អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះការស្មុំកុមារកម្ពុជាយកទៅចិញ្ចឹមដោយអំពើមនុស្សធម៌ ប៉ុន្តែមិនមែនសម្រាប់បម្រើជាទាសករ និងដើម្បីផលប្រយោជន៍អ្វីនោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះនៅក្នុងជំនួបសវនាការជាមួយលោកជំទាវ Mary L.Landrieu សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាស្វាគមន៍ណាស់ចំពោះអ្នកដែលស្មុំកុមារយកទៅចិញ្ចឹមក្នុងនាមជាមនុស្សធម៌ មានចិត្ត មានបេះដូងមនុស្សធម៌ ដោយចាត់ទុកកុមារទាំងនោះជាកូនរបស់ខ្លួន ផ្តល់ឲ្យនូវអាហារូបត្ថម្ភ ផ្តល់ឲ្យនូវការសិក្សាអប់រំ និងផ្តល់នូវការថែទាំត្រឹមត្រូវ។ ទន្ទឹមនេះសម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាមិនអនុញ្ញាតទាំងស្រុងឲ្យអ្នកដែលស្មុំកុមារយកទៅបម្រើជាទាសករ សម្រាប់គ្រួសារខ្លួន ឬធ្វើការដើម្បីផលប្រយោជន៍ដទៃទៀតនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាបានចាត់វិធានការយ៉ាងហ្មត់ចត់តឹងរ៉ឹងជាទីបំផុតពាក់ព័ន្ធនឹងបញ្ហាស្មុំកុមារកម្ពុជាយកទៅចិញ្ចឹម ប៉ុន្តែមិនមែនមានន័យថា កម្ពុជាបិទមិនឲ្យមានការស្មុំកុមារយកទៅចិញ្ចឹមនោះទេ។ ទាក់ទងទៅនឹងបញ្ហាស្មុំកុមារកម្ពុជាយកទៅចិញ្ចឹមនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជម្រុញលោកជំទាវ Mary L.Landrieu ឲ្យបន្តធ្វើកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជាដែលមានការពាក់ព័ន្ធ លើបញ្ហាស្មុំកុមារកម្ពុជាយកទៅចិញ្ចឹម ដោយសម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថា កិច្ចការទាំងនេះ សម្តេចបានប្រគល់ឲ្យលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ជាអ្នកទទួលបន្ទុក។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា បញ្ហាកុមារកំព្រានៅក្នុងព្រះរាជា ណាចក្រកម្ពុជាមានការវិវត្តន៍ចាប់តាំងពីជំនាន់ ប៉ុល ពត មក ដែលពេលនោះម្តាយ ឪពុករបស់កុមារកំព្រាត្រូវបានសម្លាប់ ហើយបន្ទាប់មកសង្គ្រាមរហូតដល់ឆ្នាំ១៩៩៨ និងក្រោយពេលដែលប្រទេសជាតិ បានទទួលនូវសុខសន្តិភាពក្តី ក៏កម្ពុជានៅតែមានកុមារកំព្រាដោយសារមានជំងឺផ្សេងៗ ដូចជាជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍ ឬដោយសារឪពុកម្តាយរងគ្រោះដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌទាន់ផ្ទុះជាដើម។ សម្តេចតេជោមានប្រសាសន៍ថា ទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការផ្តល់ទីជម្រក តាមរយៈការបង្កើតជាមជ្ឈមណ្ឌលកុមារកំព្រាជួយដល់កុមារកំព្រាទាំងអស់ ហើយក៏មានអង្គការមនុស្សធម៌ជាច្រើន ក៏បានជួយដល់កុមារកំព្រា ដោយបានជួយផ្តល់នូវអាហារូបត្ថម្ភ ទីកន្លែងស្នាក់នៅ និងការសិក្សាជាដើម ដែលពាក់ព័ន្ធជាមួយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាមានមោទនភាពណាស់ ដែលកុមារបន្សល់ពីរបប ប៉ុល ពត មកហើយរហូតមកដល់ពេលនេះ ក៏បានទទួលការសិក្សា ទទួលការអប់រំ និងទទួលបានការងារធ្វើត្រឹមត្រូវ។
ពាក់ព័ន្ធជាមួយនឹងកុមារកំព្រាដែលមានភាពពិការ សម្តេចតេជោនាយករដ្ឋមន្ត្រីមានបានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលបានចាត់វិធានការជួយដល់ពួកគេ ដោយមានកម្មវិធីទទួលយកឲ្យបម្រើការងារនៅក្នុងវិស័យសាធារណៈចំនួន ២% ហើយវិស័យឯកជនចំនួន ១% ផងដែរ។ ដើម្បីជួយដល់វិស័យសុខុមាលភាព រាជរដ្ឋាភិបាលក៏បានចាត់វិធានការក្នុងការផ្តល់កម្មសិទ្ធិដីធ្លីជូនដល់ប្រជាជនកម្ពុជា ប្រការនេះជាផ្នែកមួយក្នុងការកាត់បន្ថយភាពក្រីក្រ ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ សម្តេចតេជោមានប្រសាសន៍ថា នៅក្នុងកម្មវិធីនេះ បញ្ហាអាទិភាព ដែលររាជរដ្ឋាភិបាលបានដាក់ចុះនោះ គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក មណ្ឌលសុខភាពជាដើម នៅក្នុងតំបន់តាំងទីលំនៅថ្មីរបស់ប្រជាជន ដែលបានទទួលដីពីរាជរដ្ឋាភិបាល។
ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ឲ្យដឹងថា លោកជំទាវ Mary L.Landrieu បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា នេះជាដំណើរទស្សនកិច្ចលើកទី១ របស់លោកជំទាវដែលបានដឹកនាំគណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលមានគោលដៅសំខាន់ គឺផ្តោតការយកចិត្តទុកដាក់ទៅលើច្បាប់ទទួលកុមារទៅចិញ្ចឹម និងបញ្ហាសុខុមាលភាពរបស់កុមារផងដែរ។ លោកលោកជំទាវ Mary L.Landrieu បានមានប្រសាសន៍ឲ្យដឹងថា ក្នុងមួយឆ្នាំសហរដ្ឋអាមេរិក បានស្មុំកូនក្មេងយកទៅចិញ្ចឹមជុំវិញពិភពលោកចំនួន ៥,៧ម៉ឺននាក់ ដែលក្មេងៗទាំងនោះ គឺសុទ្ធតែបានទទួលនូវការថែទាំទាំងខាងសុខុមាលភាព ទាំងខាង អប់រំ ហើយស្វាមីរបស់លោកជំទាវ ក៏ជាកូនចិញ្ចឹមមកពីអាយលេននាពេលកន្លងមកផងដែរ៕
មតិយោបល់