ព័ត៌មានជាតិ

ស្ថានទូតអាមេរិក ផ្តល់ដំណឹងពីការទទួលសញ្ញាបត្រទេ្វ ពីសាកលវិទ្យាល័យ Arizona

ភ្នំពេញៈ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានប្រកាសជូនដំណឹងថា សាកលវិទ្យាល័យ Arizona (University of Arizona) ដែលជាសាកលវិទ្យាល័យ ដ៏ល្បីមួយស្ថិតនៅរដ្ឋ Arizona សហរដ្ឋអាមេរិក នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពី កម្មវិធីសញ្ញាបត្រទេ្វ (ពីរ) ជាមួយសាកលវិទ្យាល័យ ដ៏ល្បីមួយនៅកម្ពុជា។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតសហរដ្ឋអាមេរិក នៅថៃ្ងអង្គារ៌នេះ បានឲ្យដឹងថាលោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា នឹងធ្វើជាសាក្សីនៅក្នុងពិធី ចុះហត្ថលេខាជាផ្លូវការ ដើម្បីបង្កើតកម្មវិធី សញ្ញាបត្រទ្វេ (Dual Degree) រវាងសាកលវិទ្យាល័យ Arizona នៅសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា នៅសាកលវិទ្យាល័យ AUPP ។

សេចក្តីប្រកាសព័ត៌មាន ខាងលើបានបនែ្ថមថា “កម្មវិធីភាពជាដៃគូថ្មីនេះ នឹងផ្តល់ឲ្យនិស្សិតកម្ពុជា នូវការសិក្សា ប្រកបដោយគុណភាពខ្ពស់ បែបអាមេរិក ដែលអនុញ្ញាតឲ្យពួកគេ ទទួលបានសញ្ញាបត្រ បរិញ្ញាបត្រនិង បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ Arizona និងសាកលវិទ្យាល័យ AUPP ដោយសិក្សានៅក្នុងប្រទេសកម្ពុជា”។
សាកលវិទ្យាល័យ Arizona ត្រូវបានទទួលស្គាល់ជា សាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យ ឈានមុខលើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី១៦ លើការទទួលបានការងារ ធ្វើរបស់និស្សិត បន្ទាប់ពីបញ្ចប់ការសិក្សា។

ទន្ទឹមនឹងនេះ Arizona ជាសាកលវិទ្យាល័យនាំមុខ លើការស្រាវជ្រាវ ដោយវិនិយោគអស់ទឹកប្រាក់ជាង ៦០០លានដុល្លារ ក្នុងមួយឆ្នាំៗ ព្រមទាំងជាប់ចំណាត់ថ្នាក់ទី១៩ ក្នុងចំណោមសាកលវិទ្យាល័យ រដ្ឋរបស់អាមេរិក និងជាប់ចំណាត់ថ្នាក់ទី ៦២ ក្នុងចំណោមជាង ៥៣០០ សាកលវិទ្យាល័យនិងគ្រឹះស្ថាន អប់រំឧត្តមសិក្សារដ្ឋ និងឯកជន នៅអាមេរិក ៕

ស្ថានទូតអាមេរិក ផ្តល់ដំណឹងពីការទទួលសញ្ញាបត្រទេ្វ (1)ស្ថានទូតអាមេរិក ផ្តល់ដំណឹងពីការទទួលសញ្ញាបត្រទេ្វ (2)ស្ថានទូតអាមេរិក ផ្តល់ដំណឹងពីការទទួលសញ្ញាបត្រទេ្វ (3)ស្ថានទូតអាមេរិក ផ្តល់ដំណឹងពីការទទួលសញ្ញាបត្រទេ្វ (4)

មតិយោបល់