ព័ត៌មានជាតិ

រដ្ឋមន្រ្តីទេសចរណ៍ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ សំរាប់បំរើពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ

ភ្នំពេញៈ បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៦ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ លោក ថោងខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមដំណើរដោយលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ និងមន្រ្តីជំនាញពីមន្ទីរជុំវិញខេត្ត បានចុះពិនិត្យជាក់ស្តែង នូវទីតាំងសំរាប់រៀបចំ បុណ្យសមុទ្រ ឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តិទៅចាប់ ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០១៦ និងថ្ងៃទី១ មករា ឆ្នាំ ២០១៧ នាពេលខាងមុខ។

ជាមួយនោះ លោករដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ជាមួយអាជីវករលក់ដូរ នៅឆ្នេរឯករាជ ដោយជម្រាប ពួកគាត់អំពីការជ្រើសរើស យកឆ្នេរឯករាជជាកន្លែង ប្រារព្វពិធីបុណ្យសមុទ្រ និងផ្សព្វផ្សាយឲ្យ ពួកគាត់រៀបចំខ្លួន ចូលរួមអបអរសាទរបុណ្យសមុទ្រនេះ តាមរយៈការពង្រឹងនូវគុណភាព សេវាជូនភ្ញៀវទេសចរ ការសំអាតនិង តុបតែងកន្លែងលក់ដូរ ឲ្យបានស្អាតល្អ រៀបចំម្ហូបអាហារឲ្យមានអណាម័យ ពិសេសការបង្កើន នូវចំណេះដឹង ផ្នែកភាសារបរទេស ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនា ខេត្តព្រះសីហនុ។

ការចុះពិនិត្យនេះ គឺដើម្បីជំរុញនូវការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធនានា សំរាប់បំរើឲ្យពិធីបុណ្យសមុទ្រទាំងមូល ក៏ដូចសំរាប់បំរើផលប្រយោជន៍ ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងខេត្តនេះផងដែរ ៕

រដ្ឋមន្រ្តីទេសចរណ៍ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ (1)រដ្ឋមន្រ្តីទេសចរណ៍ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ (2)រដ្ឋមន្រ្តីទេសចរណ៍ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ (3)រដ្ឋមន្រ្តីទេសចរណ៍ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ (4)រដ្ឋមន្រ្តីទេសចរណ៍ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ (5)

មតិយោបល់