+ ចំណងរបស់ស្ត្រី ៥ យ៉ាង
ភរិយាត្រូវធ្វើឲ្យគ្រួសារត្រជាក់ត្រជុំ កុំឲ្យឃើញមុខគ្នាមិនបាន ដូចពាក់មុខយក្សដាក់គ្នា។ ដើម្បីរក្សាចិត្តប្តី ភរិយាគួរមានលក្ខណៈដូចខាងក្រោម ៖
១. តាក់តែងសម្អិតសម្អាងរូបរាងកាយឲ្យបានស្អាតបាត
មិនមែនអាងតែខ្លួនមានប្តី មានកូនហើយគិតថា តែខ្លួនឲ្យអ្នកណាស្រឡាញ់ទៀតនោះទេ។ បើប្រពន្ធមិនចេះថែខ្លួន អាចឲ្យប្តីបែកចិត្ត ទៅរកស្រីក្រៅមិនខាន។
២. មានទ្រព្យសម្បត្តិ
ចេះសន្សំប្រាក់កាស ទុកដាក់សម្រាប់ ប្រើប្រាស់ កុំឲ្យរស់ដោយសារប្តី ពឹងប្តីទាំងស្រុងនោះឡើយ។ យើងមានទ្រព្យច្រើន ប្តីក៏មិនហ៊ានមើលងាយយើងដែរ។
៣. មានកូន
កូនជាចំណងយ៉ាងស្អិតរបស់ប្តី ម្លោះហើយស្ត្រីណាគ្មានកូន លំបាកនឹងការពារប្តីណាស់ ព្រោះខ្លួនមិនអាចបំពេញបំណងរបស់ប្តីបាន។ គួរប្រឹងប្រែងធ្វើបុណ្យឲ្យបានច្រើន កុំពង្រាត់បង្រាស់កូនសត្វផ្សេងៗឡើយ។
៤. មានមារយាទល្អ
សុភាពរាបសា ទន់ភ្លន់ រាក់ទាក់ រួសរាយ ទឹកមុខញញឹមស្រស់ស្រាយ (មុខទទួលភ្ញៀវ) ចេះដឹងខុសត្រូវ រាក់ជ្រៅ ទាបខ្ពស់ មិនជាស្រីល្ងង់ខ្លៅ។
៥. ចេះបម្រើប្តី
ពេលប្តីត្រឡប់មកពីធ្វើការវិញមានភាពនឿយហត់ ក្នុងនាមអ្នកជាភរិយា ត្រូវចេះរៀបចំម្ហូបអាហារសម្រាប់ប្តីឲ្យបានសមរម្យ។
ស្ត្រីមានលក្ខណៈសម្បត្តិ ៥ ខាងលើនេះអាចទាក់ទាញចិត្តប្តី មិនឲ្យក្បត់ខ្លួនបាន។ តែប្តីក៏គួរចេះគិត អាណិតភរិយាផង កុំប្រើអំណាចកៀបសង្កត់ ជិះជាន់ អាងកម្លាំងឡើយ។
+ ចំណែកប្តីវិញ មានរបស់តែមួយប៉ុណ្ណោះអាចស្រូបដួងចិត្តមនុស្សស្រីបាន នោះគឺ ឥស្សរិយយស ភាពជាធំ កេរ្តិ៍ឈ្មោះល្បីល្បាញ មានគេស្រឡាញ់រាប់អានច្រើន។ លក្ខណៈនេះ ក៏មិនងាយប្រុសណាធ្វើបានស្រួលៗដែរ ព្រោះច្រើនតែបានធំ ហើយលង់ក្នុងអបាយមុខផ្សេងៗ។
ប្រភពៈ យល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍
មតិយោបល់