ព័ត៌មានជាតិ

ករណី​ទី ១៨ កុមារា​អាយុ ១៥ ឆ្នាំ នៅ​ទួល​សង្កែ​ឆ្លង​ជំងឺ ផ្តាសាយ​បក្សី H5N1

​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី ៤ បាន​ប្រកាស​អំពី​ការឆ្លង​មេរោគ​ផ្តាសាយ​បក្សី H5N1 ឲ្យ​សាធារណៈជន​ជ្រាប​អំពី​បញ្ហា​មួយ​នេះ ដោយ​ថ្មីៗ​នេះ​
​កុមារា​អាយុ ១៥ ឆ្នាំ ម្នាក់ទៀត រស់នៅ​ភូមិ​ទី​១១ សង្កាត់​ទួល​សង្កែ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវបាន​គ្រូពេទ្យ បញ្ជាក់ថា ឆ្លង​មេរោគ​ផ្ដាសាយ​បក្សី H5N1 ដែល​នេះ​ជា​ករណី​ទី​១៨​ហើយ នៃ​ការឆ្លង​ជំងឺ មួយ​នេះ ក្នុង​ឆ្នាំ​២០១៣ និង​ជា​ករណី​ទី​៣៩ ដែល​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម​គ្នា រវាង​ក្រសួង​សុខាភិបាល និង​អង្គការ សុខភាព​ពិភពលោក នៅ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៣ នេះ ។​

​រោគសញ្ញា​ដំបូង​នៃ​ការឆ្លង​មេរោគ​ផ្តាសាយ​បក្សី​នេះ កុមារា​រងគ្រោះ​បាន​ចាប់ ផ្ដើម​ឈឺ​កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៣ ដោយ​មាន​សភាព​គ្រុនក្ដៅ ហើយ​ឪពុក​- ម្ដាយ បាន​ស្វែងរក​ការ​ព្យាបាល​នៅ​គ្លីនិក ឯកជន​មួយ​។ រហូតមក​ទល់​នឹង​ថ្ងៃ​ទី​២៦ ខែ​សីហា ដោយសារតែ​ស្ថានភាព​របស់​កុមារា​រងគ្រោះ​កាន់ តែ​ធ្ងន់ធ្ងរ ដោយ​មាន​គ្រុនក្ដៅ ក្អក រាគ កណ្ដា​ស សន្លឹម និង​ហត់ កុមារា​ត្រូវបាន បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ គន្ធបុបា្ជ រាជធានី ភ្នំពេញ ទទួលបាន​ការព្យាបាល​ពី​ក្រុម​គ្រូ ពេទ្យ​នៅ​ទីនោះ ហើយ​រហូត​មកដល់​ពេល នេះ​ក្រុម​គ្រូពេទ្យ កំពុង​តាមដាន​យ៉ាង​យក ចិត្ដ​ទុកដាក់ ចំពោះ​ស្ថានភាព​ជំងឺ​កុមារា​រងគ្រោះ ។​
Bird Flu
​លោក​រដ្ឋមន្ដ្រី ក្រសួង​សុខាភិបាល ម៉ម ប៊ុនហេង បាន​បញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស ព័ត៌មាន​នេះ​ថា “​ជំងឺ​ផ្ដាសាយ​បក្សី H5N1 នៅតែ​បន្ដ​គំរាមកំហែង ដល់​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា និង​កើត​មាន​ច្រើន​លើ​កុមារ ដែលជា​អ្នក​មាន​ភាព​ងាយ​រងគ្រោះ​ច្រើន ដែល​ជា​ចំណុច​ហានិភ័យ​ខ្ពស់បំផុត ។ នេះ​ជា​ករណី​ផ្ដាសាយ​បក្សី​ទី​១៨ ដែល​កើតមាន​លើ​មនុស្ស​ក្នុង​ដើមឆ្នាំ​នេះ ។​លោក​បាន​បន្តទៀតថា ឪពុក​-​ម្ដាយ និង​អ្នក​ថែ​កុមារ​ទាំង​អស់ ត្រូវ​ថែទាំ​កុមារ ជាពិសេស ដើម្បី​ធានា​ថា កុមារ​មិន​មែន​ជា​មួយ​ប​សុ​បក្សី ឬ​កន្លែង​មាន​ប្រឡាក់​ដោយ​លាមក ពោល​គឺ​អ្វី​ដែល​ជា​កាកសំណល់​បក្សី​នោះទេ ។​ម្យ៉ាងវិញទៀត ឪពុក​- ម្ដាយ និង​អ្នក​ថែទាំ​កុមារ​ទាំង​អស់ ត្រូវ ប្រាកដថា កុមារ​លាងដៃ​ជាមួយ​សាប៊ូ​បន្ទាប់ ពី​ប៉ះ​ជាមួយ​ប​សុ​បក្សី ។ ប្រសិន​បើ​ពួកគេ​មាន​ដង្ហើមញាប់ ឬ​ពិបាក​ដកដង្ហើម​ត្រូវ​នាំ​កុមារ ទៅរក​ការព្យាបាល​ជា​បន្ទាន់​នៅ​គ្រឹះ ស្ថាន​សុខាភិបាល​ដែល​នៅ​ជិត​ផ្ទះ​របស់ លោកអ្នក​បំផុត និង​បញ្ជាក់​ពី​រឿងរ៉ាវ​ដែល​កុមារ​ធ្លាប់​ប៉ះ​បក្សី​។​

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ នេះ ក្នុងចំណោម​ករណី​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី ទាំង ៣៩​ករណី នៅ​កម្ពុជា ក្នុងនោះ ២៨​ករណី កើត​ទៅ​លើ​កុមារ​ក្រោម​អាយុ ១៥ ឆ្នាំ ហើយ​២២​ករណី​ក្នុង​ចំណោម ៣៩​ករណី​ជា​នារី ។ ដោយឡែក​ករណី​ទាំង​១៨ ដែល​កើតមានឡើង នៅក្នុង​ឆ្នាំ​២០១៣ នេះ មានតែ​៨​ករណី​ប៉ុណ្ណោះ នៅ​មាន​ជីវិត ។​

​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី ២១ ខែ សីហា ឆ្នាំ ២០១៣ កន្លងទៅនេះ ក្មេងប្រុស​អាយុ ៦ ឆ្នាំ ដែល​ជា​ករណី​ទី ១៧ រស់នៅ ខេត្ត​កណ្តាល ក្នុង​ភូមិ​ព្រៃ​តា​ទុក ដោយ​ខាង​ក្រសួង​សុខាភិបាល និង​គ្រូពេទ្យ​ជំនាញ​បាន​បញ្ជាក់ថា មាន​ជំងឺឆ្លង​ផ្តាសាយ​បក្សី​៕​

មតិយោបល់