ភ្នំពេញ : នាទីព្រឹកថ្ងៃទី៩ឧសភា ឆ្នាំ២០១៦ ជនសង្ស័យទាំង០៥នាក់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ជាបន្តបន្ទាប់ ហើយបក្ខពួក មួយចំនួនទៀត ដែលនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
អាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ មានឈ្មោះ សារឹម រស្មី (ហៅ បឿន) ជានិស្សិតឆ្នាំទី១ នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ត្រូវបានចាប់ខ្លួន ខណៈដែលក្រុម បានប្រើខ្សែក្រវ៉ាត់វាយបែកក្បាលជនរងគ្រោះ ប្លន់យកម៉ូតូមួយគ្រឿងម៉ាក MSX នៅសង្កាត់ផ្សាថ្មីទី៣ ខណ្ឌដូនពេញ បន្ទាប់មកនៅយប់ថ្ងៃទី០៦ ឧសភា ឆ្នាំ២០១៦នោះដែរ អាវុធហត្ថរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវចាប់បានជនសង្ស័យមា្នក់ទៀតជាមេខ្លោងឈ្មោះ ហ៊ុន ណា (ហៅអាធ្មេញ) អាយុ១៩ឆ្នាំ។
តាមចម្លើយសារភាពរបស់ក្រុមចោរទាំងនេះ បានឲ្យដឹងថា កន្លងមកក្រុមវាច្រើនតែធ្វើសកម្មភាពវាយសិស្សសាលាទួលទំពូង យកលុយ និងក្នុងឆ្នាំ២០១៦ថ្មីៗនេះ ពួកវាបានធ្វើសកម្មភាពឆក់ប្លន់ចំនួន០៤លើក គឺលើកទី១ វាយជនរងគ្រោះយកទូរស័ព្ទដៃ នៅម្តុំអតីតរោងកុនគីរីរម្យ, លើកទី២ វាយជនរងគ្រោះយកម៉ូតូមួយគ្រឿង នៅម្តុំផ្លូវចូលវត្តដំបូកខ្ពស់, លើកទី៣ ឆក់ខ្សែក នៅម្តុំផ្លូវចូលវត្តដំបូកខ្ពស់ និងលើកទី៤ វាយជនរងគ្រោះបែកក្បាលប្លន់យកម៉ូតូមួយគ្រឿង នៅសង្កាត់ផ្សារថ្មីទី៣ ហើយត្រូវអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបាន។ បក្ខពួក៤នាក់ទៀត ដែលបានគេចខ្លួនរួមមាន ៖ ១.ឈ្មោះ ស្នា អាយុ១៩ឆ្នាំ, ២.ឈ្មោះ ហាំង អាយុ២៤ឆ្នាំ, ៣.ឈ្មោះ ឆាយ អាយុ១៩ឆ្នាំ, និង ៤.ឈ្មោះ តុលា មិនដឹងអាយុ ។
ជាមួយគ្នានោះដែរ ក្រុមល្បាតរបស់អាវុធហត្ថខណ្ឌមានជ័យ ក៏បានឃាត់ខ្លួនយុវជនម្នាក់ផ្សេងទៀត ដែលមានឈ្មោះថា អ៊ុន ប៊ុនហួត (ហៅ ងោល) មុខរបរមិនពិតប្រាកដ ខណៈដែលយុវជនរូបនេះរួមជាមួយបក្ខពួកម្នាក់ទៀត បានកាន់កាំបិតប៉័ងតោ បំរុង ទៅធ្វើសកម្មភាព តែចៃដន្យជួបមួយក្រុមល្បាតអាវុធហត្ថខណ្ឌមានជ័យ នៅចំណុចភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពបន្តថា នៅយប់ថ្ងៃទី០៧ ឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ១៩ និង៣០នាទី មានក្រុមចោរ១ក្រុមទៀតគ្នាចំនួន០២នាក់ បានធ្វើសកម្មភាពប្រើដាវកាប់ជនរងគ្រោះប្លន់យកម៉ូតូ នៅត្រង់ចំណុច ផ្លូវលេខ៤៣២ កែងផ្លូវ មុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវក្រុមល្បាតអាវុធហត្ថខណ្ឌចំការមនចាប់ខ្លួនបាន។ ជនសង្ស័យទាំង០២នាក់នេះមានឈ្មោះ១. លឹម វីរៈ (ហៅ អប្រិយ) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ទីលំនៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ទី២ឈ្មោះ ម៉ក់ ធារៈ (ហៅ វ៉ៃ) ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ទីលំនៅ ផ្ទះជួល ផ្លូវ២៧១ ភូមិបឹងទំពុន សង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់ ហើយបក្ខពួកដែលនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។គួរបញ្ជាក់ថា ក្រុមជនសង្ស័យទាំង០៥នាក់ ខាងលើគឺ សុទ្ធតែមានការប្រើប្រាស់គ្រឿងញៀន ក្រោយពីបានធ្វើតេស្តទៅលើទឹកនោមឃើញថា មានផលវិជ្ជមានទាំងអស់៕
មតិយោបល់