ការពិនិត្យសុខភាពរាងកាយមុនរៀបការ ជារឿងដែលគូស្នេហ៍ទាំងឡាយ គួរធ្វើ មុននឹងសម្រេចចិត្តនៅរួមរស់ជាមួយគ្នា ជាជីវិតគូ ឬរៀបការ ឬកសាងក្រុមគ្រួសារជាមួយគ្នាយ៉ាងពិតប្រាកដ។ ដោយសារតែម្នាក់ៗ ធ្លាប់តែរស់នៅតាមបែបរបស់ខ្លួនឯងរៀងៗខ្លួននោះ ការពិនិត្យសុខភាពរាងកាយមុនរៀបការ នឹងបញ្ជាក់ប្រាប់ពីសុខភាពរបស់អ្នកទាំង២ រួមទាំងភាពរឹងប៉ឹង និងភាពត្រៀមខ្លួនជាស្រេច ក្នុងការមានបុត្រផងដែរ។
ចំណុចល្អ របស់ការពិនិត្យសុខភាពរាងកាយមុនរៀបការ
១. បង្ហាញពីភាពស្មោះស្ម័គ្រ ចំពោះគ្នាទៅវិញទៅមក
ដោយសារការព្រមទៅពិនិត្យសុខភាព ជាការបង្ហាញប្រាប់ពីសេចក្ដីស្រឡាញ់ ដែលមានចំពោះគ្នា និងសម្ដែងឱ្យឃើញថា អ្នកត្រៀមខ្លួនជាស្រេចក្នុងការពិនិត្យសុខភាពដើម្បីរូបគេ (ឬនាង) ហើយបើសិនជារកឃើញជំងឺ ឬរោគណាមួយ ដែលអាចឆ្លងរាលដាលទៅដល់គេ (ឬនាង) ឬកូន ក៏យើងត្រៀមខ្លួនជាស្រេចក្នុងការទទួលយកការព្យាបាល ដើម្បីការពារទុកជាមុនដែរ។
២. ត្រៀមខ្លួនជាស្រេចសម្រាប់ការសាងក្រុមគ្រួសារ
ជាការពិនិត្យ ដើម្បីរកមើលថា តើគូស្នេហ៍របស់អ្នកមានជំងឺឆ្លង ដែលនឹងបង្កគ្រោះថ្នាក់ ដល់ការតាំងគភ៌ឬទេ? ដើម្បីនឹងបានព្យាបាលជាមុន ព្រោះរូបអ្នកខ្លួនឯង ក៏ប្រហែលជាចង់ឃើញកូនតូច កើតមក ព្រមជាមួយសុខភាពរាងកាយ ដែលរឹងមាំ និងល្អឥតខ្ចោះបំផុតដែរ។
តើគ្រូពេទ្យនឹងពិនិត្យអ្វីខ្លះ?
នៅពេលយល់ព្រមទៅជួបគ្រូពេទ្យជាមួយគ្នាហើយ ក្រៅពីគ្រូពេទ្យ នឹងពិនិត្យរាងកាយជាទូទៅហើយ ពេទ្យអាចនឹងពិនិត្យឈាម ដើម្បីរកមើលភាពខុសប្រក្រតីណាមួយដែលអាចនឹងបង្កប់នៅក្នុងនោះ ដូចជា៖
១. ក្រុមឈាម ដើម្បីឱ្យដឹងថា ជាឈាមក្រុម A, B, AB, ឬO។
២. ភាពខាប់របស់គ្រាប់ឈាមក្រហម ដើម្បីរកមើលថា តើមានរោគលោហិតស្លេកឬទេ? បើសិនមានសភាវលោហិតស្លេក គ្រូពេទ្យនឹងធ្វើការពិនិត្យរកមើលមូលហេតុជាបន្ត។
៣. ស៊ីហ្វ៊ីលីស ឬដែលនិយមហៅថា រោគស្វាយ ជាជំងឺកាមរោគមួយប្រភេទ អាចមិនដែលមានចេញអាការអ្វីប្លែកមែន តែអាចពិនិត្យឃើញដោយការពិនិត្យឈាម។
៤. រើម ជំងឺនេះ ជួនកើត ជួនបាត់ និងមិនទាន់មានថ្នាំណាមួយ អាចព្យាបាលរោគរើម ដែលបង្កដោយមេរោគវីរុស ឱ្យជាដាច់បាននៅឡើយ។
៥. វីរុសរលាកថ្លើមB
-បើរកឃើញថា មានមេរោគរលាកថ្លើមB ក៏នឹងបានមើលថែទាំខ្លួនឯង និងការពារមិនឱ្យឆ្លងរាលដាល។
៦. មេរោគវីរុសអេដស៍ សម្រាប់ការពិនិត្យរកមេរោគអេដស៍នេះ ស្រេចលើការស្ម័គ្រចិត្តរបស់អនាគតគូស្វាមីភរិយាថា តើត្រូវការពិនិត្យឬទេ? តែអ្នកដែលដឹងខ្លួនថា ស្ថិតក្នុងក្រុមប្រឈម (ស្រ្តីមានអាជីពពិសេស ឬពួកស្រឡាញ់ភេទដូចគ្នា) ក៏គួរតែពិនិត្យទុកឱ្យហើយប្រសើរជាង នោះក៏ដោយសារតែមនុស្សគ្រប់រូបដឹងច្បាស់ហើយថា មច្ជុរាជដែលមានឈ្មោះថា “អេដស៍” នេះ វាគួរឱ្យភ័យខ្លាចប៉ុនណា ហើយការរួមភេទ រួមឈាម ជាមួយអ្នកដែលផ្ទុកមេរោគអេដស៍នេះ អ្នកមានឱកាសអាចក្លាយជា “សមាជិកថ្មី” របស់ពួកគេយ៉ាងពិតប្រាកដ។
ពេលអានចប់ហើយ សូមកុំអាលខ្លាចការរៀបការអី ព្រោះការស្គាល់ពីជំងឺ ស្គាល់ការការពារ វាប្រៀបដូចជាមានប្រព័ន្ធការពារជំងឺ ដែលធ្វើឱ្យយើងមានសុខភាពល្អដូច្នោះដែរ ទោះជាជំងឺឆ្លងតាមការមានភេទសម្ព័ន្ធប្រភេទខ្លះ នៅមិនទាន់មានថ្នាំព្យាបាលឱ្យជាដាច់ ឬមានវ៉ាក់សាំងដែលអាចការពារបាននៅឡើយក្ដី តែក៏នៅមានវិធីផ្សេង អាចជួយបានដែរ បើយើងបានដឹងមុន ដោយការពិនិត្យសុខភាពរាងកាយមុនរៀបការ។ ទាំងអស់នេះ គឺដើម្បីមិនឱ្យរោគឆ្លងរាលដាលទៅស្វាមី ឬភរិយា ឬកូនតូចក្នុងគភ៌តាមរយៈឈាមហ្នឹងឯង៕
មតិយោបល់