឹង្ហមាសនោះ ដែលបានចូលរួមក្នុងកម្មវិធីនោះដែរបានប្រាប់គេហទំព័រ ដំណឹង តាមទូរស័ព្ទថា “នាងពិតជាមានអារម្មណ៍ក្តុកក្តួលណាស់ មិនខុសពីពេលហែរព្រះសពពី ចិន មកកាន់កម្ពុជាប៉ុន្មានទេ ដោយនៅតែនឹកអាល័យចំពោះសម្តេចតា សម្តេតាទួតនៃយើង ដែលជាព្រះវរបិតាជាតិដ៏ក្លាហានរបស់កម្ពុជានោះ។ក្នុងសំឡេងរដាក់រដុប នាងបានបន្ថែមទៀតថា “នាងពិតជាមិនអាចទប់ទឹកភ្នែកបានទេ នៅពេលដែលឃើញការហែរសព្វរបស់ព្រះអង្គ នោះ ។តែទោះជាយ៉ាងណា នាងនៅមានពាក្យជាចុងក្រោយសម្រាប់ជូនពរដល់ សម្តេចតា សម្តេចតា ជូនឲ្យព្រះព្រលឹងរបស់សម្តេច ឡើងទៅកាន់ឋានសួគ៌ដើម្បីជាម្លប់បារមី ជូនដល់ប្រជានុរាស្ត្រដែលជាកូនចៅរបស់ព្រះអង្គ”។
ចំណែកលោក ថា សុភ័ក្រ ដែលជា ប្រធានទីផ្សារ របស់ក្រុមហ៊ុន GPC ដែលកំពុងឈររងចូលរួមដង្ហែរ ព្រះបរមសពរបស់សម្តេចតា នោះ លោកបានប្រាប់គេហទំព័រ ដំណឹងថា លោកពិតជាមានអារម្មណ៍ក្តុកក្តួលណាស់ ចំពោះវិរៈភាពដ៏ក្លាហានរបស់ព្រះអង្គ ដែលផ្តល់ឲ្យកូនចៅជំនាន់ក្រោយ នោះ។ អារម្មណ៍លើកនេះ មិនខុសពីអារម្មណ៍ដែលយាងព្រះបរមសពពី ចិន ប៉ុន្មាននោះទេ ហើយថ្ងៃនេះដែរ ប្រហែលជាយើងលែងបានឃើញរាងកាយរបស់ព្រះអង្គទៀតហើយ ដោយត្រឹមតែបានឃើញរូបថត និងស្នាព្រះហស្ថរបស់ព្រះអង្គតែប៉ុណ្ណោះ។ជាមួយនឹងគ្នានេះដែរ លោកក៏បានជូនពរ ឲ្យព្រះវិញ្ញាណខណ្ឌរបស់ព្រះអង្គយាងទៅកាន់ បរមសុខកុំបីខានឡើយ។
គួរបញ្ជាក់ផងដែរថា ព្រះករុណាព្រះបាទនរោត្ដមសីហនុ ព្រះវរបិតាឯករាជជាតិ ទ្រង់បានសោយព្រះទិង្គត់នៅថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ (ម៉ោងនៅរាជធានីភ្នំពេញ) នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយជរាពាធ។ ព្រះសពរបស់ទ្រង់ត្រូវបានដង្ហែរពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយព្រះករុណាព្រះបាទសីហមុនី និង សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន នៅថ្ងៃទី ១៧ ខែតុលា វេលាម៉ោង ២:៣០ រសៀល។ ការដង្ហែរព្រះបរមសពពីប្រលានយន្តហោះអន្តរជាតិភ្នំពេញ មក ព្រះបរមរាជវាំងកាត់តាមវិមានឯករាជ្យ បានបញ្ចប់នៅម៉ោង ៥:៣០ ល្ងាច ដោយមានប្រជានុរាស្ត្រប្រមាណជាង ១ ០០០ ០០០ (មួយលាន) ទៅជាង ១ ២០០ ០០០ (មួយលានពីរសែន) នាក់មកចាំដង្ហែរដែលមានទាំងបព្វជិត និង គ្រហស្ថ។ ព្រះបរមសពរបស់ទ្រង់នឹងដំកល់នៅព្រះបរមរាជវាំងយ៉ាងតិច ៣ ខែ។ជាមួយនឹងគ្នានេះដែរ ពេលកន្លង ៣ ខែ បានផុតទៅហើយ ដោយសព្វរបស់ព្រះអង្គតំកល់នៅ វាលព្រះមេរុសម្រាប់ថ្វាយព្រះភ្លើងនោះ មានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃនេះ ដែលត្រូវនឹងថ្ងៃទី ១ ខែ កុម្ភៈ ដល់ថ្ងៃទី ៤ ខែ កុម្ភៈ សម្រាប់ប្រជាជនចូលថ្វាយ និងជួបព្រះភ័ក្ត្ររបស់ព្រះអង្គនាពេលចុងក្រោយ៕
មតិយោបល់