ព័ត៌មានជាតិ

ទៀតហើយ ងៀតបបែល ផ្ទុកសារធាតុគីមី ត្រូវបានមន្ត្រី​កាំកុងត្រូល រកឃើញ​នៅផ្សារតាពៅក្នុងក្រុងបាវិត!

​ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញ នៅផ្សារតាពៅ ក្រុងបាវិត ខេត្តស្វាយរៀង ដោយមន្ត្រីជំនាញបានដកហូតយកគំរូផលិតផលម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋម ដើម្បីស្រាវជ្រាវ ទប់ស្កាត់ ការដាក់តាំងលក់ ផលិតផលទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងមានផ្ទុកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

​ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ ងៀតបបែល ចំនួន​៥​គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax)​បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត និងយកមកកម្ទេចចោលភ្លាមៗផងដែរ។

ឆ្លៀតក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់