ព័ត៌មានជាតិ

អាល់កុលក្លែងក្លាយ (មេតាណុល) ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ រកឃើញ និងដកហូត

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រាបការក្លែងបន្លំCCF បានឲ្យដឹងថានៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ គុណភាពអាល់កុល និងអង្កេតតម្លៃលក់ម៉ាស់ នៅតាមផ្ទះលក់ទំនិញ និងឱសថស្ថាន សរុបចំនួន ៩ ទីតាំង ស្ថិតក្នុងផ្សារចម្ការគ ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

គោលបំណងនៃការចុះប្រតិបត្តិការ គឺដោយសង្កេតឃើញថា ក្នុងពេលថ្មីៗ នេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ គ្មានប្រភពផលិតច្បាស់លាស់ និងលក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផល ចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 ។

ជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញផ្ទះមួយកន្លែងដែលកំពុងចរាចរធ្វើអាជីកម្មលក់អាល់កុលក្លែងក្លាយ (មេតេណុល) សរុបចំនួន ២៤ ដប ស្មើនឹង ១២ លីត្រ។ បន្ទាប់មក មន្រ្តីសាខាក.ប.ប បានធ្វើកំណត់ហេតុ និងដកហូតអាកុលក្លែងក្លាយទាំងនោះមករក្សាទុកដើម្បីអនុវត្តនីតិវិធីបន្ត ។

ក្នុងឱកាសនោះដែរ មន្រ្ទីជំនាញបានសំណូមពរ ដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស និងអាកុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕

 

មតិយោបល់