សម្ដេចតេជោស្វាគមន៍គម្រោងការរកស៊ីរបស់ គណៈប្រតិភូសហព័ន្ធសភាពាណិជ្ជកម្មជប៉ុន នៅកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ស្វាគមន៍ចំពោះគោលបំណង របស់គណៈប្រតិភូ សហព័ន្ធសភាពាណិជ្ជកម្មជប៉ុនដឹកនាំដោយលោក Yonekura Hiromasa ក្នុងការមកបណ្ដាក់ទុននៅកម្ពុជា ព្រមទាំង បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គណៈប្រតិភូផងដែរ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីឲ្យដឹងថាក្នុងឳកាសទទួលសវនការ ជាមួយ គណៈប្រតិភូសហព័ន្ធសភាពាណិជ្ជកម្មជប៉ុនដឹកនាំដោយលោក Yonekura Hiromasa នៅវិមាន សន្តិភាព នាថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០១៣សម្តេចតេជោបានមានប្រសាសន៍ថាអាស៊ាននឹងក្លាយជាសហគមន៍សេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១៥ នេះ ដូច្នេះហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដែលពេលនេះកម្ពុជា កំពុងតែខិតខំរក ជំនួយបន្ថែម ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្ទៃក្នុង បើពុំនោះទេ កម្ពុជាមិនអាចតភ្ជាប់ទៅខាង ក្រៅបានឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាកំពុងតែរកទុនបន្ថែម ព្រោះថារាជ រដ្ឋាភិបាលមិនមានថវិកាគ្រប់គ្រាន់ទេ គឺតម្រូវឲ្យមានការចូលរួមពីវិស័យឯកជនដែលជាកត្តាសំខាន់បំផុត។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានរំលឹកឡើង អំពីវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានផ្លូវគោក ផ្លូវដែក ផ្លូវទឹក កំពង់ផែ ផ្លូវអាកាស អគ្គិសនី ក៏ដូចជាប្រព័ន្ធស្រោចស្រពផងដែរ។ ពាក់ព័ន្ធនឹងវិស័យអគ្គិសនីសម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា កម្ពុជា កំពុងតែស្ថិតនៅក្នុងរដូវប្រាំង ហើយភ្នំពេញសព្វថ្ងៃកំពុងតែមានកង្វះខាតអគ្គិសនីប្រមាណជា ៦០ មេហ្គា វ៉ាត់ ប៉ុន្តែតាមការទស្សន៍ទាយនៅក្នុងឆ្នាំ ២០១៤ ខាងមុខកង្វះខាតនេះនឹងចុះថយ។កម្ពុជាសូម ស្វាគមន៍នូវការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗរបស់ជប៉ុន និងបទពិសោធន៍ដើម្បីធ្វើការវិនិយោគលើ វិស័យអគ្គិសនីនេះ។
សម្តេចតេជោបានស្វាគមន៍ ចំពោះការវិនិយោគលើវិស័យបច្ចេកវិទ្យារបស់ជប៉ុន ព្រោះការវិនិយោគនេះ បានកាត់បន្ថយកុំឲ្យមានការបំពុលដល់បរិស្ថាន។ សម្តេចតេជោក៏បានស្វាគមន៍ ចំពោះសេចក្តីថ្លែងការណ៍នៅទីក្រុងតូក្យូ ដែលសុំឲ្យជប៉ុនធ្វើការសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយក្នុង តំបន់មេគង្គជៀសវាងការវិនិយោគណាមួយដែលធ្វើឲ្យប៉ះពាល់ដល់អាងទន្លេមេគង្គ និងបរិស្ថានជុំ វិញទន្លេនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាមានមហិច្ឆតាខ្ពស់ណាស់ គឺមិនត្រឹមតែ ចង់បានអគ្គិសនីនៅតែទីក្រុងឬក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាចង់ឲ្យមានអគ្គិសនី រហូតទៅដល់ជនបទ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅជនបទមានអគ្គិសនីប្រើប្រាស់។ សម្តេតេជោបញ្ជាក់ថាសម្តេចសូម ស្វាគមន៍ការវិនិយោគទាំងឡាយណា ដែលពាក់ព័ន្ធនឹងអគ្គិសនីពីប្រទេសជប៉ុន។ពាក់ព័ន្ធនឹងការវីនិយោគពីបរទេស សម្តេចតេជោថ្លែងថា កម្ពុជាអនុញ្ញាតឲ្យបរទេសដាក់ទុនវិនិយោគ ១០០ ភាគរយ បង្កើតក្រុមហ៊ុន ១០០ ភាគរយខ្លួនឯង ដោយមិនតម្រូវឲ្យមានភាគហ៊ុនរបស់អ្នកក្នុងស្រុកឡើយ ហើយការប្រើប្រាស់រូបិយប័ណ្ណគឺមានការ អនុគ្រោះឲ្យប្រើប្រាស់រូបិយប័ណ្ណបរទេសក៏ដូចជា ឲ្យប្រើប្រាស់រូបិយប័ណ្ណនោះបើកប្រាក់ខែពលករ ផងដែរ។
