នៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០១៣ តាមប្រភពព័ត៌មាន Softpedia ឲ្យដឹងថា ក្នុងរយៈប៉ុន្មានថ្ងៃកន្លងទៅនេះសួនសត្វ Fort Worth នៃរដ្ឋតិចសាសបានប្រកាសការចាប់កំណើតរបស់កូនខ្លារខិនតូចមួយក្បាលជាសាធារណៈ។
កូនខ្លាញីមួយក្បាលនេះបានកើតនៅថ្ងៃទី ១៦ កក្កដា មានទម្ងន់ប្រហែជាមួយគីឡូក្រាម ដែលកើតចេញពីមេឈ្មោះ Xochi អាយុ ៤ ឆ្នាំ ចាប់តាំងពីពេលនោះមកវាមានការរីកលូតលាស់ឥតឈប់ឈរ រហូតឥឡូវវាមានទម្ងន់ ៦,២៣ គីឡូក្រាមហើយ។ កូនខ្លានេះនៅតែទទួលបានការថែរក្សារហូតទាល់តែវាមានអាយុ៦ខែ តែទោះជាយ៉ាងណាឆ្មាំការពារនៅទីនោះរំពឹងទុកថា ក្នុងមួយសប្តាហ៍ពួកគេនឹងយកសាច់ខ្លះៗធ្វើជារបបអាហាររបស់វាម្តង។
បុគ្គលិកសួនសត្វនៅទីនោះបន្តទៀតថា ក្នុងរយៈពេលពីរទៅបីសប្តាហ៍ដំបូងវាត្រូវរស់នៅឆ្ងាយពីភ្នែកសាធារណៈជន ប៉ុន្តែពេលនេះវាត្រូវបានប្តូរមករស់នៅក្នុងសួនសត្វនៃរដ្ឋតិចសាសជាមួយនឹងមេរបស់វាវិញ ហើយពួកវាទាំងពីរហាក់ដូចជាសប្បាយរីករាយជាមួយនឹងការរស់នៅក្នុងទឹកដីថ្មីរបស់ខ្លួន៕
មតិយោបល់