ការបរិភោគអាហារដែលផ្ដល់អត្ថប្រយោជន៍ ពិសេសអាហារ ៧មុខដូចតទៅនេះ ត្រូវបានគេជឿថា អាចជួយក្នុងការបង្កើនប្រព័ន្ធការពារមេរោគ ដោយអាចការពារ និងកាត់បន្ថយអាការធ្ងន់ធ្ងររបស់រោគផ្ដាសាយបានយ៉ាងល្អ។
ចំណីអាហារដែលអ្នកគួរជ្រើសរើសបរិភោគមានដូចជា
១- ខ្ទឹមស
ជួយកាត់បន្ថយអាការផ្ដាសាយដោយយើងអាចបន្ថែមក្នុងអាហារ ឬទំពាស្រស់។ បើអាចទំពាបានមួយថ្ងៃពីរកំពឹស គឺកាន់តែល្អ។
២-ផឹកភេសជ្ជៈឲ្យច្រើន
បើអ្នកធ្លាប់តែផឹកកាហ្វេ ទឹកក្រូច ឬគ្រឿងភេសជ្ជៈដែលមានរសជាតិផ្អែម អាចធ្វើការផ្លាស់ប្ដូរមកផឹកទឹកទទេ ឬទឹកក្រូចច្របាច់ខ្លះ ដើម្បីជួយបន្ថែមវីតាមីន C។ គ្រឿងភេសជ្ជៈក្ដៅៗដូចជា តែ ទឹកក្រូចឆ្មារក្ដៅឧណ្ហៗ ក៏អាចជួយកាត់ស្លេស្មបានយ៉ាងល្អដែរ។
៣-ស៊ុបមាន់ក្ដៅៗ
ជួយកាត់បន្ថយអាការតឹងច្រមុះបានយ៉ាងល្អ។ ពេលស្ងោរទឹកស៊ុប អ្នកអាចបន្ថែមបន្លែចម្រុះឲ្យបានច្រើនមុខដើម្បីបង្កើនអុកស៊ីដកម្មជួយឲ្យរាងកាយរឹងមាំមានសុខភាពកាន់តែប្រសើរឡើង។
ស៊ុបមាន់ដែលឆ្លងកាត់ការរំងាស់យូរម៉ោងរហូតប្រូតេអ៊ីនរំលាយ អាចជួយជំរុញឲ្យប្រព័ន្ធការពារមេរោគរឹងមាំ ជួយឲ្យរាងកាយស្រស់ថ្លា។ ក្រៅពីនេះ វានៅផ្ដល់ផលល្អចំពោះរាងកាយទៀតផង។
៤- សារជាតិប្រឆាំងរ៉ាឌីកាល់សេរី
មានដូចជា បេតាឃែរ៉ូទីន (វីតាមីន A) វីតាមីនC វីតាមីនE ជួយកម្ចាត់វត្ថុកខ្វក់ ជួយកម្ចាត់មេរោគ ការពារការឆ្លងមេរោគ។
ចំពោះបន្លែ និងផ្លែឈើដែលមានសារជាតិប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់ ដូចជា ការ៉ុត បន្លែស្លឹកពណ៌បៃតងចាស់ ក្រូច ខ្ទឹមបារាំង ទំពាំងបាយជូរ និងល្ហុងទុំ ជាដើម។
៥- ផ្លែឈើពពួកក្រូច
មានវីតាមីនC ជួយកាត់បន្ថយការឆ្លងមេរោគផ្ដាសាយយ៉ាងល្អ ជាពិសេសអ្នកជក់បារី ឬនៅក្បែរអ្នកជក់បារី គួររកមកបរិភោគឲ្យបានច្រើនដើម្បីជួយកាត់បន្ថយផ្ដាសាយ។
៦- អាហារសម្បូរវីតាមីន C
អាហារដែលសម្បូរទៅដោយវីតាមីន C ដូចជា ត្របែក ម្ទេសប្លោក ស្ត្រប៊ឺរី ម្នាស់ ស្ពៃក្ដោប សុទ្ធតែជួយបង្កើនប្រព័ន្ធការពារមេរោគ។
៧-ខ្ញី
ជួយក្នុងការកាត់បន្ថយផ្ដាសាយ និងការពារផ្ដាសាយ។ ទឹកក្ដៅឧណ្ហៗរបស់ខ្ញីលាយផ្សំជាមួយៗខ្ទឹមស២ ទៅ៣កំពឹស ជួយធ្វើឲ្យប្រព័ន្ធដកដង្ហើមធ្វើការងារប្រសើរឡើង៕
មតិយោបល់