ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់យ៉ាងទាន់ហន់

សៀមរាប: នៅវេលាម៉ោង១ និង ២០នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងរថយន្ត បណ្ដាលឲ្យស្លាប់ស្រ្តីម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ សឿនស្រីមុំ ភេទស្រី អាយុ៤៦ឆ្នាំ នៅភូមិទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់)។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក សាំងយ៉ុងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AF-6476 ប្រភេទដឹកអ្នកដំណើរធុនតូច អ្នកបើកបរឈ្មោះ ឥន សុភី ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានដឹកមនុស្សម្នាក់ឈ្មោះ សឿនស្រីមុំ ភេទស្រី អាយុ៤៦ឆ្នាំ នៅភូមិទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ធ្វើដំណើរពីលិចទៅកើត មិនប្រយ័ត្ន បានបុកពីក្រោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-7022 ប្រភេទដឹកទំនិញធុនធំ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើត។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានរត់គេចខ្លួន ហើយរថយន្តទាំង២គ្រឿង រងការខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅអធិការរដ្ឋាននគរបាល ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់