ភ្នំពេញៈ បុរសចំនួន២នាក់ បានលោតទឹកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ សំណាងល្អ ពុំបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិតទ្បើយ។
ករណីទី១ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី ១៨ខែធ្នូ ឆ្នាំ ២០២០ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសខាងលើ មិនត្រូវ បានស្គាល់ឈ្មោះ និងអាស័យដ្ឋាននោះទេ មានអាយុប្រមាណជាង៣០ឆ្នាំ។
តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះ មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ មិនដឹងថា គាត់មានវិបត្តិអ្វីនោះទេ។ ខណៈនោះមានប្រជានេសាទឃើញទាន់ ក៏ចេញទូកទៅសង្គ្រោះទាន់ពេលវេលា មិនបណ្តាលឱ្យមានគ្រោះថ្នាក់នោះទេ។
បន្ទាប់ពីជួយសង្គ្រោះរួចមក ក៏ប្រគល់ឱ្យសមត្ថកិច្ចដែលនៅគោលដៅ ទាក់ទងប្រពន្ធជនរងគ្រោះ មកទទួលត្រឡប់ទៅផ្ទះវិញ។
ករណីទី២ កើតហេតុកាលពីវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ចំណុចដដែល។ ជនរងគ្រោះឈ្មោះ វាសនា អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ឱ្យដឹងថា ជនរងគ្រោះទី២នេះ បានជិះម៉ូតូស្កុបពីមួយគ្រឿង មកឈប់នៅលើស្ពាន រួចក៏លោតពីលើស្ពានសម្លាប់ខ្លួនតែម្តង តែដោយសារប្រជានេសាទ នៅខាងក្រោមស្ពានឃើញទាន់ ក៏ចេញទូកទៅជួយសង្គ្រោះទាន់ពេលវេលា។
ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចគោលដៅទី៣ នៅក្បែរស្ពានហៅសាកសួរ មុននឹងប្រគល់ឱ្យសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ៕






មតិយោបល់