ព័ត៌មានជាតិ

NATO គ្រោងនឹងដាក់ចេញផែនការមេថ្មីមួយ ចំពោះមុខភាពតានតឹងជាមួយរុស្ស៊ី

(ព្រុចសែល)៖ ក្រុមរដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសជាសមាជិកអង្គការ NATO គ្រោងនឹងឯកភាពគ្នាលើ «ផែនការមេមួយ» នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីទប់ទល់នឹងការវាយប្រហារជាយថាហេតុណាមួយពីសំណាក់រុស្ស៊ី នៅក្នុងបរិបទដែលភាពតានតឹងជាមួយទីក្រុងម៉ូស្គូ មិនមានភាពធូរស្រាលទាល់តែសោះ។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីការទូតអឺរ៉ុប ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថាផែនការមេខាងលើនឹងមានវិសាលភាពធំជាងផែនការការពារ តំបន់អឺរ៉ុបរបស់ NATO ដែលមាន ស្រាប់នាពេលបច្ចុប្បន្ន ហើយមានគោលដៅចម្បងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការវាយប្រហារទាំងឡាយណានៅក្នុងតំបន់បាល់ទិច និងសមុទ្រខ្មៅ ក្នុងនោះរួមមានទាំង ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ, ការវាយប្រហារព័ត៌មានវិទ្យា ឬ Hack បណ្ដាញកុំព្យូទ័រ ឬទីអវកាសជាដើម។

បើតាមក្រុមមន្ត្រីការទូតអឺរ៉ុបខាងលើដដែល, មិនមានការវាយប្រហារភ្លាមៗណាមួយអាចនឹងកើតឡើងនោះទេ ស្របពេលរុស្ស៊ីបានអះអាងថាខ្លួនគ្មានបំណង បង្កសង្រ្គាមឡើយ តែផ្ទុយទៅវិញគឺ NATO ទេដែលកំពុងបង្កអស្ថិរភាពនៅក្នុងតំបន់នាំទៅរកការផ្ទុះសង្រ្គាម៕

មតិយោបល់