ព័ត៌មានជាតិ

លោក នេត សាវឿន ៖ គ្មានអ្វីសំខាន់ជាងការបណ្តុះបណ្តាលដល់កងកម្លាំងនគរបាលជាតិនោះទេ

ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍ថា គ្មានអ្វីសំខាន់ជាងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់កងកម្លាំងនគរបាជាតិ ខណៈដែលប្រទេសជាតិកំពុងមានការរីកចម្រើន។

នៅក្នុងជំនួបរវាងលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាមួយលោកឧត្តមសេនីយ៍ត្រី NGUYEN DANG TIEN នាយកមហាវិទ្យាល័យបច្ចេកទេស ភស្តុភានៃក្រសួងនគរបាល សាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ថា តាមការធ្វើបច្ចុប្បន្នភាពទៅមាននគរបាលខ្លះនៅមិនទាន់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញ ពិសេសគឺនគរបាលឃុំ នៅមានចំនួនតិចតួចដែលត្រូវធ្វើការបណ្តុះបណ្តាល ហើយដើម្បីមានប្រសិទ្ធភាពការងារនគរបាលតម្រូវតែមានជំនាញវិជ្ជាជីវៈច្បាស់លាស់។

លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ឲ្យតម្លៃទៅលើការបណ្តុះបណ្តាលសំខាន់បំផុត “បើគ្មានការបណ្តុះបណ្តាលគ្មានគុណភាព ហើយបើគ្មានគុណភាពប្រជាពលរដ្ឋអត់គាំទ្រ” ឥឡូវនេះយើងកំពុងពង្រឹងខ្លួនយើងបណ្តើរៗ កំពុងចម្រាញ់អ្នកដែលមិនទាន់បានទទួលការបណ្តុះបណ្តាលឲ្យទទួលបានការបណ្តុះបណ្តាល។

លោកបន្តថា បច្ចុប្បន្នអគ្គស្នងការដ្ឋាននគរបាលជាតិ បាននឹងកំពុងពង្រឹងធ្វើការបណ្តុះបណ្តាលតាមឯកទេស អ្នកដែលធ្វើខាងចរាចរណ៍ឲ្យមានជំនាញឯកទេសខាងចរាចរណ៍ អ្នកសន្តិសុខជាតិឲ្យប្រាកដខាងសន្តិសុខជាតិ។

ក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានវាយតម្លៃខ្ពស់ចំពោះប្រតិភូមហាវិទ្យាល័យបច្ចេកទេស ភស្តុភា នៃក្រសួងនគរបាល សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកទស្សនកិច្ចនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយសូមឲ្យពង្រឹងកិច្ចសហការបន្តទៀតលើការបណ្តុះបណ្តាល។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីជួបពិភាក្សាការងារជាមួយអគ្គស្នងការនគរបាជាតិ ប្រតិភូមហាវិទ្យាល័យបច្ចេកទេស ភស្តុភា នៃក្រសួងនគរបាល សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងជួបពិភាក្សាការងារជាមួយ នាយកដ្ឋានបុគ្គលិក នាយកដ្ឋានវិទ្យុទាក់ទង ស្នងការនគរបាលរាជធានីភ្នំពេញ ស្នងការនគរបាលខេត្តសៀមរាប និងបណ្ឌិត្យសភានគរបាលកម្ពុជា៕

អគ្គស្នងការ (12)អគ្គស្នងការ (1)អគ្គស្នងការ (2)អគ្គស្នងការ (3)អគ្គស្នងការ (4)អគ្គស្នងការ (5)អគ្គស្នងការ (6)អគ្គស្នងការ (7)អគ្គស្នងការ (8)អគ្គស្នងការ (9)អគ្គស្នងការ (10)អគ្គស្នងការ (11)

មតិយោបល់