ព័ត៌មានជាតិ

តួនាទីកូនប្រសា ១០ យ៉ាង

ក្នុង​ឋានៈ​ជា​កូន​ប្រសា ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ពិត ដែល​កើត​មាន​ក្នុង​គ្រួសារ ត្រូវ​ព្យាយាម​អនុវត្ត​តាម​ក្រិត​ក្រម​ដូច​ខាង​ក្រោម៖

១. កុំនាំភ្លើងក្នុង ចេញក្រៅផ្ទះ
កុំ​និយាយ​ដើម​ប្តី និយាយ​ដើម​ម៉ែ​ក្មេក ឪក្មេក​បើក​កកាយ ហែក​កេរ្តិ៍ ឲ្យគេ​ដឹង គេ​ឮ ក្រែង​ពាក្យ​នោះ​មិន​ស្ងប់​ស្ងាត់​ឮដល់​ត្រចៀក​គាត់ នាំ​កើត​រឿង​អាក់​អន់​ចិត្ត​គ្នា។

២. កុំនាំភ្លើងក្រៅ ចូលក្នុងផ្ទះ
ពេល​ឮ​គេ​និយាយ ចចេច ចចូច​ពី​ប្តី ឮម៉ែឪ​ក្មេក ឬ​ក្រុម​គ្រួសារយើង កុំ​សូវ​ប៉ិន​យក​ត្រចៀក​ស្តាប់ កុំ​ធ្វើ​ជា​អ្នក​នាំ​សារពី​អ្នក​នេះ ទៅ​ប្រាប់​អ្នក​នោះ ចាក់​គាត់​ឲ្យ​លោត ឲ្យ​ឆេះ​ឡើយ ជួន​កាល​គេស្អប់​យើង គេ​ចង់​បំបែក​បំបាក់​យើង ក៏​ថា​បាន។

៣. ឲ្យដល់អ្នកដែលគួរឲ្យ
បើ​គេ​ខ្ចី​ហើយ សង​វិញ យើង​គួរ​ឲ្យ​ខ្ចី មិន​ត្រូវ​ចិត្ត​អា​ក្រក់​ពេក​ទេ ងាយ​ស្រួល​ដល់​ពេល​យើង​ខ្វះ​ខាត យើង​អាច​ខ្ចី​គេ​វិញ។

៤.មិនឲ្យដល់អ្នកមិនគួរឲ្យ
អ្នក​ខ្ចី​ស៊ីដាច់ កុំ​ឲ្យ​ខ្ចី មិន​មែន​ជា​ការ​ចិត្ត​អាក្រក់ទេ តែ​មាន​ន័យថា យើង​ចេះ​ការ​ពារ​ទ្រព្យ។ ៥. ឲ្យដល់អ្នកមិនគួរឲ្យ
សាច់​ញាតិ អ្នក​ជិត​ខាង មិត្ត​ភក្តិ​ណា ដែល​ក្រី​ក្រ​លំបាក តោក​យ៉ាក មក​រក​ខ្ចី​បុល​យើង បើ​មាន​លទ្ធភាព ឲ្យ​គាត់​យក​តែ​ម្តង​ទៅ កុំ​ចង់​បាន​ពី​គាត់​វិញអ៊ី ព្រោះ​គ្នា​ក្រ។

៦. ចេះអង្គុយ
អង្គុយ​ដឹង​ទាប​ខ្ពស់ មើល​ម៉ែ មើល​ឪ មើល​ប្តី។ ឃើញ​គាត់​មក ចេះ​ក្រោក​ទទួល រៀប​ចំ​កន្លែង​ជូន​គាត់ ឲ្យ​បាន​សមរម្យ មិន​ត្រូវ​ធ្វើ​ឫក​ជំទាវ​ចង់​ឲ្យ​គាត់​បម្រើ​វិញ​ទេ។

៧. ចេះបរិភាគ
កុំ​ស៊ី​មុន​ប្តី បើ​នៅ​ជា​មួយ​ម៉ែឪ រៀប​ទុក​ជូន​គាត់​ឲ្យ ហើយ។ ដាំ​ស្ល​តម្រូវ​ពួក​គាត់​ជាង កុំ​យក​ឆ្ងាញ់​តែ​មាត់​ឯង មិន​ល្អ​ទេ។

៨. ចេះដេក
មុន​ដេក​ត្រូវ​រៀប​ចំ​ទុក​ដាក់​របស់​របរ ឲ្យ​មាន​របៀប​រៀបរយ​សិន កុំ​ចូល​ដេក​មុន​ដែរ​ម៉ែឪ មុន​ប្តី។ ក្រោក​ឡើង​រវាស​រវៃ ប្រញាប់​ប្រញាល់ កុំ​ដេក​ទ្រមក់ ឲ្យ​ប្តី​ដាស់។

៩. ចេះបម្រើភ្លើង
ភ្លើង បើ​យើង​មិន​ចេះ​ប្រើ ឆេះ​ផ្ទះ​ខាន​នៅ​ប្រើ ដាំ​បាយ​បាន​ហូប។ ភ្លើង បាន​ដល់ ប្តី ដែល​ខ្លួន​ត្រូវ​ផ្គាប់​ចិត្ត ដឹង​ទុក្ខ​ធុរៈ យក​ចិត្ត​ទុក​ដាក់​កុំ​ព្រងើយ​កន្តើយ។

១០. នមស្សការទេវតាក្នុងផ្ទះ
ឪពុក​ម្តាយ​ក្មេក​ឈ្មោះ​ថា ទេវតា ដែល​ខ្លួន​ត្រូវ​គោរព កោត​ខ្លាច បូជា​ដោយ​សមរម្យ មិន​ត្រូវ​ព្រហើន កោង​កាច​ដាក់​ទេវតា​ឡើយ។

ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍
https://i1272.photobucket.com/albums/y389/domneng/Decore/Decore013/wedding4_zps40e90a23.jpg
ចុច​ទីនេះមើលប្រភពដើម​សហការ​ជាមួយនឹងដំណឹង៖ www.mungkulkar.com

មតិយោបល់