លោក Yonekura Hiromasa ប្រធានគណៈប្រតិភូ សហព័ន្ធសភាពាណិជ្ជកម្មជប៉ុន បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា គណៈប្រតិភូរបស់លោកទាំងមូលគឺចង់សហការជាមួយនឹងកម្ពុជា ជាពិសេសនៅលើបញ្ហាពាណិជ្ជកម្ម វិនិយោគ និងសហប្រតិបត្តិការលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្រួលបរិយាកាសវិនិយោគនៅក្នុងប្រទេស កម្ពុជាដើម្បីទាក់ទាញ អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាឲ្យកាន់តែច្រើនឡើង។
ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ លោក Yonekura Hiromasa តាងនាមគណៈប្រតិភូទាំងមូល បានជំរាបជូនសម្តេចតេជោអំពីសារៈសំខាន់លើបញ្ហាហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ព្រោះថា អាស៊ានទាំងមូលនឹងបង្កើតជាសហគមន៍នៅក្នុងឆ្នាំ ២០១៥ ដូច្នេះកត្តាហេដ្ឋារចនាសម្ព័ន្ធគឺជា កត្តា សំខាន់ ដែលគណៈប្រតិភូចង់ចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយវិស័យឯកជន នៅកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ប្រព័ន្ធធារាសាស្ត្រ កំពង់ផែ ជាពិសេសលើវិស័យ ថាមពល និងធនធានរ៉ែ វិស័យធនាគារ។ តាងនាមឲ្យធនាគារមួយនៅប្រទេសជប៉ុន លោក Yonekura Hiromasa បានជំរាបជូនសម្តេចនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុននេះចង់ចូលរួមជាមួយនឹងធនាគារជាតិនៃ កម្ពុជា និងធនាគារឯកជននៅកម្ពុជាធ្វើយ៉ាងណាដើម្បីឲ្យវិស័យធនាគារនេះបានកាន់តែល្អប្រសើរ ឡើង ដើម្បីជាជំនឿទឹកចិត្តដល់វិនិយោគទុនបរទេសមកកាន់ប្រទេសកម្ពុជា។ ឯកឧត្តម អ៊ាង សុផល្លែតបានអោយដឹងថា នៅក្នុងន័យនេះ លោក Yonekura Hiromasa បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ពិចារណាសម្រួលសម្រាប់ធនាគារបរទេស ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យធនាគារនៅកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍នូវមតិនិងសំណើរបស់ប្រតិភូទាំងមូល ដោយមានប្រសាសន៍ថា ជប៉ុនបានជួយកម្ពុជាច្រើនជាងគេលើជំនួយឥតសំណង ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដែលជាកត្តាសំខាន់មិនត្រឹមតែសម្រាប់កម្ពុជាទេគឺសម្រាប់អាស៊ាន និងតំបន់មេគង្គផងដែរ។ សម្តេចតេជោមានប្រសាសន៍ថា ផ្លូវនៅក្នុងប្រទេសកម្ពុជាមានទំហំតូច ហើយត្រូវការពង្រីកបន្ថែម ដូច្នេះការ ចូលរួមពីវិស័យឯកជនគឺជាការចាំបាច់ ហើយនយោបាយរបស់កម្ពុជាគឺមិនមានការរើសអើងរវាង អ្នកវិនិយោគក្រៅឬក្នុងប្រទេសទេឬប្រទេសណានោះទេឬក្រុមហ៊ុនតូចឬក៏ធំដែរ និយាយរួម គឺក្រុម ហ៊ុនណាមកដល់មុនកម្ពុជានឹងស្វាគមន៍មុន។ សម្តេចតេជោក៏បានជំរាបជូនគណៈប្រតិភូថា កម្ពុជាមាន វេទិការដ្ឋាភិបាលនិងឯកជន ដែលក្នុងនោះបានជួយសម្រួល កាត់បន្ថយការលំបាកដល់អ្នកវិនិយោគ នៅក្នុងកម្ពុជា។ ពាក់ព័ន្ធនឹងសំណើពិចារណា និងសម្រួលសម្រាប់ធនាគារ សម្តេចបានមានប្រសាសន៍ថា កម្ពុជាស្វាគមន៍ការបើកសាខាឬក៏ធនាគារបរទេសមកកម្ពុជា។ កម្ពុជាមិនមានការរើសអើងអ្វីទេ យើង ស្វាគមន៍ឲ្យបើកហើយសង្ឃឹមថា ជប៉ុននឹងចូលរួមបើកសាខាធនាគារនៅក្នុងប្រទេសកម្ពុជាជាមិនខានឡើយ៕
ប្រភព៖ទីស្តីការគណៈរដ្ឋមន្ត្រី
មតិយោបល់