កាលពីព្រឹកថ្ងៃអង្គារ ម្សិលមិញនេះ ក្រុមហ៊ុន Apple បានផ្ញើលិខិតអញ្ជើញឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍បង្ហាញ iPhone ជំនាន់ថ្មី ដល់បណ្ដាញសារព័ត៌មាន និងដៃគូសហការ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ Apple Insider បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍នៅថ្ងៃអង្គារ ទី១០ខែកញ្ញា ឆ្នាំ ២០១៣ ដើម្បីបង្ហាញ iPhone ជំនាន់ថ្មី ដែលនេះជាព័ត៌មានផ្លូវការមួយ ទើបនឹងទទួលបាន តាមរយៈលិខិតអញ្ជើញរបស់ Apple។
គ្រប់គ្នាបានរំពឹងថា iPhone ជំនាន់ថ្មីអាចនឹងមានច្រើនពណ៌ និងមានឈ្មោះ iPhone 5S ដែលបន្តពី iPhone 5 បច្ចុប្បន្ន។ នៅក្នុងលិខិតអញ្ជើញ មានពណ៌ជាច្រើនរៀងជារង្វង់ដែលសបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone ជំនាន់ថ្មីដែលមានច្រើនពណ៌។
គួរបញ្ជាក់ផងដែរថា នៅមុននេះ ពាក្យចចាមអារ៉ាមជាច្រើនបានចុះផ្សាយថា Apple នឹងបង្ហាញ iPhone 5S ពណ៌មាន រួមនឹង iPhone 5C ដែលមានច្រើនពណ៌ ព្រមទាំងតម្លៃថោក៕
មតិយោបល់