ព័ត៌មានជាតិ

ភូមា​ឈប់​ឲ្យ​ទូក​នេសាទ​ថៃ​ចូល​ដែនទឹក​របស់ខ្លួន​

​ភូមា​៖​អ្នកនាំពាក្យ​របស់​សហ​ព័ន្ធ​ជលផល មី​យ៉ាន់​ម៉ា (​ភូមា​)​បាន​ឲ្យដឹង​កាល​ពី​ថ្មីៗ​នេះ​ថា ទូក​នេសាទ​របស់​ប្រជា​នេសាទ​ថៃ នឹង​មិន​អាច​ចូល​ទៅ​នេសាទ​ក្នុង​ដែនទឹក របស់​មី​យ៉ាន់​ម៉ា បាន​ទៀត​ទេ ចាប់ពី​ខែ​មីនា ឆ្នាំ ២០១៤ ក៏​ព្រោះតែ​កិច្ចព្រមព្រៀង​ត្រូវ​បញ្ចប់​។​
Miyanmar
​សារព័ត៌មាន​មី​យ៉ាន់​ម៉ា​ថា​ម បាន​ចុះផ្សាយ​ថា សេចក្តីសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង ក្រោយ​ពី​សិក្ខាសាលា​មួយ​រៀបចំ​ឡើង​នៅ​ទីក្រុង​មួយ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​សប្តាហ៍ មុន​ដោយ​ក្រសួង​បសុសត្វ និង​ជលផល​របស់ មី​យ៉ាន់​ម៉ា ស្តីពី​សិទ្ធិ​នេសាទ​របស់​ថៃ​។ សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​ក្រុម​អ្នកជំនាញ ធុរជន អ្នក​តំណាង​ស្ថាប័ន​ឧស្សាហកម្ម​មួយចំនួន និង​រៀបចំ​ឡើង​ដោយ​លោក U Khin Maung Ay រដ្ឋមន្ត្រី​ក្រសួង​បសុសត្វ និង​ជលផល មី​យ៉ាន់​ម៉ា​។​

“​យើង​បាន​ពិភាក្សាគ្នា​អំពី​សិទ្ធិ​នេសាទ​នេះ​រួច​ហើយ ហើយ​ក្រុម​អ្នកជំនាញ​បាន​ផ្តល់​ព័ត៌មាន​នេះ ដោយ​បាន​ស្នើ​សុំ​មិន​ឲ្យ​រដ្ឋាភិបាល​បន្ត​កិច្ចព្រមព្រៀង​នេះ​ទៀត​ទេ នៅ​ឆ្នាំ ២០១៤”​។ នេះ​ជា​សម្ដី​របស់​លោក U Khin Maung Ay បាន​ថ្លែង​ឲ្យដឹង​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កិច្ចព្រមព្រៀង​នា​ពេលកន្លងមក ដែល​បាន​អនុញ្ញាត​ឲ្យ​ទូក​នេសាទ​បរទេស​ចូល​មក​នេសាទ​ក្នុង​ដែន​សមុទ្រ មី​យ៉ាន់​ម៉ា គឺ​ដោយ​ផ្អែក​លើ​គំនិត​ដែល​ថា​មាន​ផល​ត្រី​លើស​ច្រើន តែ​ផល​លើស​នេះ​ឥឡូវ​លែងមានទៀតហើយ​៕​

មតិយោបល់