ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

(មានវីដេអូ) Trailer «គំនុំខ្មោចក្រមុំទាំង៣» អង្រួនអ្នកគាំទ្រ

ភ្នំពេញៈ បន្ទាប់ពីបានបង្ហោះសកម្មភាពថតរឿងធ្វើឲ្យមានការចាប់អារម្មណ៍នាពេលមុននេះ ផលិតកម្មបដិហារ្យភាពយន្តបានសម្រេចបង្ហោះឈុតខ្លីក្នុងរឿង«គំនុំខ្មោចក្រមុំទាំង៣»ជាផ្លូវការហើយ។ ឈុតខ្លីរឿងនេះ បានក្លាយជាការអង្រួនអារម្មណ៍មហាជន ដោយសារតែរឿងនេះ មានការប្រកាសថាជារឿងដែលបានផលិតឡើងដោយក្រុមផលិតករឆ្នើមៗ ហើយក៏ត្រូវបានគេដឹងថា នាយកដ្ឋានភាពយន្តរបស់ក្រសួងវប្បធម៌សរសើរថាជាភាពយន្តមានស្ដង់ដារ។

លោកស៊ុម ភារិន ចាងហ្វាងផលិតកម្មបានអះអាងថា ខ្សែរឿង«គំនុំខ្មោចក្រមុំទាំង៣» មានការបង្ហោះឈុតខ្លី ឬTrailer ចំនួន២លើកផ្សេងគ្នា ដោយមួយជាឈុតខ្លីដែលបានបង្ហោះដោយរោងភាពយន្ត និងឈុតមួយទៀតមានរយៈពេលជាង៣នាទី ជាការបង្ហោះដោយក្រុមការងារផលិតកម្ម។ លោកថារឿងនេះនឹងប្រកាសដាក់បញ្ចាំងចាប់ពីថ្ងៃទី១៨ សីហាខាងមុខនៅគ្រប់រោងកុនទាំងអស់ក្នុងរោងទំនើបៗនៅរាជធានីភ្នំពេញ និងក្នុងខេត្តសៀមរាបព្រមគ្នា។ ដោយឡែកនៅថ្ងៃទី១៧ សីហាមុនការដាក់បញ្ចាំងមួយថ្ងៃ ផលិតកម្មក៏ធ្វើពិធីបើកសម្ពោធជាផ្លូវការ ដោយមានតារាសិល្បៈ ផលិតករ និងអ្នកគាំទ្រចូលរួម។ លោកមានជំនឿចិត្តថាការដាក់បញ្ចាំងរឿង«គំនុំខ្មោចក្រមុំទាំង៣»បើកឆាកនៅថ្ងៃទី១៨ សីហាខាងមុខ នឹងទទួលបានជោគជ័យ ជោគជ័យដោយសារតែរឿងមួយនេះគ្រាន់តែបានបង្ហោះTrailer គឺមានអ្នកចូលទស្សនារាប់សិបនាក់មិនគួរឲ្យជឿ។ លោកថាអ្នកទាក់ទងមកសុំកក់សំបុត្រជាមុនក៏មានច្រើនដែរ ទើបធ្វើឲ្យលោកទុកចិត្តចំពោះការបើកឆាករឿងនេះ។

លោកថានេះជារឿងដំបូងរបស់ផលិតកម្មបដិហារ្យ តែបើនិយាយពីស្នាដៃក្នុងការផលិតរឿងគឺទាំងលោក និងផលិតករនៅក្នុងផលិតកម្មសុទ្ធតែមានស្នាដៃរាប់មិនអស់ក្នុងការផលិតភាពយន្តកន្លងមក។ ខ្សែរឿង«គំនុំខ្មោចក្រមុំទាំង៣»លោកថាបានប្រើពេលចុះថតយូរខែជាងគេ ដោយសារតែក្រុមផលិតថតប្លង់នីមួយៗយូរ មិនឆិនឆៃ តែឃើញថាគុណភាពទទួលយកបាន។ ក្នុងនោះឈុតឆាកភ័យរន្ធត់ ភាពកំប្លុកកំប្លែង និងការអប់រំក៏បានបង្កប់ច្រើនដែរ។ អ៊ីចឹងហើយទើបខ្សែរឿងមួយនេះទទួលបានការកោតសរសើរតាំងពីដំណាក់កាលផលិតរហូតដល់ចេញTrailer ហើយក៏ល្បីថា នាយកដ្ឋានភាពយន្តប្រចាំក្រសួងសរសើរមិនដាច់ពីមាត់ក្នុងពេលយកទៅឆ្លងផងដែរ៕

https://youtu.be/bWxAw5z-WF4

photo_2016-08-10_23-11-31photo_2016-08-10_23-11-42photo_2016-08-10_23-11-47photo_2016-08-10_23-11-54photo_2016-08-10_23-11-58photo_2016-08-10_23-52-34photo_2016-08-10_23-12-07photo_2016-08-10_23-12-12photo_2016-08-10_23-12-16photo_2016-08-10_23-12-21

មតិយោបល់