ព័ត៌មានជាតិ

សហព័ន្ធ​​អាជ្ញាធរ​​ដឹក​ជញ្ជូន​​សហ​​រដ្ឋ​​អាមេរិក​ បើក​ការស៊ើបអង្កេត​ករណី​ធ្លាក់​យន្តហោះ​នៅ​សាន់​ហ្វ្រា​ន​ស៊ី​ស្កូ​

​សហព័ន្ធ​អាជ្ញាធរ​ដឹកជញ្ជូន​សហ​រដ្ឋ​អាមេរិក កំពុងតែធ្វើការ​ស៊ើបអង្កេត​លើ​ដំណាក់កាល​ដំបូង​ក្នុងករណី​ធ្លាក់​យន្តហោះ Asiana Airlines Boeing 777 កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ នៅឯ​អាកាស​យាន្ត​ដ្ឋា​ន សាន់​ហ្វ្រា​ន​ស៊ី​ស្កូ​។​
​ប្រធាន​ក្រុមប្រឹក្សាភិបាល​សុវត្ថិភាព​ដឹកជញ្ជូន​ជាតិ (NTSB) អ្នកស្រី Deborah Herman បាន​ថ្លែងថា អ្នកស៊ើប​អង្កេត​បានធ្វើ​ការ​ស៊ើបសួរ​ទៅលើ​អ្នកបើក​យន្តហោះ​ពាក់ព័ន្ធ​នឹង​ករណី​ធ្លាក់​យន្តហោះ​នេះ កាលពី​ថ្ងៃអាទិត្យ ហើយ​លទ្ធផល​ដែល​ទទួលបាន​នឹង​បង្ហាញ​ជួន​នៅពេល​ឆាប់ៗ​នេះ​។​
“​ការពិត​ណាស់ វា​ជា​រឿង​សំខាន់​ក្នុងការ​ផ្គុំ​ប​ញ្ជូ​ល​គ្នា​នូវ​បំណែក​ផ្សេង​របស់​យន្តហោះ​ដែល​បាន​ធ្លាក់ ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការធ្លាក់ ប៉ុន្តែ​នៅពេលនេះ យើង​នៅ​មិនទាន់បាន​រកឃើញ​នោះទេ ហើយ​បើសិនជា​រកឃើញ​វា​ជា​ការល្អ​ក្នុងការ​ការពារ​សម្រាប់​ពេលអនាគត​”​។ នេះ​ជា​សម្ដី​របស់​អ្នកស្រី Herman បាន​ថ្លែង​ទៅកាន់​សារព័ត៌មាន CNN​។​
​អ្នកស្រី​បាន​បន្ថែមទៀតថា ការស៊ើបអង្កេត​នឹងត្រូវ​ធ្វើឡើង​ជាច្រើន​ដំណាក់កាល ដើម្បី​សរុប​ព័ត៌មាន​ជារួម​មួយ ដោយ​ក្នុងនោះ​ត្រូវ​ប្រមូល​ទិន្នន័យ​មកពី​ប្រព័ន្ធ​រ៉ា​ដា ព័ត៌មាន​នៃ​ការហោះហើរ និង​ទិន្នន័យ​របស់​អ្នកធ្វើដំណើរ​។ សម្រាប់​ប្រអប់​ខ្មៅ​នៃ​យន្តហោះ​ដែល​បាន​ធ្លាក់​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​ទីភ្នាក់ងារ​សហព័ន្ធ​មន្ទីរពិសោធន៍​នៅ​វ៉ាស៊ីនតោន​ឌី​ស៊ី​។​
​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ បាន​បណ្ដាល​ឲ្យ​ជនជាតិ​ចិន​ពីរ​នាក់​បាន​ស្លាប់ និង​១៨០​នាក់​ផ្សេងទៀត​រងរបួស​៕

001

មតិយោបល់