ធនាគារពិភពលោក បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីបូព៌ា ក្នុងឆ្នាំនេះ និងនៅឆ្នាំក្រោយ ព្រមទាំងបាននិយាយថា តំបន់នេះត្រូវតែបង្កើនកិច្ចប្រឹងប្រែងដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុឲ្យបានមុនការដំឡើងអត្រាការប្រាក់របស់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ។
ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីបូព៌ា ប្រហែលទទួលបានកំណើនសេដ្ឋកិច្ច ៧,១ភាគរយ នៅក្នុងឆ្នាំ២០១៣នេះ ហើយ៧,២ភាគរយ សម្រាប់ឆ្នាំ២០១៤ ដោយធ្លាក់ចុះពីការព្យាករ កាលពីខែមេសា ដែលថាកើនបាន ៧,៨ភាគរយ និង៧,៦ភាគរយ ។ ក្នុងនោះ ចិនប្រហេលកើនបាន៧,៥ភាគរយ នៅក្នុងឆ្នាំ២០១៣នេះ ធ្លាក់ចុះពីការព្យាករកាលពីខែមេសា ដែលថាកើនបាន៨,៣ភាគរយ ។
នៅក្នុងរបាយការណ៍ នៃការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក របស់ ធនាគារពិភពលោកបាននិយាយថា ហានិភ័យចំពោះការងើបឡើងវិញរបស់ពិភពលោកពីភាពមិនប្រាកដប្រជាជុំវិញភាពជាប់គាំងផ្នែកសារពើពន្ធនៅអាមេរិក ផលប៉ះពាល់នៃការដកចេញការជំរុញរូបិយវត្ថុពីប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ ការធ្លាក់ចុះវិនិយោគទុននៅប្រទេសចិន និងកោលាហល (ការជ្រួលជ្រើម) នៅមជ្ឈិមបូព៌ា នៅតែបន្តកើតមាន ។
សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក លោក Bert Hofman បាននិយាយថា ផលប៉ះពាល់មួយចំនួននឹងកើតចេញមកពីសេដ្ឋកិច្ចអន្តរជាតិ ហើយថាភាគច្រើនគឺជាការកាត់បន្ថយគោលនយោបាយរូបិយវត្ថុដែលមិនបានព្រមព្រៀងគ្នា ជាពិសេសនៅអាមេរិក៕
មតិយោបល់