ភ្នំពេញ៖ ថ្ងៃអាទិត្យទី ២៧ ខែតុលា នេះក្រុមបាល់ទាត់ជើងខ្លាំង DKSH បានជួបជាមួយនឹងក្រុមបាល់ទាត់ជើងខ្លាំង FedEx Express ដែលធ្វើឡើងនៅលើទីលានបាល់ទាត់ ដំរីស ។
សម្រាប់ជំនួបជើងក្លិបទាំងពីរ បើកឆាកមិនទាន់បាន ១០ នាទីស្រួលបួលផង ស្រាប់តែ ខ្សែការពាររបស់ក្លិប DKSH ធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ដោយទាត់ជើងកីឡា FedEx Express ពាក់ស្លាកលេខ ១១ ដោយអាជ្ញាកណ្តាលកាត់សេចក្តី ឲ្យស៊ុតប៉េណ័លទី ចំងាយ ១១ ម៉ែត្រ ធ្វើឲ្យ FedEx Express នាំមុខ ១-០ ។ក្រោយការប្រកួត ១៥ នាទី ពោលគឺ នៅនាទី ២៥ ខ្សែប្រយុទ្ធរបស់ FedEx Express បានបំប៉ោងសំណាញ់មួយគ្រាប់ទៀត ឈ្នះក្នុងលទ្ធផលបណ្តោះអាសន្ន ២-០ សម្រាប់ការបញ្ចប់តង់ទី ១ ។
ឈានចូលតង់ទី ២ បើកឆាកបាន ៥ នាទី ទោះជា DKSH រងការគាប់សង្កត់ពី FedEx Express តែ DKSH មិនថមថយឡើយ បានបំប៉ោងសំណាញ់សងសឹកវិញ ក្នុងលទ្ធផល ២-១ ដោយកីឡាករ ពាក់ស្លាកលេខ ៨ ឈ្មោះ ឆាលី ។កៀកនឹងចប់តង់ទៅហើយ ស្រាប់តែ ខ្សែការពារ FedEx Express ចង់ក្លៀរបាល់ចេញ តែធ្វើមិនសម្រេច ដោយជ្រុលជើងទាត់បំប៉ោងសំណាញ់ខ្លួនឯង ពោលគឺបាល់អូនហ្គោល ធ្វើឲ្យ DKSH ស្មើវិញ ។ ចប់លទ្ធផល ក្លិបទាំងពីរស្មើគ្នា ក្នុងលទ្ធផលបច្ចេកទេស ២-២ ៕
មតិយោបល់