ព័ត៌មានជាតិ

ចិន​ហាម​មន្ត្រី​យក​លុយ​រដ្ឋ​ទៅ​ចាយ​នៅ​ថ្ងៃ​សែន​ព្រះ​ខែ​

​ក្រុមមន្ត្រី​ចិន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ​ថា រដ្ឋាភិបាល​ចិន​កំពុង​ហាម​ក្រុម​មន្ត្រី​ទាំង​អស់​ពី​ការ​យក​លុយ​រដ្ឋ​ទៅ​ទិញ​នំ ដើម្បី​ធ្វើ​ជា​អំណោយ និង​ដើម្បី​សែន​ព្រះ​ខែ​ក្នុង​អំឡុងពេល​បុណ្យ​សែន​ព្រះ​ខែ ដែល​នឹង​ប្រា​រព​ឡើង​នៅ​ខែ​ក្រោយ​។​

​បំរាម​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខំ​ប្រឹងប្រែង​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​និង​ដើម្បី​ស្តារ​ការជឿជាក់​និង​ការស្មោះត្រង់​ឡើងវិញ​នៅក្នុង​បក្ស​កុម្មុយនីស្ត​ចិន​ដែល​កំពុងកាន់​អំណាច​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ចិន បាន​និយាយថា បើសិនជា​មាន​ករណី​រំលោភ​លើ​បម្រាម​នេះ នឹង​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​។​ព្រម​ជាមួយ​គ្នា​នេះ​ផង​ដែរ ក៏​បាន​ហាម ពី​ការប្រើប្រាស់​លុយ​រដ្ឋ​ដើម្បី​ចំណាយ​លើ​កម្មវិធី​ជប់លៀង​អាហារ​ថ្លៃៗ និង​ការសម្តែង​សិល្បៈ​ធំៗ​នៅក្នុង​អំឡុង​ពេល​បុណ្យ​សែន​ព្រះ​ខែ​។​

​លោក​ប្រធានាធិបតី​ចិន បានចាត់ទុក​ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​ជា អាទិភាព ហើយ​ក្នុង​រយៈពេល​ពីរ​បី​ខែ​កន្លង​ទៅ​ថ្មីៗ​នេះ មន្ត្រីជាន់ខ្ពស់​ចិន​ច្រើន​នាក់ ត្រូវ​បាន​បណ្តេញចេញ​ពី​ការងារ ដោយសារ​តែ​ប្រព្រឹត្ត​អំពើពុករលួយ​។​
​គួរ​បញ្ជាក់​ផង​ដែរ លោក​ជាំ​ង ជី​មីន ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​ពី​បទ​សង្ស័យ​រំលោភ​វិន័យ​ធ្ងន់ធ្ងរ នេះ​បើ​តាម​ការប្រកាស​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​៕

mookcake

មតិយោបល់