វិស័យឧស្សាហកម្មកាត់ដេរ គឺជាអ្នកបង្កើតប្រាក់ចំណូលធំជាងគេរបស់កម្ពុជា ដែលនៅក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០១៣ បានកើនឡើង ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា នៅក្នុងរយៈពេល ៨ខែដំបូង វិស័យឧស្សាហកម្មកាត់ដេរ បានកើនឡើង ២១ភាគរយគិតជាទឹកប្រាក់ចំនួន ៣,៦៥ពាន់លានដុល្លារអាមេរិក ដែលកាលពីឆ្នាំមុនមានត្រឹមតែ ៣,០១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃសុក្រម្សិលមិញ។
ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាភាគច្រើនគឺនាំយកទៅលក់នៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុប ដូចជា កាណាដា ជប៉ុន កូរ៉េខាងត្បួង និងចិន។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។
ឧស្សាហកម្មកាត់ដេរ បានរួមចំណែកប្រហែល ៨០ភាគរយនៃការនាំចេញសរុបរបស់ប្រទេសកម្ពុជា។
បច្ចុប្បន្ននេះ វិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជា មានរោងចក្រប្រមាណ ៥០០ និងមានកម្មករប្រមាណ ៥១០.៦០០នាក់ ដោយមានប្រាក់ឈ្នួលធប្បបរមាប្រចាំខែ ៨០ដុល្លារអាមេរិកក្នុងមួយខែ។
កាលពីឆ្នាំ ២០១២ ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីអាគ្នេហ៍មួយនេះ បាននាំចេញសម្លៀកបំពាក់គិតជាទឹកប្រាក់ចំនួន ៤,៦ពាន់លានដុល្លារអាមេរិក៕
មតិយោបល់